លោក​សុខ ឥសាន​​ហៅ​ទង្វើ​​លោក​សម រង្ស៊ី ​និង​លោក​កឹម សុខា ​ថា​​«​ចំណេះ​​ជិះ​ក​ឯង​»​

ដោយ៖ ខាត់ សុធី 08-10-2017 2:37 pm 2532

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥសាន បាន​លើកឡើងថា​សារ​កម្មវិធី​នយោបាយ របស់​គណបក្សប្រឆាំង​នៅ​កម្ពុជា គ្មាន​គោលការណ៍​ច្បាស់លាស់ មិន​មានគំនិត​ខ្លួនឯង ចាំតែ​អនុវត្តតាម​ការគូសវាស និង​ចង្អុលបង្ហាញ​ពី​បរទេស ទើបបានជា មេដឹកនាំ​គណបក្សប្រឆាំង​នេះ ទទួលផល​មិនល្អ​។​

​លោក​សុខ ឥសាន និយាយថា លោក​សម រង្សី នៅ​មិន​នៅ ទៅ​ដាក់ពាក្យ​លាលែង​ពី​តំណែង និង​ពី​សមាជិក​បក្ស ដោយ​ខ្លួនឯង ដោយ​បញ្ជាក់​មូលហេតុ​ថា បញ្ហា​ផ្ទាល់ខ្លួន​។ ឯ​លោក​កឹម សុខា នៅ​មិន​នៅ បាន​លាតត្រដាង​គ្មាន​លាក់លៀម និង​ប្រកបដោយ​មោទនភាព​យ៉ាងខ្លាំង ដែល​បានទទួល​ការចាត់តាំង​របស់​បរ​ទេស​ឲ្យ​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ តាម​ផែនការ យុទ្ធសាស្ត្រ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​លោក​សុខ ឥសាន ចំអក​ថា លោក​សម រង្សី ត្រូវ​ឃ្លាត​ចេញពី​តំណែង ក៏​ដោយសារ​ខ្លួនឯង លោក​កឹម សុខា ត្រូវ​ចាប់ខ្លួន និង​ទទួល​ការ​ចោទថា​ក្បត់ជាតិ ក៏​ដោយសារ​ការ​លាតត្រដាង​ការពិត​នៃ​អំពើ​ប្រព្រឹត្ត​ល្មើសច្បាប់ និង​រំលោភ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ លោភលន់​ចង់បាន​អំណាច មិន​ប្រកួតប្រជែង​ត្រឹមត្រូវ​តាមរយៈ​ការបោះឆ្នោត​ទេ បែរជា​ធ្វើ​សកម្មភាព​តាម​ការបញ្ជា របស់​បរទេស​ទាំងស្រុង​តែម្តង ដែល​ត្រូវ​ប្រឈមមុខ​នឹង​ការកាត់ទោស​ជាប់ពន្ធនាគារ​រាប់សិប​ឆ្នាំ​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​រូបនេះ វាយតម្លៃថា ការឈាន​ដល់​ដំណាក់កាល​ដូច​បច្ចុប្បន្ននេះ មកពី​លោក​សម រង្សី និង លោក​កឹម សុខា ផ្ទាល់ គ្មាន​ការគាបសង្កត់ គំរាមកំហែង ប្ញការ​ធ្វើទុក្ខបុកម្នេ​ញ​ពីខាង​ក្រៅខ្លួន​គាត់​ទេ តែ​គឺជា​ផលវិបាក​នៃ​នយោបាយ​«​ចំណេះ​ជិះ​ក​ឯង​»​។​

​លោក​សុខ ឥសាន និយាយ​ការពារ​រដ្ឋាភិបាល លោក​ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ថា​គ្រាន់តែ​ជា​អ្នកធានា​ការអនុវត្ត លទ្ធិប្រជាធិបតេយ្យ ឲ្យ​ដំណើរការ​ទៅដោយ​រលូន និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សង្គម ស្របតាម​ស្មារតី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ និង​តាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ តែប៉ុណ្ណោះ​។​

​សហគមន៍​អន្តរជាតិ បានចាត់ទុក ចំណាត់ការ​មកលើ​គណ​បក្សប្រឆាំង ពី​សំណាក់​គណបក្សកាន់អំណាច ពេលនេះ គឺជា​ការសម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ប៉ុន្តែ​វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា របស់លោក​ឈឹម ផល​វរុណ ដែល​លោក ក៏​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ផង​នោះ បាន​ចេញមុខ​បកស្រាយ ដោយ​លើក​ជា​សំណួ​រថា​«​ហេតុអ្វី​ប្រជាធិបតេយ្យ ត្រូវ​បានបញ្ចប់ បើ​ក្រុមប្រឆាំង​មិនដែល​ទទួលស្គាល់ថា កម្ពុជា មាន​ប្រជាធិបតេយ្យ​ផង ...?! »

​វិទ្យាស្ថាន​នេះ ថា​ក្រុម​និន្នាការ​ប្រឆាំង​ទាំង​ក្នុង ទាំង​ក្រៅប្រទេស មិនដែល​ទទួលស្គាល់​ម្តងណា​ទេ នូវ​នីត្យានុកូលភាព​ប្រជាធិបតេយ្យ​នៃ​រដ្ឋាភិបាល ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា កើតចេញពី​ការបោះឆ្នោត​។​សេណារីយោ​នៃ​បដិវត្តន៍​ពណ៌​របស់​គណបក្សប្រឆាំង​ដែល​ទទួលបញ្ជា​ពី​បរទេស គឺ​ចាប់ផ្តើម​ក្រោមលេស​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត ដោយ​លាប​ពណ៌​ថា "​គ​.​ជ​.​ប​. លួច​សន្លឹកឆ្នោត​"​។ 

វិទ្យាស្ថាន​ពលរដ្ឋ​វិជ្ជា ដដែល ថា នៅ​ទីបំផុត​គម្រោង​បដិវត្តន៍​ពណ៌​នេះ ត្រូវបាន​លោក​កឹម សុខា ទម្លាយ​ការពិតជា​សាធារណៈ​ជាមួយនឹង​អំណួត​ថា​អាមេរិក​ជា​អ្នកបញ្ជា​ដែល​តម្រូវឲ្យមាន​ចំណាត់កា​រ​ផ្លូវ​ច្បាប់ព្រហ្មទណ្ឌ​ជា​បុគ្គល​ក្នុង "​បទ​ក្បត់ជាតិ​" ផង និង​ចំណាត់ការ​ផ្លូវច្បាប់​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ ប្រឈម​នឹង​ការរំលាយ​ចេញពី​បញ្ជី​នៃ​ប្រព័ន្ធ​ពហុបក្ស​នៅ​កម្ពុជា​ផង​។ 

សម្រាប់​គណបក្សប្រឆាំង និង​សហគមន៍​អន្តរជាតិ មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​អង្គការ​អន្តរជាតិ​ជាច្រើន បាន​ថ្កោលទោស​សកម្មភាព​រដ្ឋាភិបាល​កម្ពុជា​របស់លោក ហ៊ុន សែន ដែល​បាន​គំរាមកំហែង បំភិតបំភ័យ និង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង នៅមុន​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៨ ខាងមុខ គឺ​គណបក្សកាន់អំណាច​រប​ស់លោក​ហ៊ុន សែន ទៅវិញ​ទេ ដែល​កំពុង​សម្លាប់​ប្រជាធិបតេយ្យ ដោយ​ការ​ប្រែក្លាយ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ ខាងមុខ ទៅជា​ឆាកកំប្លែង​មួយ​។​

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​និយាយ​ពី​ប្រទេស​អ៊ីតាលី មក​ថា «​អ្នកណា​ចង់​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកនោះ​នឹង​រលាយ​ខ្លួនឯង​»៕

ព័ត៌មានផ្សេងទៀត