អតីត​កម្មការិនី​រោងចក្រ​ជ្រើស​ការសម្ដែង​មតិ​តាមរយៈ​បទ​ចម្រៀង​

ដោយ៖ ទ្រី សីហៈ 08-10-2017 10:49 am 628
សកម្មភាពសម្ដែងរបស់ក្រុមតន្ត្រីយុវវ័យនាំសារ។ រូបថតពីហ្វេសប៊ុក The Messenger Band Cambodia

​អតីត​កម្មការិនី​រោងចក្រ​មួយក្រុម បាន​ចងក្រង​គ្នា​ជា​ក្រុម​តន្ត្រី ផលិត​ចម្រៀង​ឆ្លុះបញ្ចាំង​ពី ការលំបាក​របស់ កម្មករ​កម្មការិនីរោងចក្រ កសិករ និង​ស្ត្រី​រកស៊ី​ផ្លូវភេទ ដើម្បី​ទាមទារឲ្យមានដំណោះស្រាយ និង​ការយកចិត្តទុកដាក់​បន្ថែម​ពី​រដ្ឋាភិបាល​។ ក្រោម​ការផ្តួចផ្តើម ដោយ​អង្គការ កម្មវិធី​ស្ត្រី​ដើម្បី​ការផ្លាស់ប្ដូរ ក្រុម​តន្ត្រី​ដែល​មាន​សមាជិក សុទ្ធសឹង​ជា​អតីត​កម្មការិនី​រោងចក្រ មានឈ្មោះ​ថា ក្រុម​តន្ត្រី​យុវវ័យ​នាំសារ បានធ្វើ​សកម្មភាព​របស់​ខ្លួន អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ​។ ក្រុម​តន្ត្រី​មួយ​នេះ បាន​ចុះ​សិក្សា ពី​រឿងរ៉ាវ​ពិត​របស់​ប្រជាពលរដ្ឋ ដែល​គ្មាន​ឱកាស​ក្នុង​ការបញ្ចេញមតិ មក​ប​បរិយាយ​តាមរយៈ​បទ​ចម្រៀង ឲ្យ​សាធារណៈជន បាន​យល់​ពី​ការលំបាក និង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។ ក្រុម​តន្ត្រី​យុវវ័យ​នាំសារ ចង់​ឲ្យ​ពលរដ្ឋ ជា​ពិសេស​ស្ត្រី មាន​ភាពក្លាហាន​ក្នុង​ការតស៊ូ​មតិ និយាយ​ចេញ​នូវ​អ្វី​ដែល​ជា​ការគាបសង្កត់ និង​ទាមទារ​សិទ្ធ​របស់​ពួកគេ​។ 

ស្ដាប់បទ​យកការណ៍​ជាសំឡេង៖​

​សំឡេង​អ្នកនាង ណ​ម សុភា​ស់​៖

នេះ​គឺជា​ការលើកឡើង​របស់​អ្នកនាង ណ​ម សុភា​ស់ វ័យ​៣៥​ឆ្នាំ ជា​សមាជិក​ក្រុម​តន្ត្រី​យុវវ័យ​នាំ​សារ​។ មុន​ក្លាយជា​អ្នកចម្រៀង​នៅក្នុង​ក្រុម​តន្ត្រី​មួយ​នេះ អ្នកនាង សុភា​ស់ ធ្លាប់ធ្វើ​ជា​កម្មការិនី​រោងចក្រ អស់​រយៈពេល​ជិត​១០​ឆ្នាំ នៅក្នុង​រាជធានី​ភ្នំពេញ​។ ស្ត្រី​មាឌ​ស្ដើង សម្បុរ​ស្រអែម​រូបនេះ ឲ្យដឹងថា រហូតមកដល់​ពេលនេះ ក្រុម​តន្ត្រី​យុវវ័យ​នាំសារ ផលិត​បទ​ចម្រៀង​បាន​ប្រមាណ​ជាង​៤០​បទ ដែល​ភាគច្រើន​នៃ​បទ​ចម្រៀង​ទាំងនោះ គឺជា​ការរៀបរាប់​ពី​ទុក្ខលំបាក របស់​ប្រជាកសិករ កម្មករ ស្ត្រី​រកស៊ី​ផ្លូវភេទ និង​ស្ត្រី​រងគ្រោះ​ដោយ​ជម្លោះ​ដីធ្លី​ជាដើម​...

សំឡេង​អ្នកនាង ណ​ម សុភា​ស់​៖

​បើទោះបីជា​ការផលិត​ប​ទ​ចម្រៀង ដែល​មាន​លក្ខណៈ ជា​ការបញ្ចេញមតិ និង​កា​រិះគន់​ភាពអវិជ្ជមាន នៅក្នុង​សង្គម បាន​ទទួល​នូវ​ការគាំទ្រ​ច្រើន ពី​សំណាក់​ប្រជាពលរដ្ឋ​ក្ដី ក្រុម​ចម្រៀង​ស្ត្រី ដែល​មាន​សមាជិក​ចំនួន​៥​រូបនេះ បាន​អះអាង​ថា​សកម្មភាព​របស់​ពួកគេ ហាក់​មិនសូវ ទទួលបាន​នូវ​ការ​ស្វា​គន៍​ពី សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នោះទេ នៅ​ពេល​ចុះ​ផ្សព្វផ្សាយ និង​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ​ម្ដងៗ​...

សំឡេង​អ្នកនាង ណ​ម សុភា​ស់​៖

​ក្រៅតែពី​ការផលិត​បទ​ចម​ម្រៀង ក្រុម​តន្ត្រី​នាំ​សារ ក៏​ធ្លាប់បាន​រៀបចំ​ការប្រគុំ​តន្ត្រី នៅតាម​បណ្ដា​ខេត្ត​ផងដែរ ដើម្បី​ផ្សព្វផ្សាយ​បទ​ចម្រៀង​លើកកម្ពស់​ការយល់ដឹង និង​ជម្រុញ​ទឹកចិត្ត ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន ហ៊ាន​សម្ដែង​មតិ និង​លើក​ឡើង​ពី​ផល​លំបាក​របស់​ពួកគាត់​។   

​អតីត​កម្មការិនី​រោងចក្រ ជា​សមាជិក​មួយ​រូប​ផ្សេងទៀត នៃ​ក្រុម​តន្ត្រី​យុវវ័យ​នាំ​សារ កញ្ញា ឡេង លក្ខិណា រៀបរាប់ថា ការបញ្ចេញមតិ​តាមរយៈ​បទ​ចម្រៀង គឺជា​មធ្យោបាយ​មួយ ក្នុង​ការទាមទារ​បែប​អហិង្សារ ដែល​ជា​សិទ្ធ​របស់​ប្រជាពលរដ្ឋ​ត្រូវបាន​ធានា​ដោយ​ច្បាប់​....

សំឡេង​កញ្ញា ឡេង លក្ខិណា​៖

នៅពេល​សួរ​ថា តើ​ការបញ្ចេញមតិ របស់​ពលរដ្ឋ​មាន​សារៈសំខាន់​យ៉ាង​ណា​ចំពោះ​សង្គម​នោះ កញ្ញា​ឡេង លក្ខិណា ឆ្លើយ​យ៉ាង​ដូច្នេះ​ថា​...

សំឡេង​កញ្ញា ឡេង លក្ខិណា​៖

នៅក្នុង​សេចក្ដីប្រកាស​ជា​សកល​ស្ដីអំពី​សិទ្ធមនុស្ស របស់​អង្គការសហប្រជាជាតិ ត្រង់​មាត្រា​១៩ បានចែង​ថា​៖ «​មនុស្ស​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​មាន​មតិ និង​ការសម្តែង​មតិ​។ សិទ្ធិ​នេះ​រាប់បញ្ចូល​ទាំង សេរីភាព​ក្នុង​ការប្រកាន់​មតិ ដោយ​គ្មាន​ការជ្រៀតជ្រែក និង​សេរីភាព​ក្នុង​ការស្វែងរក​ការទទួល និង​ការផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​នានា​ដោយ​គ្មាន​ព្រំដែន ទោះ​ក្នុង​មធ្យោបាយ​សម្ដែង​មតិ​ណាមួយ​ក៏ដោយ​»​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​តន្ត្រី​យុវវ័យ​នាំសារ គឺជា​ក្រុម​តន្ត្រី​របស់​អតីត​កម្មការិនី​រោងចក្រ ដែល​ត្រូវបាន​ផ្តួចផ្ដើម​បង្កើត​ឡើង កាលពី​អំឡុង​ឆ្នាំ​២០០៥ ដោយ​អង្គការ កម្មវិធី​ស្ត្រី​ដើម្បី​ការផ្លាស់ប្ដូរ​។ ក្រោយពេល​អង្គការ​កម្ម​វិធី​ស្ត្រី​ដើម្បី​ការផ្លាស់ប្ដូរ បញ្ចប់​បេក​សកម្ម​របស់​ខ្លួន​នៅ​កម្ពុជា នៅក្នុង​ឆ្នាំ​២០០៩ ក្រុម​តន្ត្រី​មួយ​នេះ បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ដោយ​មាន​ឈ្មោះ​ថា «​សមាគមន៍​ក្រុម​តន្ត្រី​យុវជន​នាំ​សារ​»​។ សព្វ​ថ្ងៃ​ក្រុម​តន្ត្រី​នេះ មាន​សមាជិក​ចំនួន​ចំនួន​៥​រូប ដែល​សុទ្ធសឹងតែ​ជា​អតីត​កម្មការិនី​រោងចក្រ​។ ពួកគេ​នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន ក្នុង​ការសម្ដែង​មតិ​តាមរយៈ​សិល្បៈ​ចម្រៀង​៕
សំឡេង​អ្នកនាង ណ​ម សុភា​ស់​៖

ព័ត៌មានផ្សេងទៀត