ការប៉ុនប៉ង​​រំលាយ​​បក្សប្រឆាំង​​ទទួលបាន​​ទាំង​ការគាំទ្រ​​និង​ការ​​ថ្កោលទោស​​

ដោយ៖ ខាត់ សុធី 07-10-2017 11:17 am 4292

​គណបក្ស​ចុងក្រោយ​គេ ដែល​ប្រកាស​ជា​ចំហ​គាំទ្រ​រដ្ឋាភិបាល ក្នុង​ការប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែលមាន​លោក​ញឹក ប៊ុនឆៃ ជា​អតីត​ប្រធាន​ដែល​កំពុង​ជាប់ពន្ធនាគារ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លូន កាលពី​ថ្ងៃទី​០៦ តុលា ដោយ​លើកយក​ទិដ្ឋភាព​ច្បាប់ ស្តីពី​គណបក្សនយោបាយ និង​ច្បាប់​ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ មកជា​សំអាង​។

សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បញ្ជាក់ដែរថា គណបក្ស​ជឿជាក់​លើ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ថា​ពិតជា​បាន​រាំង​ស្កាត់ នៃ​ការជ្រៀតជ្រែក ពី​សំណាក់​បរទេស​បាន​ទាន់ពេលវេលា​។​

​ក្រោយពី​គណបក្សនយោបាយ​ចំនួន​២ គឺ​គណបក្ស​យុវជន​កម្ពុជា របស់លោក​ពេជ្រ ស្រស់ និង​គណបក្ស​ចាស់វស្សា​មួយទៀត របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺ​គណបក្ស​ហ្វ៊ុន ស៊ិន ប៉ិច បាន​ដាក់សំណើជា​ផ្លូវការ​ទៅ​ក្រសួងមហាផ្ទៃ ស្នើឲ្យ​ចាត់នីតិវិធី​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ភ្លាមៗ​ក្រសួងមហាផ្ទៃ ក៏​ចាត់ការ យ៉ាង​ទាន់​ចិត្ត ដោយនៅ​ថ្ងៃទី​៦​តុលា ក្រសួង​នេះ បាន​ចាត់​មេធា​រី​របស់ខ្លួន​ដាក់​បណ្តឹង​ចូល​ទៅកាន់​តុលាការ​កំពូល ដើម្បី​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ពាក្យបណ្តឹង​នោះ ក៏បាន​ចូល​ទៅដល់​តុលាការ​កំពូល ភ្លាម​ផងដែរ​។​

​ប៉ុន្តែ​អ្នកនយោបាយ​ជើងចាស់​មួយរូប និង​ជា​អតីត មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុន ស៊ិន ប៉ិច លោក​លឺ ឡាយស្រេង បាន​រិះគន់​ចំពោះ​ក្រុម​អ្នកនយោបាយ​ខាងលើ ដែល​ក្រុមអ្នកវិភាគ ថា​ជា​កូនអុក​នយោបាយ​។ លោក​លឺ ឡាយស្រេង និយាយ​ដោយ​ខ្លី​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃនេះ លែងមាន​ច្បាប់ទម្លាប់​ទៅហើយ​។​

​ចំណែក​សហគមន៍​អន្តរជាតិ ជា​បន្តបន្ទាប់ បានប្រកាស​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការប៉ុនប៉ង​ដ៏​អាក្រក់​មើល​នេះ​។​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ប្រតិកម្ម​ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់ ដើម្បី​ប្រែក្លាយជា​ប្រទេស​ដែល​ពុំ​ឲ្យមាន​ការរិះគន់​ទាល់តែសោះ​។​

​នាយក​អង្គការ​លើកលែងទោស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក គឺ​លោក ហ្យេម ហ្គូ​ម៉េ (James Gomez) ថា កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៨ ខាងមុខ គឺ​បង្ហាញ​យ៉ាងច្បាស់​អំពី​ទង្វើ​ក្ដោប​ក្ដាប់​អំណាច​ដោយ​ឥត​លាក់លៀម​។​

​ចំណែក នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូ​មែន រ៉ៃ​ត៍ វ៉​ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូ​ប៊ឺត​សុន (Phil Robertson) ហៅ​ការប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ​ដែល​សហគមន៍​អន្តរជាតិ​មិនត្រូវ​ឱបដៃ​មើល​តទៅទៀត​ទេ​។​

​ថ្លែងប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងែទី​៦ តុលា លោក រ៉ូ​ប៊ឺត​សុន ថា ពេលនេះ ស្ថាប័នរដ្ឋ​ទាំងមូល​នៅ​កម្ពុជា រួមទាំង​ប្រព័ន្ធតុលាការ ដែលជា​ស្ថាប័ន​សម្រាប់​រក​យុត្តិធម៌​ជូន​សង្គម បាន​ក្លាយជា​ឧបករណ៍​នយោបាយ ដ៏​មុត​ស្រួច​របស់លោក​ហ៊ុន សែន​។​

​លោក​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល​ដែល​អាច​កើតមាន​ឆាប់ៗ​នេះ សហគមន៍​អន្តរជាតិ ម្ចាស់ជំនួយ​មិនត្រូវ​នៅ​ស្ងៀម​ទៀត​ទេ​។​ពួកគេ​ត្រូវតែ​ដាក់ទណ្ឌកម្ម​រដ្ឋាភិបាល​លោក​ហ៊ុន សែន អោយបាន​ធ្ងន់ធ្ងរ​។​លោក ហ្វីល រ៉ូ​ប៊ឺត​សុន បន្ថែមថា ការប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​ដូច្នេះ គឺ​គណបក្សកាន់អំណាច​រប​ស់លោក​ហ៊ុន សែន កំពុង​សម្លាប់​ប្រជាធិបតេយ្យ ដោយ​ការ​ប្រែក្លាយ​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ ខាងមុខ ទៅជា​ឆាកកំប្លែង​មួយ​។​

​ចំណែក​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លូ​ប​ល វី​នេស (Global Witness) ក៏បាន​មើល ឃើញ​នូវ​គ្រោះថ្នាក់ នៃ​ការដឹកនាំ​ប្រទេស​កម្ពុជា ទៅរក​របប​ផ្ដាច់ការ ដែល​ពិភពលោក​មិនអាច​អត់ឱន​ឲ្យបាន ជាពិសេស​ចំណាត់ការ​ចុងក្រោយ ដែល​ចង់​រំលាយ​គណបក្សប្រឆាំង​នេះ​។​

Global Witness បាន​ប្រាប់​ឲ្យ​អន្តរជាតិ ដាក់ទណ្ឌកម្ម​កម្ពុជា ដោយសារ​រដ្ឋាភិបាល​លោក​ហ៊ុន សែន កំពុង​ប៉ុនប៉ង​រម្លាយ​គណបក្សប្រឆាំង​។ មន្ត្រី​ផ្នែក​យុទ្ធនាការ របស់​អង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី អែម​ម៉ា ប៊ើ​ណែត (Emma Burnett) ឲ្យដឹងថា ក្រុមអ្នកមានអំណាច និង​មានទ្រព្យ ដែលជា​ជន​ពុករលួយ មួយ​ក្ដាប់​តូច រយៈពេល​ចុងក្រោយ​នេះ កំពុង​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​នៅ​កម្ពុជា ដើម្បី​បន្ត​ក្រាញ​អំណាច និង​រក្សា​ទ្រព្យសម្បត្តិ ដែល​ធ្វើឲ្យ​រង​ទុក្ខ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​។ លោកស្រី​ថា សហគមន៍​អន្តរជាតិ មិនអាច​ព្រងើយកន្តើយ និង ឈរ​ឱបដៃ​មើល ប្រទេស​កម្ពុជា ដែល​រអិល​ធ្លាក់​ទៅក្នុង​ជ្រោះ នៃ​របប​ផ្ដាច់ការ​បែបនេះ​បាន​នោះទេ​។ ដូច្នេះ ប្រទេស​ម្ចាស់ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ត្រូវ​បង្ហាញ​ឥទ្ធិពល ដើម្បី​ជួយ​អន្តរាគមន៍​ក្នុង​រឿងនេះ​៕

ព័ត៌មានផ្សេងទៀត