របរ​លក់​កូន​រុក្ខជាតិ​ក្នុង​ទំហំ​តូច​ល្មម​អាច​រក​ប្រាក់ចំណូល​បាន​ពី​៤០០-៥០០$​ក្នុង​មួយ​ខែ​

ដោយ៖ គង់ ឧត្តម 07-10-2017 9:40 am 1038

​ក្នុង​ទំហំ​ដី​ប្រមាណ​១០​ម៉ែត្រ​៤​ជ្រុង ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​លក់​កូន​ឈើ អ្នកស្រី ស្រី​ម៉ុច បាន​ចំណាយ​ដើមទុន​ចំនួន​ប្រមាណ​២,០០០​ដុល្លារ ។ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​រកចំណូលបាន​ប្រមាណ​១០​ម៉ឺន​រៀល ឬ​ថ្ងៃ​ខ្លះ​ក៏​មិន​បាន​សោះ​ក៏មាន គឺ​វា​អាស្រ័យ​លើ​អតិថិជន ។ អ្នកស្រី​ប្រាប់​បន្តថា ជា​មធ្យម​គាត់​អាច​រក​ចំណូល​បាន​ប្រហែល​ពី​៤០០ ទៅ​៥០០​ដុល្លារ​ក្នុង​មួយខែ ។ រៀបចំជូនដោយ៖ គង់ ឧត្តម ។​
ស្តាប់បទយកការណ៍ជា
សំឡេង៖ 

​បើសិនជា​លោក​អ្នកធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​មួយ ស្ថិត​ក្នុង​ទីតាំង​ភូមិ​ជ្រោយ​អំពិល ឃុំ​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ នោះ​លោក​អ្នកនឹង​ឃើញ​មាន​ការ​ដាក់​តាំង​លក់​ដើម​រុក្ខជាតិ ជា​ឈើ​ហូប​ផ្លែ រុក្ខជាតិ​ដាំ​លម្អ និង​ផ្កា​ជាច្រើន​ប្រភេទ នៅតាម​អម​សងខាង​ផ្លូវ ។ មនុស្សម្នា​ជាច្រើន​ដែល​ឆ្លងកាត់​ទីតាំង​នេះ តែង​និយម​ទិញ​យក​នូវ​កូន​រុក្ខជាតិ ជា​ឈើ​ហូប​ផ្លែ ឬ​រុក្ខជាតិ​លម្អ​ទៅ​ដាំ ក្នុង​សួន ក្នុង​ចម្ការ ឬ​ក្នុង​ផ្ទះ​របស់​ពួកគេ ។ ក្នុង​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​កណ្តាល ស្របពេល​ចរាចរណ៍​កំពុង​មមាញឹក​ផង​នោះ នៅ​ខាងស្តាំ​ដៃ​របស់​ខ្ញុំ ខ្ញុំ​សង្កេត​ឃើញ​ស្ត្រី​ម្នាក់​កំពុង​អង្គុយ​តែឯង​ក្នុង​សួន​កូន​ឈើ​របស់​ខ្លួន ម្តុំ​វត្ត​ចំ​ប៉ា ឬ​អាច​ថា​ទីតាំង​ប្រកប​អាជីវកម្ម​របស់​គាត់​ជិត​ដល់​វត្ត​ចំ​ប៉ា ដែល​មាន​ទំហំ​តូច​ល្មម ។ នៅ​ទីនោះ យើង​ឃើញ​មានការ​ដាក់តាំង​លក់​ដើម​រុក្ខជាតិ​ច្រើន​ប្រភេទ ពិសេស​ឈើ​ហូប​ផ្លែ ដំណាំ​លម្អ​សួន គ្រឿង​សម្ភារៈ​ដាំ​ដុះ ដី​លាយ​ជីកំប៉ុស្ត​ដែល​ច្រក​ការ៉ុង​ស៊ីម៉ង៍គ​រ​លើគ្នា និង​មាន​ព្យួរ​លាមក​ប្រចៀវ ដែល​ជា​ជី​មួយ​ប្រភេទ​ប្រើប្រាស់​ដើម្បី​បន្ថែម​ជីវជាតិ​បំប៉ន​ដល់​រុក្ខជាតិ​ទៀតផង ។​

​កំពុង​អង្គុយ​ស្តាប់​ចម្រៀង​តាម​វិទ្យុ​ដោយ​ទូរស័ព្ទ Nokia ចុច​ពិល​ពណ៌​ក្រហម​ក្រោមឆ័​ត្រធំ​មួយ អម​ជាមួយ​នឹង​ម្លប់​ដើមឈើ​ដ៏​ត្រជាក់​ផង​ដែរ​នោះ ស្ត្រី​អាជីវករ​ដែល​ប្រកប​របរ​លក់​កូន​រុក្ខជាតិ​មួយ​រូប​នោះ​កំពុង​ផ្តោត​មើល​លើ​ភ្ញៀវ​ដែល​បាន​ជិះ​កាត់​ដើររក​ទិញ​កូន​រុក្ខជាតិ​ដែល​ខ្លួន​ចង់បាន ។ គាត់​ឈ្មោះ ទូច ស្រី​ម៉ុច ។ អ្នកស្រី ស្រី​ម៉ុច បាន​ប្រកបរ​បរជា​អ្នក​លក់​កូន​រុក្ខជាតិ រយៈ​១០​ឆ្នាំ​ជាង​មក​ហើយ​ដោយ​ពុំ​មាន​បំណង​ចង់​ផ្លាស់​ប្តូរ​មុខរបរ​ផ្សេង​ឡើយ ។ ក្នុង​សំលៀកបំពាក់​អាវ​ឆ្នូត​ក្រឡា​ធំ​ពណ៌​ក្រហម ពាក់មួក​ក្រណាត់​ពណ៌​ក្រហម ដោយ​ស្ពាយ​កាបូប​ពី​មុខ​មួយ​ផង​នោះ​គាត់​បាន​និយាយ​រៀបរាប់​ប្រាប់​ខ្ញុំ​ថា ដើមឡើយ គាត់​បាន​ចំណាយ​ដើមទុន​ប្រមាណ​២,០០០​ដុល្លារ ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​នេះ ។​អ្នកស្រី​បាន​ជួល​ដី​ជាប់​ថ្នល់​ផ្លូវជាតិ​លេខ​មួយ​ដែល​មាន​ទំហំ​ប្រមាណ​១០​ម៉ែត្រ​៤​ជ្រុង​ដើម្បី​ប្រកប​អាជីវកម្ម ក្នុង​ចំនួន​ទឹកប្រាក់​១០០​ដុល្លារ​ជាង​ក្នុង​មួយ​ខែ កាល​ពី​បើក​ដំបូង ។ គាត់​ប្រាប់​បន្តថា ម៉ូយ​អ្នកផ្គត់ផ្គង់​កូនឈើ អ្នកស្រី​តែង​ឡើង​ទៅ​យក​នៅ​ក្រុង​តាខ្មៅ ពី​ប្រទេស​វៀតណាម និង​ថៃ​…
​សំឡេង​អ្នកស្រី ទូច ស្រី​ម៉ុច ៖

​គាត់​ប្រាប់​ខ្ញុំ​ថា ជា​ទូទៅ​ពី​១​ខែ​ទៅ​២​ខែម្តង គាត់​បាន​ឡើង​ទៅ​រក​ទិញ​កូន​រុក្ខជាតិ​ពី​ក្រុង​តាខ្មៅ ពី​វៀតណាម ឬ​ថៃ ដែល​ចំណាយ​ប្រាក់​អស់​ប្រមាណ ២០០​ទៅ​៣០០​ដុល្លារ​ក្នុង​មួយ​លើក ដែល​អាស្រ័យ​លើ​ប្រភេទ​កូន​រុក្ខជាតិ បើ​រុក្ខជាតិ​ណា​ថ្លៃ​គឺ​ត្រូវ​ចំណាយ​ច្រើន បើ​កូន​រុក្ខជាតិ​ណា​ថោក ក៏​ចំណាយ​តាម​ហ្នឹង​ដែរ ។ ក្រៅពី​ឡើងទៅ​ទិញ​កូន​រុក្ខជាតិ​ពី​ម៉ូយ​របស់គាត់ គាត់​ក៏​មាន​បណ្តុះ​កូន​ឈើ​ដោយ​ខ្លួនឯង​ដែរ តែ​ក្នុង​បរិមាណ​តិច​ប៉ុណ្ណោះ ក៏​ព្រោះ​ពុំ​មាន​អ្នក​ជួយ​លក់ ឬ​បណ្តុះ​ឱ្យ ។​

​ក្នុង​ទឹកមុខ​ញញឹម​ចេញ​ធ្មេញ​បន្តិច ស្ត្រី​សម្បុរ​ស្រ​អែម វ័យ​៥០​ជាង​ឆ្នាំ​រូប​នេះ​ប្រាប់​ខ្ញុំ​ថា ជាទូទៅ ក្នុង​មួយ​ថ្ងៃ​គាត់​អាច​រកចំណូលបាន​ពី​ការលក់​កូនឈើ​ប្រមាណ​១០​ម៉ឺន​រៀល ឬ​២-៣​ពាន់​រៀល​ក៏មាន ឬ​ថ្ងៃ​ខ្លះ​មិន​បាន​ចំណូល​សោះ​ក៏មាន វា​អាស្រ័យ​លើ​អតិថិជន​ប៉ុណ្ណោះ​…
​សំឡេង​អ្នកស្រី ទូច ស្រី​ម៉ុច ៖

​សព្វថ្ងៃ ដោយសារ​អាជីវកម្មរ​បស់​គាត់​រីកចម្រើន បងស្រី​របស់​អ្នកស្រី​ក៏បាន​ប្រកប​របរ​លក់​កូន​ឈើ​ជាមួយ​គាត់​ដែរ តែ​បងស្រី​អ្នកស្រី​បើក​អាជីវកម្ម​ធំ​ជាង​គាត់ ដោយ​ដាក់​តាំង​លក់​ដើមឈើ​ធំៗ​តែម្តង ។ បងស្រី​របស់​អ្នកស្រី ស្រី​ម៉ុច បាន​ជួល​ដី​ក្បែរ​ទីតាំង​របស់​អ្នកស្រី​ក្នុង​ទំហំ​ក្បាលដី​ប្រវែង​៦០​ម៉ែត្រ និង​លយ​ទៅ​ក្រោយ​ក្នុង​ប្រវែង​វែង​ល្មម​អាចដាក់ និង​ធ្វើ​អាជីវកម្ម​នេះ​ដោយ​ទូលាយ ។ ទាំង​អ្នកស្រី​និង​បងស្រី​បាន​ចំណាយ​ជួល​ដី​រួមគ្នា​ក្នុង​មួយឆ្នាំ​១,០០០​ដុល្លារ ។​

​នៅ​ពេល​ខ្ញុំ​សួរ​អំពី​ចំណូល​ដែល​គាត់​ទទួលបាន​ពី​អាជីវកម្ម​លក់​កូន​ឈើ​នេះ អ្នកស្រី​ទូច ស្រី​ម៉ុច បាន​សើច​កក្អឹក​ហើយ​ប្រាប់​ខ្ញុំ​ថា ជា​មធ្យម​បើ​ប៉ាន់​ប្រមាណ​ទៅ គាត់​អាច​រកចំណូលបាន​ប្រហែល​ពី​៤០០​ដុល្លារ​ទៅ​៥០០​ដុល្លារ​ក្នុង​មួយខែ ។ គាត់​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា ចំណូល​ដែល​ទទួលបាន​ពី​អាជីវកម្ម​លក់​កូន​ឈើ​នេះ គឺ​វា​ក៏​អាស្រ័យ​លើ​រដូវ​ដែរ ។ ក្នុង​រដូវ​មាន​ភ្លៀង តំបន់​ខ្លះ​អាច​មាន​រហូត​ដល់​ជំនន់​ទឹកភ្លៀង​ទៅទៀត​នោះ ជាហេតុ​ធ្វើឱ្យ​ពុំ​សូវ​មាន​អ្នក​មក​រក​ទិញ​កូនឈើ​ឡើយ ដូច្នេះ​ចំណូល​ក៏​ខ្សត់​ទៅតាម​នោះដែរ ៕
 

ព័ត៌មានផ្សេងទៀត