វត្ថុ​ទាំង​៥​នេះ​​អ្នក​មិនគួរ​​ទុក​ក្នុង​​កាបូបដៃ​ទេ​

ដោយ៖ ពេញ ផេង 07-10-2017 9:00 am 973

១ ប័ណ្ណ​សន្ដិសុខ​សង្គម​

​ប្រសិនបើ​អ្នកមាន​ប័ណ្ណ​នេះ មិនគួរ​ទុក​ក្នុង​កាបូបដៃ​ឡើយ​។​លេខ​សន្ដិសុខ​សង្គម​របស់​អ្នក​គឺជា​ព័ត៌មាន​ដ៏​សំខាន់បំផុត​សម្រាប់​ចោរលួច​អត្ដ​សញ្ញាណ ហើយ​ការខូចខាត​ដែល​កើតឡើង​ពី​ការ​លួច​អត្ដ​សញ្ញាណ អាច​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​អ្នក​ផងដែរ​។​ប្រសិនបើ​មាន​នរណាម្នាក់​ទទួលបាន​លេខ​សម្គាល់រ​បស់​អ្នក គេ​អាច​ប្រើប្រាស់​ដើម្បី​ដាក់​ពាក្យសុំ​ឥណទាន​នៅក្នុង​ឈ្មោះ​របស់​អ្នក​បាន​។​

២ សំបុត្រកំណើត​ឬ​លិខិតឆ្លងដែន

​នៅពេល​អ្នកចេញ​ក្រៅ ជា​ការល្អ​បំផុត​ដែល​ត្រូវ​ទុក​សំបុត្រកំណើត​ឬ​លិខិតឆ្លងដែន​របស់​អ្នក​នៅ​ក្នុងផ្ទះ​។​ដូចជា​ប័ណ្ណ​សន្ដិសុខ​សង្គម​ដែរ របស់​ទាំងនេះ​មាន​ព័ត៌មាន​សំខាន់ៗ ដែល​អាច​កំណត់​អត្ដ​សញ្ញាណ​ជា​លក្ខណៈ​បុគ្គល​បាន ហើយ​ការបាត់បង់​នឹង​ធ្វើឲ្យមាន​ភាពងាយស្រួ​ល​ដល់​ក្រុម​ចោរលួច​អត្ដ​សញ្ញាណ​របស់​អ្នក​ទៅ​ប្រើប្រាស់​។​

៣ ប័ណ្ណឥណទាន​

​ការស្ទង់មតិ​ឆ្នាំ​២០១៥​ធ្វើឡើង​ដោយ​Experian's ProtectMyID​បាន​រកឃើញថា អតិថិជន​៤៧​ភាគរយ​មិនបាន​យក​ប័ណ្ណឥណទាន​សំខាន់ៗ​របស់គេ​ចេញពី​កាបូបដៃ​ឡើយ​មុនពេល​ធ្វើដំណើរ​។​ការដាក់​ប័ណ្ណឥណទាន​ច្រើន​នៅក្នុង​កាបូបដៃ មិន​ត្រឹមតែ​ជួប​ហានិភ័យ​ខ្ពស់​ទេ ប៉ុន្ដែ​អ្នកនឹង​ត្រូវ​រវល់​ខ្លាំង​នៅពេល​អ្នក​បាត់បង់​វា​។​ឧទាហរណ៍​អ្នកមាន​ប័ណ្ណឥណទាន​៨ នៅពេល​អ្នក​បាត់​វា អ្នក​ត្រូវ​ចំណាយពេល​ទៅ​ក្រុមហ៊ុន​ចំនួន​៨​ដែរ ដើម្បី​បើក​ប័ណ្ណឥណទាន​ជាថ្មី​។​

៤ លេខ​កូដ​ឬ​ពាក្យ​សម្ងាត់

មនុស្ស​មួយចំនួន​បាន​សរសេរ​លេខ​កូដ​ឬ​ពាក្យ​សម្ងាត់​នៃ​ប័ណ្ណឥណទាន​របស់គេ​ដាក់​ក្នុង​កាបូប ព្រោះ​ការពារ​ក្រែងលោ​ភ្លេច​។​ប៉ុន្ដែ​ធ្វើបែបនេះ​គ្មាន​សុវត្ថិភាព​ឡើយ គួរតែ​រក្សាទុក​វា​នៅផ្ទះ​ឬ​កន្លែង​មាន​សុវត្ថិភាព​។​ប្រសិនបើ​មាន​នរណាម្នាក់​អាច​យក​លេខ​សម្ងាត់​គណនី​ធនាគារ​របស់​អ្នក​បាន ពួកគេ​អាច​លួច​ប្រាក់​ពី​គណនី​នោះ​ដោយ​ប្រើ​ឈ្មោះ​របស់​អ្នក​។​

៥ មូលប្បទានប័ត្រ​

​ប្រសិនបើ​អ្នក​ចូលចិត្ដ​ប្រើ​មូល​ប្បទានប័ត្រ​សម្រាប់ដក​ប្រាក់ សូម​ចៀសវាង​កុំ​យក​សៀវភៅ​មូលប្បទានប័ត្រ​ទាំងអស់​ដាក់​ក្នុង​កាបូប​។​បើ​មិន​ដូច្នេះ​ទេវា​ពិតជា​ងាយស្រួល​សម្រាប់​ចោរ​អាច​ចូល​លួច​លុយ​របស់​អ្នក ក្នុងករណី​ដែល​កាបូប​របស់​អ្នក​ត្រូវបាន​គេ​លួច​៕

ព័ត៌មានផ្សេងទៀត