តោះ​!​​មក​ដឹង​ពី​​តំបន់​អាថ៌កំបាំង​​៩​កន្លែង​​នៅលើ​ផែនដី​

ដោយ៖ ពេញ ផេង 07-10-2017 8:39 am 1684
ទឹកជ្រោះ​ក្រោម​ទឹក​នៅ​ម៉ូ​រី​ស​

​អ្នក​ចូលចិត្ដ​ធ្វើដំណើរ​ពិតជា​បានដឹង​យ៉ាងច្បាស់​នូវ​តំបន់​ទេសចរណ៍​សំខាន់ៗ ដែល​ភ្នាក់ងារ​ទេសចរណ៍​បាន​ណែនាំ​។​ពួកគេ​ក៏​ចង់​ធ្វើដំណើរ​ទៅ​ទស្សនា​នៅ​ទីនោះ​ដោយផ្ទាល់​ភ្នែក​ផងដែរ​។​ប៉ុន្ដែ​នៅមាន​តំបន់​មួយចំនួន​លើ​ភពផែនដី​យើង​នេះ ដែល​ជាទី​អាថ៌កំបាំង​មិនត្រូវ​បានប្រកាស​ជា​សាធារណៈ​។​តើ​អ្នក​ពិតជា​ចង់ឃើញ​តំបន់​ទាំងនោះ​?

១ The Kofuns​នៅក្នុង​ប្រទេស​ជប៉ុន​

​កោះ​សិប្បនិម្មិត​ទាំងនេះ​គឺជា​កន្លែង​បញ្ចុះសព​នៃ​សមាជិក​ក្រុមគ្រួសារ​អធិរាជ​ជប៉ុន​។​ក្នុងករណី​ដ៏​កម្រ​បំផុត​ដែល​តំបន់​នេះ​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចូលទ​ស្សនា ហើយ​មានតែ​អ្នក​បុរាណ​វិទូ​ប៉ុណ្ណោះ​។​ពួកគេ​អាច​ចូល​ទៅបាន​លុះត្រាតែ​មាន​ការអនុញ្ញាត​ពី​តុលាការ​អធិរាជ​។​

២ កោះ​North Sentinel​នៅក្នុង​ប្រទេស​ឥណ្ឌា​

ជនជាតិដើម​ភាគតិច​ដែល​រស់នៅ​លើ​កោះ​នេះ នឹង​បញ្ឈប់​គ្រប់យ៉ាង​ដើម្បី​ការពារ​ដែនដី​របស់គេ​ពី​មនុស្ស​នៅ​ខាងក្រៅ​។​ដូច្នេះ​ដើម្បី​សុវត្ថិភាព​អ្នកទេសចរ អាជ្ញាធរ​ឥណ្ឌា​បាន​ហាមឃាត់​មិនឲ្យ​នរណាម្នាក់​ទៅជិត​ទីតាំង​នោះឡើយ​។​

៣ តំបន់​៥១​នៅ​អាមេរិក​

​វត្ដ​មាននៃ​តំបន់​សម្ងាត់​មួយ​នេះ ទើបតែ​ត្រូវបាន​ប្រកាស​ដោយ​រដ្ឋាភិបាល​អាមេរិក​ក្នុង​ឆ្នាំ​២០១៣​។​យោងតាម​ឯកសារ​ដែល​បានប្រកាស តំបន់​៥១(Area 51)​ជា​មួលដ្ឋាន​ទ័ពអាកាស​អាមេរិក ដែល​យន្ដហោះ​ជំនាន់​ថ្មី​កំពុង​ត្រូវបាន​អភិវឌ្ឍ​និង​សាកល្បង​។​

៤ ទីសក្ការៈ​Ise Grand​នៅ​ជប៉ុន​

​ដែនដី​នៃ​ទី​សក្ការបូជា​ដ៏​ពិសិដ្ឋ​បំផុត​របស់​ប្រទេស​ជប៉ុន​មួយ​នេះ អាច​ចូល​បានតែ​បូជា​ចារ្យ និង​សមាជិក​នៃ​គ្រួសារ​អធិរាជ​។​មនុស្ស​គ្រប់រូប​បានត្រឹមតែ​ឃើញ​ដំបូល​និង​សរសើរ​ពី​ខាងក្រៅ​របង​ជាច្រើន​ជួរ​ប៉ុណ្ណោះ​។​

៥ ទីក្រុង​ខ្មោច Varosha​នៅ​Cyprus

​រមណីយដ្ឋាន​នេះដែរ​នៅជាប់​នឹង​ទីក្រុង Famagusta ធ្លាប់ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​របស់​ស៊ី​ព្រុស​(Cyprus) ប៉ុន្ដែ​អ្វី​គ្រប់យ៉ាង​បាន​ផ្លាស់ប្ដូរ​នៅក្នុង​ខែកក្កដា​ឆ្នាំ​១៩៧៤ បន្ទាប់ពី​មាន​ការជម្លៀស​ដ៏​ធំ​មួយ​។​ទីក្រុង​ដែល​គ្មាន​មនុស្ស​រស់នៅ​មួយ​នេះ ត្រូវបាន​កាន់កាប់​ដោយ​ការ​លុកលុយ​ពី​កងទ័ព​តួ​ក​គី​។​ចាប់តាំងពី​ពេល​នោះមក​Varosha​នៅតែ​បិទទ្វារ ជា​ផ្នែក​មួយ​នៃ​តំបន់ទ្រនាប់​ល្បាត​ដោយ​កងទ័ព​តួ​ក​គី​។​

៦ កោះ​Sable​នៅ​កាណាដា​

ស្ថិតនៅក្នុង​មហាសមុទ្រ​អា​ត្លង់​ទិក កោះ​ដីខ្សាច់​មួយ​នេះ​មាន​ប្រជាជន​រស់នៅ​តិចជាង​៣០​នាក់ ហើយ​តាមពិត​ទីនោះ​ជា​កន្លែង​ខ្មោច​កប៉ាល់​លិច​។​ដោយសារតែ​លក្ខណៈពិសេស​របស់​វា​តែមួយគត់ Sable​ត្រូវបាន​ប្រកាស​ទុកជា​តំបន់​ធម្មជាតិ​។​ដើម្បី​ទៅ​ទស្សនា​បាន អ្នក​ត្រូវ​សរសេរ​លិខិត​ទៅ​រដ្ឋាភិបាល​កាណាដា ពន្យល់​ពី​ភាពចាំបាច់​នៃ​ការធ្វើដំណើរ​ទៅ​ទីនោះ​។​

៧ ស្ថានីយ​រ៉ា​ដា​"Don-2N"​នៅ​រុស្ស៊ី​

​សាជី​ជ្រុង​នេះ​មាន​កម្ពស់​១៣១​ហ្វីត និង​ទទឹង​៤៥៩​ហ្វីត​។​វា​គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ក្នុង​ទីក្រុង​ម៉ូស្គូ​។​ក្នុងករណី​កម្រ​ណាស់​ដែល​មជ្ឈមណ្ឌល​នេះ​អាច​អនុញ្ញាតឲ្យ​អ្នកកាសែត​ធ្វើ​ទស្សនកិច្ច​។​ប៉ុន្ដែ​ត្រូវ​ចាំ​ថា​គេ​អាច​បង្ហាញ​ឲ្យដឹង​តែ​ផ្នែក​មួយតូច​ប៉ុណ្ណោះ នៃ​អ្វីដែល​មាននៅ​ខាងក្នុង​។​

៨ ភ្នំ​Rushmore​រាជធានី​នៃ​កំណត់ត្រា​នៅ​អាមេរិក​

​បន្ថែម​ទៅលើ​ការយកចិត្ដទុកដាក់​បំផុត​របស់​ប្រធានាធិបតី​អាមេរិក ភ្នំ Rushmore​មាន​លក្ខណៈពិសេស​មួយ​ទៀត​ដែល​គួរឲ្យ​ចាប់អារម្មណ៍ នោះ​គឺ​បន្ទប់សម្ងាត់​ដែល​ឆ្លាក់​ចេញពី​ថ្ម​។​បន្ទប់​នេះ​គឺជា​កន្សោម​ពេលវេលា ផ្ទុក​ទៅដោយ​ឯកសារ​ថតចម្លង​នៃ​ឯកសារ​ប្រវត្ដិសាស្ដ្រដ៏​សំខាន់បំផុ​តរបស់​អាមេរិក​។​ច្រកទ្វារ​ចូល​បន្ទប់​នេះ ត្រូវបាន​រារាំង​ដោយ​ទ្វារ​ដែក​ក្រា​នី​ត ដែល​បំពាក់​ដោយ​សោរ​ពិសេស​។​

៩ ទឹកជ្រោះ​ក្រោម​ទឹក​នៅ​ម៉ូ​រី​ស​

​កោះ​ម៉ូ​រី​ស​ស្ថិតនៅ​មហាសមុទ្រ​ឥណ្ឌា ហាក់ដូចជា​មាន​ទីតាំង​នៅក្បែរ​ទឹកជ្រោះ​ក្រោម​ទឹក មើលទៅ​គួរឲ្យ​ចាប់អារម្មណ៍​។​តែ​បាតុភូត​ដ៏​ស្រស់ស្អាត​នេះ គ្រាន់​ជាការ​បំភាន់​ផ្នែក​ប៉ុណ្ណោះ​។ វា​អាច​បង្កើតជា​រូបភាព​ទឹកជ្រោះ​បាន ដោយសារ​ការបង្ហូរ​ពី​ដីល្បាប់​និង​ដីខ្សាច់​៕

 


ព័ត៌មានផ្សេងទៀត