ពិត​ទេ​បើ​គណបក្សប្រឆាំង​ត្រូវ​រំលាយ ស្ថាប័ន​សភា​ទាំងមូល​ក៏​រលាយ​?

ដោយ៖ សៅ វិសាល 06-10-2017 6:17 pm 9411

​នៅ​ទីបំផុត ក្រសួងមហាផ្ទៃ បាន​សម្រេច​ដាក់​ពាក្យបណ្តឹង ទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ពី​សង្វៀន​នយោបាយ តាម​សំណើរ​របស់​គណបក្ស​ចំនួន​២ នៅ​ថ្ងៃ​ទី​០៦ តុលា​នេះ​។​

​លោក​គី តិច មេធាវី​មួយរូប ក្នុងចំណោម​មេធាវី​ទាំង​៥​រូប ដែល​ត្រូវបាន​ចាត់​តំណាង​ដោយ​អាណត្តិ របស់​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​ថា ពាក្យបណ្តឹង​នេះ គឺ​ផ្អែក​លើ​ភស្តុតាង​គ្រប់គ្រាន់ ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​នឹង​កំពុង​អនុវត្ត​ផែនការ ដោយ​ឃុបឃិត​គ្នា ជាសម្ងាត់​ជាមួយ​បរទេស ក្នុង​ការផ្តួលរំលំ​រដ្ឋ​អំណាច​ស្រប​ច្បាប់​នៅ​កម្ពុជា ក្រោម​ទម្រង់​នៃ​បដិវត្តន៍​ពណ៌ ដូច​គំរូ​នៅ​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែរ​ប៊ី ក៏​ដូចជា​បណ្តា​ប្រទេស​មួយចំនួន នៅ​មជ្ឈិមបូព៌ា​។

​លោក​មេធាវី គី តិច បន្តថា ក្នុង​ការប្តឹង​នេះ ផ្អែក​ទៅលើ​មាត្រា​ចំនួន​២ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ គឺ​មាត្រា​៦​ថ្មី​(​ពីរ​) និង​មាត្រា​៧​។​

សំឡេង

​ចំណុច​ខ្លះៗ នៃ​មាត្រា​៦​ថ្មី​(​ពីរ​) ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ចែងថា គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ធ្វើ​សកម្មភាព​ណាមួយ ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​នៃ​រដ្ឋ គាំទ្រ ឬ​រៀបចំ​ផែនការ ឬ​ឃុបឃិត​ជាមួយ​រាល់​បុគ្គល ដែល​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ប្រឆាំង នឹង​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​រីឯ​មាត្រា​៧ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ចែង​ថា គ្រប់​គណបក្ស​នយោបាយ មិន​ត្រូវ​ស្ថិត​នៅក្រោម​ចំណុះ ឬ​បង្គាប់បញ្ជា​របស់​គណបក្ស​នយោបាយ​បរទេស ឬ​របស់​រដ្ឋាភិបាល​ប​រទេស​។​
​បើ​តាម​សេចក្តី​សង្ខេប​ពាក្យបណ្តឹង បានបញ្ជាក់​ថា អំពើ និង​សកម្មភាព របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ទង្វើ​បំពាន​មាត្រា​៦​ថ្មី​(​ពីរ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រង់​ចំណុច​ទី​២, ៣, ៥ និង​៨​។ ដោយឡែក មាត្រា ៤៤ ថ្មី​(​ពីរ​)​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បានចែង​ថា ដោយ​មិន​ទាន់​គិតដល់ ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត គណបក្សនយោបាយ ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​មាត្រា​៦​ថ្មី​(​ពីរ​) នៃ​ច្បាប់​នេះ និង​មាត្រា​៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ តុលាកា​អាច​សម្រេច​ដូចខាងក្រោម​

 -​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​មិន​លើស​ពី​៥​ឆ្នាំ​។​

 -​រំលាយ​គណបក្សនយោបាយ​នោះ​។​

​ដោយសារ​អំពើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ ជា​អំពើ​ល្មើស​ច្បាប់​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​អាច​ប៉ះពាល់​ដល់​សន្តិភាព សន្តិសុខ និង​ឯករាជ្យ​របស់​កម្ពុជា មេធាវី​ទាំង​៥​រូប បាន​សំណូមពរ ដល់​តុលាការ​កំពូល​៖

​ទី​១. សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម​បញ្ញត្តិ​មាត្រា ៤៤​ថ្មី​(​ពីរ​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​

​ទី​២. ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តាម​បញ្ញត្តិ​មាត្រា​៤៥​ថ្មី កថាខណ្ឌ​ទី​៣ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​

​ជុំវិញ​ការប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ធ្លាប់​មាន​ការលើកឡើង ពី​អ្នកច្បាប់ និង​អ្នកវិភាគ​នយោបាយ​មួយចំនួន​ថា គ្មាន​ច្បាប់​ណាមួយ អាចរំលាយ​គណបក្សប្រឆាំង​បានទេ ដោយសារ​រដ្ឋធម្មនុញ្ញ​បានចែង អំពី​អាណត្តិ​សភា​មាន​រយៈពេល​៥​ឆ្នាំ បើសិនជា តុលាការ​រំលាយ​គណបក្ស​ប្រឆាំង​ចោល​មែន គឺ​ស្ថាប័ន​សភា​ទាំងមូល​ក៏​រលាយ ហើយ​រដ្ឋាភិបាល​នឹង​ក្លាយទៅជា​រដ្ឋាភិបាល​មិន​ស្របច្បាប់​។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​អះអាង​ថា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ រដ្ឋសភា​គឺ​មាន​នីតិវិធី​ក្នុង​ការបែងចែក​អាសនៈ របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​នេះ ទៅ​គណបក្ស​ដទៃ​ផ្សេងទៀត ហើយ​រដ្ឋាភិបាល​នៅ​តែ​ជា​រដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។​

សំឡេង​

​យ៉ាងណា​ក្តី​មក​ដល់ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​មាន​ប្រតិកម្ម​ឆ្លើយតប​អ្វី​ទេ  និង​ថា​មិន​ចាប់​អារម្មណ៍​លើ​រឿង​នេះ​ឡើយ ខណៈ​ដែល លោក​សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់បាន​និយាយ​ថា យោងតាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា លោក​កឹម សុខា នៅ​មិនទាន់​មាន​ទោស​នៅឡើយ​។ លោក​នៅតែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​។​

​ជុំវិញ​បញ្ហា​នេះ ក៏​មាន​ការលើកឡើង​ផងដែរ​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​ខុស​ច្បាប់​ដោយ​របៀប​ណា ខណៈ​ដែល​លោក​កឹម សុខា នៅ​មិនទាន់​ត្រូវបាន​តុលាការ​កាត់ទោស​នៅឡើយ​នោះ​?
​ជា​ការឆ្លើយតប​គឺ​ការ​ដាក់ពាក្យ​ប្តឹង រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅពេលនេះ គឺជា​សំណុំរឿង​ដាច់ដោយឡែក​ពីគ្នា នឹង​ករណី​លោក​កឹម សុខា​។ នេះ​ជា​ការអះអាង​ពី​លោក​មេធាវី​គី តិច​។ លោក​មេធាវី បាន​បកស្រាយ​ថា​...៖

សំឡេង​

សូមបញ្ជាក់​ថា ការសម្រេច​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពី​សំណាក់​ក្រសួង​មហាផ្ទៃ​នេះ ធ្វើឡើង​បន្ទាប់​ពី ក្រុម​មេធាវី បាន​រកឃើញ​ភស្តុតាង​ជាច្រើន តាម​សម្តី​ផ្ទាល់ខ្លួន​របស់​លោក​កឹម សុខា នៅ​ក្នុង​វីដេអូ​ឃ្លីប ក្នុងឋានៈ​ថ្នាក់ដឹកនាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​សក្ខីកម្ម​ដ៏​ច្បាស់លាស់ មិន​អាច​ប្រកែក​បាន អំពី​ផែនការ​ឃុបឃិត​គ្នា ជាសម្ងាត់​ជាមួយ​បរទេស ក្នុង​ការផ្តួលរំលំ​រដ្ឋ​អំណាច​ស្រប​ច្បាប់​នៅ​កម្ពុជា ក្រោម​ទម្រង់​បដិវត្តន៍​ពណ៌ ដែល​បាន​នឹង​កំពុង​អនុវត្ត ដោយ​គណបក្ស​សង្គ្រោះ​ជាតិ រួម​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​បរទេស​មួយ​ចំនួន​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត