គណបក្សសង្រ្គោះជាតិ​អាចនឹង​ចុះខ្សោយ​ក្រោយតំណាង​រាស្រ្តរត់ចែក​ជើងគ្នា? ​

ដោយ៖ គួន សំបូរ 05-10-2017 4:24 pm 5574
អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ទាមទារឱ្យដោះលែងលោកកឹម សុខា។

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិជិតពាក់កណ្តាល បានចាកចេញទៅក្រៅប្រទេស ក្រោយមានការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្រ្គោះ និងមានការព្រមានពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ពីលទ្ធភាពនៃចាប់ខ្លួនមនុស្សបន្ថែម ដែលបានរួមគំនិត«ក្បត់ជាតិ»។ការបន្តនៅក្រៅប្រទេសរបស់ក្រុម មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងនេះ ត្រូវបានអ្នកតាមដាននយោបាយ និងអ្នកវិភាគយល់ថា គណបក្សសង្រ្គោះជាតិ អាចនឹងអស់ឥទ្ធិពល ឬក៏ត្រូវរំលាយចោលនាពេលអនាគតក្រោមហេតុផលណាមួយ។

គិតត្រឹមថ្ងៃនេះ មន្ត្រីសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិជាង១០រូប កំពុងស្ថិតនៅក្រៅប្រទេសក្រោមមូលហេតុផ្សេងៗគ្នា។ ក្នុងនោះមានដូចជា៖លោកអេង ឆៃអ៊ាង អនុប្រធានបក្ស,លោកយឹម សុវណ្ណ អ្នកនាំពាក្យបក្ស,ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ,លោកញ៉យ ចំរើន,លោកស្រី ជូឡុង សួមូរ៉ា,លោកម៉ែន សុថាវរិន្ត្រ,លោកអ៊ូ ច័ន្ទឫទ្ធិ,លោកហូរ វ៉ាន់,លោកយ៉ែម បុញ្ញឫទ្ធិ។ ចំណែកលោកស្រីមូរ សុខហួរ អនុប្រធានបក្ស បានបង្ខំចិត្តភៀសខ្លួនទៅក្រៅប្រទេសក្រោយដឹងតម្រុយនៃការចាប់ខ្លួន។

គិតត្រឹមថ្ងៃនេះ មិនទាន់មានប្រតិកម្មបំភ្លឺនៃការគេចខ្លួនរបស់លោកស្រីមូរ សុខហួរ ពីសំណាក់គណបក្សសង្រ្គោះជាតិ នៅឡើយទេ។ សម្រាប់លោកប៉ុល ហំម អនុប្រធានគណបក្ស និងលោកសុន ឆ័យ សុំមិនធ្វើអធិប្បាយចំពោះករណីនេះ។

ក្នុងស្ថានការណ៍បែបនេះ មន្ត្រីគណបក្សសង្រ្គោះជាតិមួយចំនួន បានចេញមុខអំពាវនាវឱ្យតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភារបស់ខ្លួនទាំងអស់ ដែលកំពុងស្នាក់នៅក្រៅប្រទេស ឆាប់វិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ។ការអំពាវនាវនេះ ពុំបានបញ្ជាក់អ្វីច្រើនទេ គ្រាន់តែអះអាងថា វត្តមានរបស់ក្រុមតំណាងរាស្ត្រ គឺមានសារសំខាន់ណាស់សម្រាប់គណបក្ស។

គួរកត់សម្គាល់ថា ក្រោយការចាប់ខ្លួនលោកកឹម សុខា គេសង្កេតឃើញថា គណបក្សសង្រ្គោះជាតិ ហាក់បីដូចជាមនុស្សដាច់ក្បាល់ និងរកផ្លូវដើរមិនឃើញ។ ស្របពេល គណបក្សប្រឆាំងកំពុងតែមានបញ្ហា គណបក្សហ៊្វុនស៊ិនប៉ិច ដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សយុវជនកម្ពុជា របស់លោកពេជ្រ ស្រស់ ថែមទាំងបានបើកយុទ្ធនាការប្តឹងទៅតុលាការ ដើម្បីកម្ទេចបក្សប្រឆាំងឲ្យខ្ទាតចេញពីឆាកនយោបាយខ្មែរ ខណៈដែលក្រសួងមហាផ្ទៃវិញ សម្រេចលុបឈ្មោះ គណបក្សនយោបាយជាបន្តបន្ទាប់ ចេញពីបញ្ជីឈ្មោះគណបក្សនយោបាយ។

ក្រោមរូបភាពបែបនេះ ត្រូវបានគេលើកជាសំណួរជាច្រើនថា តើគណបក្សសង្រ្គោះជាតិ អាចនឹងរំលាយចោលមុនការបោះឆ្នោតថ្នាក់ជាតិ ដូចបក្សតូចៗទាំងអស់នោះដែរឬទេ?ខណៈដែលមន្ត្រីបក្សប្រឆាំងមួយចំនួនហាក់ដូចកំពុងចុះចាញ់នឹងសមរភូមិ ហើយបន្តរត់ទៅក្រៅប្រទេស និងមន្ត្រីក្នុងស្រុកហាក់បិទមាត់ជិតមិនព្យាយាមឆ្លើយឆ្លង ទោះបីលោកកឹម សុខា ប្រធានគណបក្សអំពាវនាវចេញពីពន្ធនាគារថា “កុំតក់ស្លុត ត្រូវរួបរួមគ្នាការពារយុត្តិធម៌”ក្តី។

សម្រាប់គំនិតរបស់អ្នកវិភាគយល់ថា បើសិនមន្ត្រីគណបក្សសង្រ្គោះជាតិ នៅបន្តភាពដូចសព្វថ្ងៃយ៉ាងដូច្នេះ ច្បាស់ណាស់បក្សមួយនេះ នឹងអស់ឥទ្ធិពលនៅថ្ងៃអនាគត ឬក៏អាចនឹងរំលាយចោលមុនការបោះឆ្នោតថ្នាក់ជាតិក៏ថាបាន។ អ្នកវិភាគខ្លះថា ស្ថានការណ៍នៅពេលនេះថា គឺមានភាពស្មុគស្មាញ ។

ប៉ុន្តែសម្រាប់រដ្ឋាភិបាលអះអាងថា ករណីលោកកឹម សុខា មិនមែនជារឿងនយោបាយឡើយ ហើយចាត់ទុកស្ថានការណ៍ពេលនេះ គឺជាការអនុវត្តច្បាប់ និងប្រឆាំងសកម្មភាពបដិវត្តពណ៌ដែលអាចនឹងបន្តកើតមាននៅកម្ពុជា។បើតាមប្រមុខរដ្ឋាភិបាលបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនអនុញ្ញាត ឱ្យអ្នកណាមកបំផ្លាញសន្តិភាពរបស់កម្ពុជាទេ ហើយរដ្ឋាភិបាលក៏មិនមែនបញ្ចប់ត្រឹមចាប់ខ្លួនមនុស្សម្នាក់ដែរ ព្រោះបទល្មើសនេះ មានការរៀបចំជាលក្ខណៈជាប្រព័ន្ធ ដើម្បីបំផ្លាញកម្ពុជា។

ជាការពិត ការប្រុងប្រយត្ន័របស់លោកនាយករដ្ឋមន្ត្រី គឺជារឿងល្អ។ពីព្រោះថា ប្រសិនបើចលនានោះ គឺជាបដិវត្តពណ៌មែន នោះវានឹងបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាទាំងមូល។

ដូច្នេះបើសិនជាគណបក្សសង្រ្គោះជាតិ ពិតជាមិនជាប់ពាក់ព័ន្ធដូចការចោទប្រកាន់មែន មន្ត្រីគណបក្ស មួយនេះ ត្រូវបង្ហាញនូវសាមគ្គីភាពក្នុងបក្ស និងព្យាយាមតស៊ូមតិបញ្ជាក់ពីភាពស្អាតស្អំ ក្នុងចេតនាការពារសកម្មភាពមេរបស់ខ្លួន ដោយមិនខ្លាចពីការចាប់ដាក់ពន្ធនាគារ នេះជាគំនិតរបស់អ្នកវិភាគ។ បើមិនដូច្នេះទេ វាសនារបស់គណបក្សសង្រ្គោះជាតិ អាចនឹងដូចគណបក្សហ៊្វុនស៊ិនប៉ិច ឬត្រូវរំលាយចោលក្រោមហេតុផលណាមួយជាក់ជាពុំខាន៕ 

ព័ត៌មានផ្សេងទៀត