សមាគម​គ្រូបង្រៀន​​ទារ​២​លាន​រៀល​ តែ​​នាយករដ្ឋមន្ត្រី​​ថា​​នឹង​​ដំឡើង​​ជាង​​១​​លាន​​

ដោយ៖ អឿន ភារ៉ា 05-10-2017 3:09 pm 59872

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាល​តែងតែ​គិតគូ​យកចិត្តទុកដាក់ ក្នុង​ការដំឡើង​ប្រាក់ខែ​ជា​បន្តបន្ទាប់​ដល់​គ្រូបង្រៀន ដែល​នៅក្នុង​ឆ្នាំ​២០១៧​នេះ ប្រាក់ខែ​អតិប្បរមា​គឺ ៩៥​ម៉ឺន​រៀល​។ លោក​អះអាងថា នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ ប្រាក់ខែ​គ្រូបង្រៀន​នឹង​កើន​ដល់​ជាង ១​លាន​រៀល ក្នុង​មួយខែ​យ៉ាងតិច​។
​សំឡេង​លោក​ហ៊ុន សែន​៖

​លោក​នាយករដ្ឋមន្ត្រី បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន​ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ «​គ្រូបង្រៀន​ជា​វិស្វករ​ព្រលឹង​នៃ​យុវជន​ជំនាន់​ក្រោយ​» នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា​នេះ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា រូបនេះ អះអាងថា ក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ គឺ​គ្រូបង្រៀន​នេះហើយ បន្ទាប់មក​គឺ​គ្រូពេទ្យ ដែលមាន​ប្រាក់បៀវត្សរ៍​ច្រើនជាងគេ​។

​ស្របពេល​ដែល​លោក​ហ៊ុន សែន បានប្រកាស​ពី​ការដំឡើង​ប្រាក់ខែ គ្រូបង្រៀន​រួចជាស្រេច សម្រាប់​ឆ្នាំ​ក្រោយនេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​នៅថ្ងៃនេះ​ដែរ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា រដ្ឋាភិបាល និង​ក្រសួង​អប់រំ ស្នើសុំ​ពិនិត្យ និង​ដោះស្រាយ​នូវ​ចំណុច​មួយចំនួន​។ អ្នកស្រី​អ៊ុក ឆាយ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លើកឡើងថា ប្រាក់ខែ​គ្រូបង្រៀន​បច្ចុប្បន្ន គឺ​មិនទាន់​សមស្រប​សម្រាប់​ជីវភាព​ពួកគាត់​នៅឡើយ​ទេ​។ ដូច្នេះ សមាគម​ទាមទារ​សុំ​ដំឡើង​ប្រាក់បៀវត្សរ៍​គ្រូ​ចំនួន ២​លាន​រៀល​ក្នុង​មួយខែ រួមទាំង​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​។​
​សំឡេង​អ្នកស្រី​អ៊ុក ឆាយ៉ា​វី​៖

​អ្នកស្រី​អ៊ុក ឆាយ៉ា​វី អះអាងថា ការប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​នឹង​ដំឡើង​ប្រាក់ខែ​គ្រូ​ដល់​ជាង​១​លាន​រៀល​នេះ ក៏​នៅតែ​មិន​សមរម្យ​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែរ​។ ផ្ទុយទៅវិញ ប្រធាន​សមាគម​គ្រូបង្រៀន​រូបនេះ យល់ថា ការប្រកាស​ដំឡើង​បៀវត្សរ៍​ជា​បន្តបន្ទាប់​នេះ គ្រាន់តែ​ជាកា​រគេង​ចំណេញ​នយោបាយ នៅមុន​ការបោះឆ្នោត​ប៉ុណ្ណោះ​។ លោកស្រី​ថ្លែងថា​៖ «​រដ្ឋាភិបាល​គឺ​គេង​ចំណេញ​នយោបាយ​ខ្លាំង​ក្នុងពេល​ជិត​បោះឆ្នោត ដូច​យើង​ឃើញថា គឺមាន​ការដំឡើងប្រាក់បៀវត្សរ៍​ជា​លំដាប់ ប៉ុន្តែ ការដំឡើង​នេះ មិនទាន់​អាច​សមស្រប​ទៅនឹង​ទំនិញ​ទីផ្សារ ដែល​អាចឲ្យ​លោកគ្រូ​អ្នកគ្រូ​រស់នៅ​សមរម្យ​បានដែរ​»​។​

​គួរ​ជម្រាប​ថា ញត្តិ​ដែល​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ដាក់​ផ្ញើ​ទៅកាន់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងឱកាស​ទិវា​គ្រូបង្រៀន​ពិភពលោក គឺ​បាន​ស្នើសុំ​លក្ខខណ្ឌ ១០​ចំណុច​៖ ទី​១. ដំឡើង​ប្រាក់បៀវត្ស អប្បបរមា​ចំនួន ២​លាន​រៀល​ក្នុង​១​ខែៗ ជូន​គ្រូបង្រៀន​។ ទី​២. ត្រូវមាន​វិធានការ​ទប់ស្កាត់ និង​ស៊ើបអង្កេត​អំពើពុករលួយ នៅក្នុង​ស្ថាប័ន​អប់រំ​គ្រប់​កម្រិត​។ ទី​៣. ដំឡើង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ជូន​គ្រូបង្រៀន ដូចជា ប្រាក់ឧបត្ថម្ភ​កូន ចំនួន ៤​ម៉ឺន​រៀល​ក្នុង​១​ខែ​, ប្រាក់ឧបត្ថម្ភ​ប្រពន្ធ​កូន​ចំនួន ៥​ម៉ឺន​រៀល​ក្នុង​១​ខែ​, ប្រាក់​គរុកោសល្យ​ចំនួន ៤​ម៉ឺន​រៀល​ក្នុង​១​ខែ ជូន​គ្រូបង្រៀន​, ប្រាក់​ថ្ងៃ​ព្រហស្បតិ៍​ចំនួន ២​ម៉ឺន​រៀល​ក្នុង​១​ខែ ជូន​គ្រូបង្រៀន​, ប្រាក់​ទ្រទ្រង់​សុខភាព​ចំនួន ៦​ម៉ឺន​រៀល​ក្នុង​១​ខែ ជូន​គ្រូបង្រៀន​, ប្រាក់​ម៉ោង​បន្ថែម​ចំនួន ១​ម៉ឺន​រៀល ក្នុង​១​ម៉ោង​សម្រាប់​គ្រូ​អនុវិទ្យាល័យ និង​ចំនួន ១៥០០០​រៀល ក្នុង​១​ម៉ោង សម្រាប់​គ្រូ​វិទ្យាល័យ និង​ប្រាក់ឧបត្ថម្ភ​បុណ្យជាតិ​នីមួយៗ​ចំនួន ១៥​ម៉ឺន​រៀល ជូន​គ្រូបង្រៀន (​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យចូលឆ្នាំ​)​។​

​ចំណែក លក្ខខណ្ឌ​ទី​៤. សាលារៀន​គ្រប់​កម្រិត​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ និង​គម្រោង​ថវិកា (PB) និង (SIG) របស់​សាលា​ជូន​គ្រូបង្រៀន និង​សហគមន៍​។ ទី​៥. ត្រូវ​ផ្តល់​កុំព្យូទ័រ សម្ភារៈ​ពិសោធន៍ សម្ភារៈ​ឧបទ្ទេស​ដល់​គ្រប់​អនុវិទ្យាល័យ វិទ្យាល័យ​សាលា​គរុកោសល្យ និង​វិក្រឹត្យការ​។ ទី​៦. បញ្ឈប់​ការរើសអើង ជាមួយ​សមាគម និង​ផ្តល់​សិទ្ធិសេរីភាព​ឲ្យ​គ្រូបង្រៀន​មាន​សិទ្ធិ​បង្កើត​សហជីព​។ ទី​៧. ត្រូវ​ផ្តល់​អគារ និង​គ្រូបង្រៀន​ទៅដល់​តំបន់​ជនបទ ដាច់ស្រយាល​ឲ្យបាន​គ្រប់គ្រាន់ រួមទាំង​ផ្តល់​សៀវភៅ​មេរៀន​សម្រាប់​សិស្ស និង​គ្រូ​មិនឲ្យ​ខ្វះខាត​បន្តទៀត​។ ទី​៨. ធានាថា​គ្រូបង្រៀន​ទាំងអស់​ទទួល​បានការ​បណ្តុះបណ្តាល​មូលដ្ឋាន និង​មានឱកាស​ទទួល​បានកា​រ​អភិវឌ្ឍ​អាជីព​វិជ្ជាជីវៈ​របស់ខ្លួន​។ ទី​៩. ត្រូវអនុវត្ត​គោលនយោបាយ​សំខាន់ៗ​ទាំង​៤​ចំណុច របស់​សមាគម​។ ទី​១០. រដ្ឋមន្ត្រីក្រសួង​អប់រំ ត្រូវគោរព និង​អនុវត្ត​ច្បាប់​ស្តីពី​ការអប់រំ ជាពិសេស​ត្រង់​មាត្រា​៤០ នៃ​ច្បាប់​នេះ​។​

​សូមបញ្ជាក់ថា ប្រាក់ខែ​គ្រូបង្រៀន នៅ​ឆ្នាំ​២០១៧​នេះ មាន​ចំនួន​ជាង​៩៥​ម៉ឺន​រៀល​។ បៀវត្សរ៍​នេះ មាន​ការកើនឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែលមាន​ចំនួន​អតិប្បរមា ៨០​ម៉ឺន​រៀល​ក្នុង​មួយខែ​៕

ព័ត៌មានផ្សេងទៀត