មន្ត្រីជាន់ខ្ពស់​គណបក្សសង្រ្គោះ​ជាតិជិតពាក់​កណ្តាល​ចាកចេញ​ពីប្រទេសកម្ពុជា ​

ដោយ៖ គួន សំបូរ 04-10-2017 4:46 pm 767
ក្រុមតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ។

មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ជិតពាក់កណ្តាលបានចាកចេញ ទៅក្រៅប្រទេសជាបន្ត បន្ទាប់ ក្រោយ មានការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលចោទពាក់ព័ន្ធនឹងអំពើ «ក្បត់ជាតិ»។ កាលពីម្សិលមិញលោកស្រី មូរ សុខហួរ អនុប្រធាន និងជាតំណាងរាស្ត្រ បានបង្ខំចិត្តភៀសខ្លួនទៅក្រៅប្រទេស បន្ទាប់ពីមន្ត្រីរបស់រាជរដ្ឋាភិបាល ប្រាប់ឲ្យដឹងពីតម្រុយនៃការចាប់ខ្លួន។ 

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រមាណជាង១០រូប កំពុងស្ថិតនៅក្រៅប្រទេស ក្រោមមូលហេតុផ្សេងៗគ្នា។ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង នៅក្រៅប្រទេសមានដូចជា៖លោកអេង ឆៃអ៊ាង អនុប្រធានបក្ស,លោកយឹម សុវណ្ណ អ្នកនាំពាក្យបក្ស,លោកងឹម ញេង,ព្រះអង្គម្ចាស់ ស៊ីសុវត្តិ ធម្មិកោ,លោកញ៉យ ចំរើន,លោកស្រី ជូឡុង សួមូរ៉ា,លោកម៉ែន សុថាវរិន្ត្រ,លោកអ៊ូ ច័ន្ទឫទ្ធិ,លោកហូរ វ៉ាន់,លោកយ៉ែម បុញ្ញឫទ្ធិ។

ចំណែកលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រកាលពីថ្ងៃម្សិលមិញបានបង្ខំចិត្តភៀសខ្លួនទៅក្រៅប្រទេស ក្រោយដឹងពីតម្រុយនៃការចាប់ខ្លួន ពាក់ព័ន្ធជាមួយលោកកឹម សុខា ដែលតុលាការចោទពីបទ «ក្បត់ជាតិ»។ លោកស្រី មូរ សុខហួរ បានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ មុនពេលចាកចេញ ទៅក្រៅប្រទេសថា លោកស្រីទទួលព័ត៌មាន ពីមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលថា ការចាប់ខ្លួន នឹងត្រូវធ្វើឡើងក្នុងសប្តាហ៍ក្រោយ។

គិតត្រឹមថ្ងៃទី៤ ខែតុលានេះ នៅមិនទាន់មានប្រតិកម្មបំភ្លឺពីការចាកចេញទៅក្រៅប្រទេស ពីសំណាក់គណបក្សសង្រ្គោះជាតិទេ។ សម្រាប់លោកប៉ុល ហំម អនុប្រធានគណបក្ស សុំមិនធ្វើអធិប្បាយចំពោះករណីនេះ។ ចំណែកឯលោកម៉ៅ មុនីវណ្ណ មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានអះអាងថា ក្នុងស្ថានការណ៍នយោបាយក្តៅដូច្នេះ តំណាងរាស្ត្រខ្លះចេញទៅក្រៅប្រទេស ដើម្បីជួបជុំគ្រួសារ និងខ្លះទៀតទៅបំពេញបេសកកម្ម ហើយលោកបដិសេធចំពោះព័ត៌មានថា មានការរត់គេចទៅក្រៅ…

សំឡេងលោកម៉ៅ មុនីវណ្ណ៖

គួរកត់សម្គាល់ថា ការគេចខ្លួនរបស់លោកស្រី មូរ សុខហួរ និងមន្ត្រីគណបក្សសង្រ្គោះជាតិពេលនេះគឺ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី២ ខែតុលា បានប្រកាសចាប់មនុស្សមួយចំនួនទៀតដែលបានរួមគំនិត«ក្បត់ជាតិ» និងចូលដៃជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានគូសបញ្ជាក់ថា រដ្ឋាភិបាលនឹងមិនអនុញ្ញាត ឱ្យអ្នកណាមកបំផ្លាញសន្តិភាពរបស់កម្ពុជាទេ ហើយក៏មិនមែនបញ្ចប់ត្រឹមចាប់ខ្លួនមនុស្សម្នាក់ដែរ។លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បទល្មើសនេះ គឺការរៀបចំមានលក្ខណៈជាប្រព័ន្ធ ដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជា…

សំឡេងលោកហ៊ុន សែន៖

គួរបញ្ជាក់ថា ក្រោយការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ តំណាងរាស្ត្រគណបក្សនេះបានចាកចេញ ទៅក្រៅប្រទេស ដោយខ្លួនឯងជាបន្តបន្ទាប់។ លោកម៉ៅ មុនីវណ្ណ បានអំពាវនាវឱ្យតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាទាំងអស់ របស់គណបក្សសង្គ្រោះជាតិ ដែលកំពុងស្នាក់នៅក្រៅប្រទេស វិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញ។ លោកបានពន្យល់ថា វត្តមានរបស់ក្រុមតំណាងរាស្ត្រ គឺមានសារសំខាន់ណាស់ ហើយស្នើឱ្យក្រុមតំណាងរាស្ត្រទាំងអស់ មានជំហរឹងមាំ ដូចលោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ៕ 

ព័ត៌មានផ្សេងទៀត