លោក​ហ៊ុន សែន​​បន្ទោស​ពលរដ្ឋ​​ថា​ទិញ​បន្លែ​​មិនចេះ​​ពិនិត្យ​ជាតិ​គីមី​​

ដោយ៖ ខាត់ សុធី 02-10-2017 12:19 pm 138091

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ និង​រមណីដ្ឋាន​សុខា​សៀមរាប នៅ​ថ្ងៃទី​០២ តុលា នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ក្រសួង​កសិកម្ម ត្រូវធ្វើ​ការងារ​ជាមួយ​កសិករ ដើម្បី​បង្កើតជា​ក្រវាត់​បៃតង តាមរយៈ​ការដាំដុះ​បន្លែបង្កា និង​ចិញ្ចឹមសត្វ​ជាដើម​។ លោក​ក៏បាន​ស្នើ​សុំឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការទិញ​បន្លែបង្ការ​មាន​ជាតិគីមី ដើម្បី​បញ្ចប់​ការនាំ​ចូល​បន្លែបង្ការ​មាន​ជាតិគីមី​ពី​ប្រទេសជិតខាង ឬ​មុននឹង​ទិញ​ត្រូវ​ពិនិត្យឲ្យ​បានច្បាស់លាស់​។​

​លោក​ថា​ការអំពាវនាវ​នេះ ដើម្បី​ធ្វើឲ្យ​មានសុវត្ថិភាព​ចំណីអាហា​រ ពីព្រោះ​កម្ពុជា បាន​ក្លាយជា​មុខសញ្ញា​ទេសចរណ៍​ដ៏​សំខាន់ ដូច្នេះ​មិនអាច​ទុកឲ្យ​ទេ​សចរបរិភោគ​ហើយ រាករូស​នោះទេ​។​ប៉ុន្តែ​អ្វីដែល​គួរឲ្យ​ចាប់​អារម្មណ៍នោះ បញ្ហា​បន្លែ​មាន​ជាតិគីមី​នេះ លោក​ហ៊ុន សែន ហាក់​បន្ទោស​លើ​ពលរដ្ឋ​ខ្លួនឯង​ដែលជា​អ្នកទិញ មកប្រើប្រាស់​ទៅវិញ ដោយ​លោក​និយាយថា «​មានរឿង​មួយ​តែងតែ​និយាយ និង​សំណូមពរ​មក​រាជរដ្ឋាភិបាល​ខ្ញុំ​បានលឺហើយ ​សំឡេង​ប្រជាជន ដែលថា​កុំឲ្យ​នាំចូល​បន្លែ ដែលមាន​ជាតិគីមី​។ ខ្ញុំ​ផ្ដាំផ្ញើ​ត្រឡប់​ទៅវិញ សូមកុំ​ទិញ​អ្វីដែល​មាន​ជាតិគីមី​ទៅ វា​ចប់​បាត់ទៅហើយ​។ មក​ចោទ​តែ​រាជរដ្ឋាភិបាល ចុះ​ខ្លួនឯង​ម៉េច​មិន​មើល​ផង​។ សូម​ប្រជាពលរដ្ឋ​រួមគ្នា​ពហិការ កុំ​ទិញ​របស់​ណា ដែលមាន​ជាតិគីមី​».....

​សំឡេង​លោក​ហ៊ុន សែន​៖

លោកផៃ ស៊ីផាន មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរដ្ឋាភិបាលយល់ថា ការលើកឡើងរបស់​លោកនា​យ​ក​រដ្ឋមន្ត្រីហ៊ុន សែន ពេលនេះ គឺជាការត្រឹមត្រូវ ព្រោះពលរដ្ឋត្រូវតែរួមចំណែក​ទទួលខុសត្រូវបែប​នេះ​ហើ​យ វាជាជម្រើសរបស់ប្រជាពលរដ្ឋផ្ទាល់។លោកបញ្ជាក់ថាសព្វថ្ងៃនេះ ប្រជាពលរដ្ឋយល់ច្បាស់​ណា​ស់ ពីចំណីអាហារមានជាតិគីមី និងធម្មជាតិ ដូច្នេះ វាជាជម្រើសរបស់គាត់......

សំឡេងលោកផៃ ស៊ីផាន៖

​អ្នកជំនាញ​ខាង​កសិកម្ម លោក​បណ្ឌិត​យ៉ង សាំង​កុមារ ថា ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដាំ​ដុះ​បន្លែបង្ការ និង​ចិញ្ចឹមសត្វ និង​ការបញ្ចប់​ការនាំ​ចូល​បន្លែ​មាន​ជាតិគីមី​ពី​ប្រទេសជិតខាង គឺជា​រឿង​ល្អ​។​ប៉ុន្តែ​ការស្តីបន្ទោស​ពលរដ្ឋ​ខ្មែរ​ពី​ការទិញ​បន្លែ​ត្រី​សាច់​ដោយ​មិនចេះ​ពិនិត្យ​សារធាតុ​គី​មីនេះ ហាក់​បង្ហាញ​ពី​ការមិន​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល លើ​ការ​ទប់​បញ្ហា​នេះ​។​លោក​បណ្ឌិត​យ៉ង សាំង​កុមារ បញ្ជាក់ថា ពលរដ្ឋ​ជា​រឿង​មួយ ប៉ុន្តែ​រដ្ឋាភិបាល​តាមរយៈ​ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម ជាពិសេស​កាំកុងត្រូល ត្រូវមាន​ភារកិច្ច​ពន្យល់​ពលរដ្ឋ និង​ត្រួតពិនិត្យ​ទប់ស្កាត់​ការ​នាំចូល​ចំណីអាហារ​មាន​ជាតិគីមី ហើយ​បើ​បន្ទោស​តែ​ទៅលើ​ពលរដ្ឋ តើ​បង្កើត​ក្រសួង​ទាំងពីរ​នេះ​មក​ធ្វើ​អ្វី​?.......

​សំឡេង​លោក​យ៉ង សាំង​កុមារ​៖

​សូមបញ្ជាក់ថា បញ្ហា​សុវត្ថិភាព​ចំណីអាហារ​នេះ ពិសេស​អាហារ បន្លែបង្ការ ដែលមាន​ផ្ទុក​សារ​ធាតុគីមី បាន​ក្លាយជា​ការចាប់អារម្មណ៍​ជាខ្លាំង ដែល​កន្លងមក ប្រជាពលរដ្ឋ​ជាទូទៅ សំណូមពរ​រដ្ឋាភិបាល​ជួយ​ទប់ស្កាត់ ព្រោះ​ចំណីអាហារ បន្លែបង្ការ​ដែលមាន​ផ្ទុក​សារ​ធាតុគីមី គឺជា​ឃាតក​លាក់​មុខ បំផ្លាញ​សុខភាព​ពលរដ្ឋ​ដោយ​មិន​ដឹងខ្លួន​។​

​លោក​យ៉ង សាំង​កុមារ ដែល​ពេលនេះ ជា​ស្ថាបនិក​គណបក្សនយោបាយ​មួយ​ផង​នោះ បញ្ជាក់​បន្ថែមថា គណបក្ស​របស់លោក​គឺ​គណបក្ស​ប្រជាធិតេយ្យ​មូលដ្ឋាន បានចាត់ទុក​បញ្ហា​សុវត្ថិភាព​ចំណីអាហារ ជា​គោលនយោបាយ​អទិភាព​មួយ​របស់ខ្លួន សម្រាប់​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​អាសនៈ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ ដោយ​ដាក់ចេញ​នូវ​ដំណោះស្រាយ​៣​ចំណុច ទី​១ បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ជាប្រចាំ​ជាមួយ​កសិករ​ដើម្បីឲ្យ​ពួកគាត់​ចេះដឹ​កនាំការ​ផលិតប្រ​ក​បដោយ​សុវត្ថិភាព ទី​២ ពង្រឹង​ការត្រួតពិនិត្យ​ឲ្យបាន​ទៀងទាត់​នៅលើ​ទីផ្សារ ទី​៣ រឹតបន្តឹង​ការ​នាំចូល​ចំណីអាហារ​ពី​ប្រទេស​ខាងក្រៅ​...៕

ព័ត៌មានផ្សេងទៀត