គួរ​បន្ត​​ប្រើពាក្យ​​«​ឃុបឃិត​» ​ឬ ងាក​មក​​ប្រើពាក្យ​​«​គប់​គិត​»​​ឲ្យ​ត្រូវតាម​​វចនានុក្រម​វិញ​?​

ដោយ៖ ខាត់ សុធី 01-10-2017 3:39 pm 5838


​ពិនិត្យ​ក្នុង​វចនានុក្រម​ខ្មែរ​បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដែល​ខ្មែរ​និយម​ហៅថា​វចនានុក្រម​សម្តេច​ព្រះសង្ឃ​រាជ្យ​ជួន ណាត​នោះ គ្មាន​ពាក្យ​«​ឃុបឃិត​»​ទេ គឺ​មានតែ​ពាក្យ​«​គប់​គិត​» ដែល​មានន័យថា រួមគំនិត​គ្នា​, គិតគូរ​គ្នា​។​

​បើ​ដូច្នេះ ហេតុអ្វី បានជា​សព្វថ្ងៃនេះ មាន​ពាក្យ​«​ឃុបឃិត​»? ពាក្យ​នេះ​បាន​មកពីណា​?

​អ្នកជំនាញ​អក្សរសាស្ត្រ​លោក​បណ្ឌិត​ច័ន្ទ សំណព្វ បកស្រាយ​ថា ពាក្យ​«​គប់​គិត​»​ជា​ពាក្យ​ខ្មែរ​បុរាណ តែ​ចំណេរ​ក្រោយមក ជនជាតិ​ថៃ​បាន​ខ្ចី​ភាសា​ខ្មែរ​បុរាណ​យក​ទៅប្រើ ហើយ​ការខ្ចី​នោះ​វា​ចំពេល​ភាសា​ខ្មែរ​កំពុងមាន​ការវិវត្ត​ដែរ ដែល​នាំឲ្យមាន​ការច្រឡំ​ថា ការ​ប្រែ​ពី​សំណូរ​«​គប់​គិត​» មកជា​«​ឃុបឃិត​» ជា​សំនៀង​ដែល​ខ្ចី​ពី​ថៃ​ទៅវិញ​។ លោក​បណ្ឌិត​ច័ន្ទ សំណព្វ បញ្ជាក់ថា ដូច្នេះ ខ្មែរ​គួរ​ងាក​មក​បន្ត​ប្រើពាក្យ​តាម​លក្ខណៈ​ខ្មែរ​បុរាណ​វិញ ដើម្បី​កុំឲ្យ​ច្រឡំ​ថា​ខ្មែរ​ខ្ចីសូរ​ពីថៃ​។​

​បើតាម​លោក​ច័ន្ទ សំណព្វ ថា​ពាក្យ​«​ឃុបឃិត​» ទើបនឹង​ប្រើ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ហើយក៏​ធ្លាប់មាត់​មកដល់​សព្វថ្ងៃ​នេះ​៕

ព័ត៌មានផ្សេងទៀត