អ្នកច្បាប់​ថា​ គណបក្សនយោបាយ​ គ្មាន​សិទ្ធិ​​ប្តឹង​រំលាយ​​គណបក្ស​នយោបាយ​​ណាមួយ​​ឡើយ​​

ដោយ៖ ខាត់ សុធី 01-10-2017 11:12 am 23024

​មកដល់ពេលនេះ​គណបក្សនយោបាយ​ចំនួន​ពី​រហើយ ដែល​ប្រកាស​ជា​ចំហ​ថា នឹង​ប្តឹងទៅ​តុលាការ​កំពូល​ដើម្បី​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ហេតុផល​ថា ប្រធាន​គណបក្ស​នេះ គឺ​លោក​កឹម សុខា ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ខណៈ​តុលាការ​កម្ពុជា​នៅ​មិនទាន់​ធ្វើ​ការចោទប្រកាន់​ជា​ផ្លូវការ​នៅឡើយ​ផង​នោះ​។​

​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​លោក​ពេជ្រ ស្រស់ បាន​អះអាង​ពី​ម្សិលមិញ​ថា ការប្តឹង​ទៅ​តុលាការ​កំពូល​ដើម្បី​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​កឹម សុខា ប្រព្រឹត្ត​អំពើ​ខុសច្បាប់ យ៉ាងធ្ងន់ធ្ងរ​ដែល​មិនអាច​លើកលែងឲ្យ​បាន​។​បន្ទាប់ពី​ប្រធាន​គណបក្ស​យុវជន​កម្ពុជា នៅ​ព្រលប់​ថ្ងៃទី​៣០ កញ្ញា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញ​ទ្ធិ ដែល​ធ្លាប់ជា​មេ​កើយ​របស់លោក​សម រង្ស៊ី និង​លោក​កឹម សុខា ក៏​ស្រែក​បន្ទ​ពីក្រោយ​លោក​ពេជ្រ ស្រស់ ដែលជា​យុវជន​ជំនាន់​ក្រោយ​ថា នឹងដាក់​ពាក្យបណ្តឹង​ដើម្បី​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។

​បើតាម​លោក ញ៉េប ប៊ុនជិន អនុប្រធាន និង​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថា​ការ​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសា​រលោក កឹម សុខា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ហើយ​ថា​ការប្តឹង​នោះ​មាន​ការឯកភាព និង​សម្រេច​ពី​សម្តេចក្រុមព្រះ​នរោត្តម រណប្ញ​ទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិន​តែម្តង​។​

​អ្នកជំនាញ​ផ្នែក​ច្បាប់ លោក​មេធាវី​សុខ សំអឿន និយាយថា​ការប្តឹង​បែបនេះ ជា​បណ្តឹងអាជ្ញា ដែល​ទាល់តែ​ព្រះរាជអាជ្ញា​ទើប​មាន​សិទ្ធិ​ប្តឹង​។​លោក​ថា បើ​គិត​តាម​ផ្លូវច្បាប់ បណ្តឹង​បែបនេះ មិនមាន​ឥទ្ធិពល​លើ​តុលាការ​ទេ ផ្ទុយទៅវិញ​គណបក្ស​ទាំងពីរ​នេះ ខាតបង់​ប្រជាប្រិយ​ខ្លួន​ទៅវិញ​ទេ​.....

​សំឡេង​លោក​សុខ សំអឿន​៖

​អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​សូ ចន្ថា យល់ថា​ការប្តឹង​នេះ ជា​សេណារីយោ​នៃ​នយោបាយ​កខ្វក់ ដែល​នាំឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​លោក​សូ ចន្ថា មើលឃើញថា ការប្តឹង​នេះ គឺជា​ការរៀបចំ ហើយ​គណបក្សនយោបាយ​នោះ ហាក់​មិនមែនជា​គណបក្សនយោបាយ​ពិតប្រាកដ​ឡើយ​។​ លោក​ថា នេះ​គ្រាន់តែ​ជា​ការបង្កើត​បញ្ហា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​......

​សំឡេង​លោក​សូ ចន្ថា​៖

​យ៉ាងណាក្តី​មកដល់ពេលនេះ គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​មានប្រតិកម្ម​ឆ្លើយតប​អ្វី​ទេ  និង​ថា មិន​ចាប់អារម្មណ៍​លើ​រឿង​នេះឡើយ​។ នេះ​បើតាម​លោក​សុន ឆ័យ ប្រធាន​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​សុន ឆ័យ ធ្លាប់បាន​និយាយថា យោងតាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា លោក​កឹម សុខា នៅ​មិនទាន់​មានទោស​នៅឡើយ​។​លោក​នៅតែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល​។​

​សូមជម្រាបថា លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ ដោយ​ចោទ​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ធ្វើតាម​បញ្ជា​របស់​មហាអំណាច​អាមេរិក ដើម្បី​ផ្តួលរំលំ រដ្ឋាភិបាល​កម្ពុជា របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​សើ​ប៊ី​។ លោក​កឹម សុខា ត្រូវបាន​ចាប់ខ្លួន នៅផ្ទះ​របស់លោក ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក នៅ​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​០៣ កញ្ញា និង​បាន​បញ្ជូន​ទៅកាន់​ពន្ធនាគា​រ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ជិត​ព្រំដែន​វៀតណាម​។​

​នៅក្រោយ​ការចាប់ខ្លួន​លោក​កឹម សុខា គ្រោះអាសន្ន ពី​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​បានធ្វើឲ្យ​មជ្ឈដ្ឋាន​នានា​មាន​ការបា​រម្ភជា​ខ្លាំង ពិសេស​នៅក្រោយ​ការប្រកាស​របស់​ប្រមុខ​គណបក្សកាន់អំណាច​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​លោក​ប្រកាស​ក្តែងៗ​ថា គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹងត្រូវ​រំលាយចោល ប្រសិនបើ​រកឃើញថា មាន​ការជាប់​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ នឹង​អំពើ​ក្បត់ជាតិ​របស់លោក​កឹម សុខា​៕


ព័ត៌មានផ្សេងទៀត