តំណាង​កម្ពុជានៅUN​៖លទ្ធិប្រជាធិបតេយ្យ​​កម្ពុជា​ត្រូវបាន​គេប្រើដើម្បី​បង្ខូចកេរ្តិ៍ឈ្មោះ ​

ដោយ៖ គួន សំបូរ 30-09-2017 1:11 pm 2815
លោកណី សំអុលឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ។

តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិនៅថ្ងៃទី២៨ ខែកញ្ញា បានចេញជាសេចក្តីថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី៣៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ ប្រទេសស្វីស។ក្នុងសេចក្តីថ្លែងការណ៍នោះតំណាងកម្ពុជាថា ប្រទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ និង អង្គការក្រៅរដ្ឋាភិបាលមួយចំនួន តែងតែរិះរកគ្រប់វិធីដើម្បីកេងចំណេញនយោបាយ ដោយប្រើប្រាស់លទ្ធិប្រជាធិបតេយ្យជាឧបករណ៍ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាល ហើយរដ្ឋាភិបាលក្លាយជាជនរង់គ្រោះ។

«ប្រទេសកម្ពុជាតែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍សាកលនៃសិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយកម្ពុជាបានចូលរួមនិងអនុវត្តយ៉ាងសកម្មនូវគ្រប់យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ»។នេះជាការអះអាងរបស់លោកណី សំអុលឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ។

ប៉ុន្តែលោកបានគូរបញ្ញជាក់ថា មានប្រទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន មិនបានមើលឃើញពីកិច្ចខិតខំរបស់កម្ពុជានោះទេ។ផ្ទុយទៅវិញ ជារឿងៗពួកគេតែងតែរិះរកគ្រប់វិធីដើម្បីកេងចំណេញនយោបាយដោយប្រើប្រាស់លទ្ធិប្រជាធិបតេយ្យជាឧបករណ៍ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើព្រងើយកន្តើយដោយចេតនាចំពោះគោលការណ៍សាកលស្តីពីការមិនជ្រៀតជ្រែកទៅក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

តំណាងកម្ពុជាប្រចាំនៅUNរូបនេះ បានធ្វើការកត់សម្គាល់ថា ការវាយតម្លៃទៅលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែងតែត្រូវបានគេធ្វើឡើងទៅតាមគំនិត និងអារម្មណ៍នយោបាយរបស់អង្គភាព ឬ រដ្ឋដែលមានឥទ្ធិពលនៅក្នុងតំបន់ និងសាកលលោកមួយចំនួន។ ហេតុដូច្នេះគ្រប់ពេលមុនការបោះឆ្នោត នៅកម្ពុជាការបំភ័នដើម្បីកេងចំណេញខាងនយោបាយ តាមរយៈការប្រើប្រាស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ត្រូវបានគេធ្វើឡើងដើម្បីប្រឆាំងរដ្ឋាភិបាល ដោយមិនខ្វល់ពីការអនុវត្តល្អៗនាពេលកន្លងមកទេ។

ទោះបីជាយ៉ាងនេះក្តី តំណាងកម្ពុជាបានសង្គត់ធ្ងន់ថា មិនមែនកម្ពុជាមិនផ្តល់តម្លៃដល់លទ្ធិប្រជាធិបតេយ្យទេ។ប៉ុន្តែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក៏មិនគួរបានគេកេងចំណេញលើភាគីម្ខាងទៀត ឬប្រើជាខែលសម្រាប់ការពារជនល្មើស គណបក្សនយោបាយ អង្គភាពដែលធ្វើខុសដែរ។

គួរបញ្ជាក់ថា ក្រោយការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានធ្វើឱ្យប្រទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន សម្តែងការព្រួយបារម្ភពីស្ថានការណ៍វិវឌ្ឍន៍របស់កម្ពុជា។ប្រតិកម្មទាំងនោះភាគច្រើនបារម្ភពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ហើយថែមទាំងមើលឃើញពីផលប៉ះពាល់ដល់ដំណើរការបោះឆ្នោតជាតិនាឆ្នាំក្រោយដែរ។ ក្នុងនោះមានប្រទេសមួយចំនួន រួមទាំងអាមេរិក និងសមាជិកសភាអឺរ៉ុបផងបានទាមទារឲ្យមានការដោះលែងលោក កឹម សុខា។

ចំណែកឯប្រជាជនខ្មែរមួយចំនួនដែលកំពុងរស់នៅក្រៅប្រទេស ក៏កំពុងធ្វើបាតុកម្ម ដើម្បីទាមទារឲ្យមានការដោះលែងលោកកឹម សុខាដែរ ដោយនាំគ្នាដើរដាក់ញ្ញតិទៅតាមស្ថានទូតនានាជាដើម៕ 

ព័ត៌មានផ្សេងទៀត