អត្ថន័យ​ផាក្រាប​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា នៅ​កម្ពុជា​

ដោយ៖ គង់ ឧត្តម 29-09-2017 4:47 pm 1812

​ក្រណាត់​សំពត់​ពណ៌​លឿងចាស់​ដែល​យើង​តែង​ឃើញ​មន្ត្រី​សង្ឃ ឬ​ព្រះសង្ឃ​ខ្មែរ​យក​មក​បំពាក់​លើ​ស្មា អម​ជាមួយ​នឹង​មេដាយ គ្រឿង​ឥស្សរៈ​មួយចំនួន​នោះ ត្រូវបាន​គេ​ឱ្យឈ្មោះ​ថា ផា​ក្រាប ។ ក្រណាត់​នេះ​មាន​ដើមកំណើត​ចេញពី​ប្រទេស​ថៃ ដែល​ដើមឡើយ​ស្តេច​ថៃ​បង្កើត​វា​ឡើង​ដើម្បី​រំឭក​គុណ​ដល់​ព្រះសង្ឃ​ដែល​បាន​ជួយ​ប្រទេស​ជាតិ ឱ្យ​រួចផុត​ពី​ការឈ្លានពាន​របស់​សត្រូវ ។ ស្រដៀង​នឹង​ខ្មែរ​យើង​សព្វថ្ងៃ​ដែរ ផាក្រាប​ត្រូវបាន​ប្រើប្រាស់​ដើម្បី​រំឭក​គុណ​ដល់​ព្រះសង្ឃ និង​បញ្ជាក់​ពី​តំណែង​តួនាទី​របស់​ព្រះសង្ឃ​ក្នុង​សាសនា ។ 

ស្តាប់បទយកការណ៍ជាសំឡេង៖

​ផា​ក្រាប គឺជា​សំពត់​ពណ៌​លឿង​ចាស់ មាន​បណ្តោយ​២​ហត្ថ ទទឹង​១​ហត្ថ​១​ចំអាម គេ​បត់​ខាង​ទទឹង​ជា​៣​ផ្ន​ត់ ។ សព្វថ្ងៃ យើង​ឃើញ​មាន​ព្រះសង្ឃ​ខ្មែរ​មួយចំនួន​ប្រើប្រាស់​សំពត់​នេះ​ដាក់​បំពាក់​លើ​ស្មា​បន្ថែម​ពីលើ​ស្បង់​ជីពរ ។ បើ​តាម​ការពន្យល់​ពី​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ថា ផា​ក្រាប គឺជា​សំពត់​សម្រាប់​រង​ទ្រាប់​បាតដៃ​ព្រមទាំង​អញ្ជលី​ក្រាបថ្វាយបង្គំ​ព្រះ ។​អ្វី​ជា​កត់សម្គាល់ កាលពី​ជំនាន់​សម្តេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គ​បាន​ដាក់​បម្រាម​មិន​ឱ្យ​ប្រើប្រាស់​ផាក្រាប​ជាដាច់ខាត រហូត​មាន​ចុះ​ព្រះរាជក្រម​លេខ ១៦៦ ន​.​ស​. ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​១៩៤៤ ដោយ​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ​វរ្ម័ន ទៀតផង ។​

​បើ​តាម​ការ​ការបញ្ជាក់​ពី​ព្រះ​តេជគុណ សុន សុគន្ធា សាស្ត្រាចារ្យ​សាលា​ពុទ្ធិក​នៅ​វត្ត​ចំពុះក្អែក​បាន​មាន​សង្ឃដីកា​ថា ផា​ក្រាប គឺជា​សំពត់​ដែល​មាន​ដើមកំណើត​ចេញពី​ប្រទេស​ថៃ ហើយ​វា​មិនមែន​ជា​វត្ថុ​សំខាន់​នៅក្នុង​ព្រះពុទ្ធសាសនា​ទេ ។ ផាក្រាប​ជា​ពាក្យ​សម្តី​របស់​ថៃ ពាក្យ​ថា ផា មានន័យ​ថា សំពត់ រីឯ​ក្រាប មានន័យ​ថា សម្រាប់​ថ្វាយបង្គំ ។ ដើម​ឡើយ​នៅ​ប្រទេស​ថៃ វា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជា​ទ្រនាប់​ដៃ ជូ​តដៃ ជូន​ជើង ឬ​ខ្លួន​ប៉ុណ្ណោះ ។ យ៉ាងណាម៉ិញ​នៅក្នុង​សង្គម​កម្ពុជាស​ព្វថ្ងៃ ព្រះសង្ឃ​និយម​យក​មេដាយ ឬ​ស័ក្តិ យក​វា​មក​បិទ ឬ​គៀប​នៅលើ​ផាក្រាប​នេះ​…
​សំឡេង ៖

​ព្រះ​តេជគុណ​បញ្ជាក់​បន្តថា នៅ​កម្ពុជា​មិន​តម្រូវ​ឱ្យ​ព្រះសង្ឃ​ឬ​និកាយ​ណាមួយ​ត្រូវតែ​ប្រើ​ផាក្រាប​នោះទេ ព្រោះ​វា​មិន​បាន​ជាប់ទាក់ទង និង​មិន​មាន​សារប្រយោជន៍​ដល់​ព្រះសង្ឃ​ដែល​បាន​បួស​ក្នុង​ព្រះពុទ្ធសាសនា​ឡើយ ។​សព្វថ្ងៃ​ការប្រើប្រាស់​ផា​ក្រាប គឺ​អាស្រ័យ​តាម​ការយល់ឃើញ​ពី​សារសំខាន់​នៃ​ការប្រើប្រាស់​ក្រណាត់​សំពត់​នេះ​តែប៉ុណ្ណោះ ។ បើ​អង្គណា គិត​ថា​ស្អាត សមរម្យ​ដល់​ការប្រើប្រាស់ ក៏​ប្រើ​ទៅ តែបើ​យើង​យល់ថា វា​មិនសូវ​សមរម្យ​ដល់​ការប្រើប្រាស់ ក៏​អត់​ទៅ ពុំ​មាន​ការហាមឃាត់ ឬ​បង្គាប់បញ្ជា​អំពី​ការប្រើប្រាស់​ឡើយ ។​

​តែ​បើ​តាម​ការបញ្ជាក់​ពី​ព្រះ​តេជគុណ ហោ សុខុន ព្រះចៅអធិការ​វត្ត​ច្បារអំពៅ ដែល​បាន​ប្រើប្រាស់​ផាក្រាប បាន​មាន​សង្ឃដីកា​ប្រាប់​ខ្ញុំ​ថា កាលពីដើម​ឡើយ មុន​ជំនាន់​សម្តេច​សង្ឃរា​ជជួ​ន​ណាត ខ្មែរ​យើង​បាន​យក​ផាក្រាប​ពី​ថៃ​មក​ប្រើប្រាស់​ទាំង​ដុល ។ នៅ​ថៃ គេ​ប្រើប្រាស់​ផាក្រាប​ដើម្បីឱ្យ​ព្រះសង្ឃ​ទ្រាប់​ជើង ទ្រនាប់​នេះ ធ្វើឡើង​ដើម្បី​រំឭក​គុណ​ដល់​ព្រះសង្ឃ ក៏​ព្រោះ​កាលពី​ជំនាន់​នោះ ថៃ​មាន​សង្គ្រាម ហើយ​ព្រះសង្ឃ​ថៃ​បាន​ចូលរួមចំណែក​ក្នុង​ការជួយ​ប្រទេស​ជាតិ មាន​គុណសម្បត្តិ អាច​ធ្វើឱ្យ​សត្រូវ​ខ្លបខ្លាច​និង​បង្ក្រាបសត្រូវ​បាន ដោយហេតុនេះ​ហើយ​ទើប​ស្តេច​ថៃ​បង្កើត​ទ្រនាប់​នេះ​ឡើង​ដល់​ព្រះសង្ឃ​ថៃ និង​ទី​ពីរ​គឺ​ប្រើប្រាស់​ដើម្បី​ក្រាល​ទ្រាប់​ថ្វាយបង្គំ ។​

​ក្នុង​ជំនាន់​សម្តេច​សង្ឃរាជ​ជូន​ណាត ពុំ​មាន​ការប្រើប្រាស់​ផាក្រាប​ទេ តែ​ក្រោយមក ផាក្រាប​ត្រូវបាន​សម្តេច​សង្ឃ​ខ្មែរ​ដឹកនាំ​យក​មក​ប្រើប្រាស់​វិញ ដោយ​បាន​រៀបចំ​ឱ្យ​ក្លាយជា​របស់​ខ្មែរ ផលិត​នៅ​ខ្មែរ​ដែល​មាន​ព្រះសង្ហា ក្បាច់​ខ្មែរ មាន​សរសេរ​ជា​អក្សរ​ខ្មែរ​ថា ព្រះ​ចៅ​ក្រុង​កម្ពុជា ។ នៅ​ឆ្នាំ​២០០១ ក្រោយ​មាន​ការពិភាក្សា​គ្នា​រវាង​សម្តេច​សង្ឃ​ខ្មែរ​ធំៗ ក៏​បាន​ព្រមព្រៀង​គ្នា​ស្នើសុំ​ដល់​ព្រះបាទ​នរោត្តម​សីហនុ ចេញ​ព្រះរាជ​ក្រិត​អនុញ្ញាតឱ្យ​ប្រើប្រាស់ ហើយ​សម្តេច​សង្ឃ​ក៏​បាន​ចេញ​លិខិតបញ្ជាក់​ថា ព្រះសង្ឃ​ទូទាំងប្រទេស អាច​ប្រើ​ផាក្រាប​ជា​ផ្លូវការ​បាន តែ​មិន​តម្រូវ​ឱ្យ​ប្រើ​នោះទេ បើ​អង្គណា​ពេញចិត្ត​ប្រើ​ក៏​ប្រើ មិន​ពេញចិត្ត​ប្រើ​ក៏​តាមចិត្ត ។​

​ព្រះ​តេជគុណ ហោ សុខុន បញ្ជាក់ថា ជា​អត្ថន័យ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ផាក្រាប​មាន​អត្ថន័យ​ចំនួន​ពីរ ទី​មួយ​គឺ ប្រើ​ដើម្បី​បញ្ជាក់​ពី​តំណែង​តួនាទី​របស់​ព្រះសង្ឃ​ក្នុង​សាសនា និង​ទី​ពីរ អាច​ចាត់ទុកជា​ការ​រំលឹក​គុណ​ដល់​ព្រះសង្ឃ​ដែល​បាន​ជួយ​ជាតិ ជួយ​សាសនា ។ ទោះយ៉ាងណា​ក៏ដោយ ព្រះ​តេជគុណ ហោ សុខុន បាន​អះអាង​ថា បើទោះបីជា​ព្រះ​តេជគុណ​បាន​ប្រើប្រាស់​ផាក្រាប​នេះ​ក៏​ពិតមែន តែ​ក៏​មិន​មានន័យ​ថា​គាំទ្រ​ឱ្យ​មាន​ការប្រើប្រាស់​ទេ ហើយក៏​មិន​ប្រឆាំង មិនឱ្យ​មាន​ការប្រើប្រាស់​ដែរ ។​

​បើ​តាម​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណងជើង​ថា ចីវរ​ក្ខ​ន្ធ​កៈ​សង្ខេប របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត​បាន​និពន្ធ​ឡើង​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​១៩៦៧ នៅ​វត្ត​ឧណ្ណា​លោម នា​ក្រុង​ភ្នំពេញ ត្រង់​ទំព័​រឃ មាន​កត់​បញ្ជាក់ថា ថៃ​បាន​បង្កើត​ផាក្រាប​ឡើងជា​យូរ​មក​ហើយ គឺ​ក្នុង​សម័យ​ដែល​ប្រទេស​ខ្លួន​មាន​ការ​ជ្រួលច្របល់ ។ ក្នុង​សម័យ​បច្ចុប្បន្ន ថៃ​បាន​បោះបង់​ចោល​ឈប់​ប្រើ​ផាក្រាប​ទៅហើយ ភិក្ខុ​ខ្មែរ​យើង​ពុំ​គួរ​យក​កាក​ជា​កម្អែល​ដែល​គេ​បោះចោល​នោះ​មក​ប្រើ​សោះឡើយ ។ សម្តេចព្រះសង្ឃរាជ​បាន​កត់ចំណាំ​បញ្ជាក់ថា ផាក្រាប​ដែលមាន​លំហូរ​ចូលមក​ក្នុង​ប្រទេស​កម្ពុ​ជា​នេះ ជា​អពមង្គល​ចង្រៃ​មួយ​ប្រភេទ ដែលនាំឱ្យ​អ្នកបួស​ក្នុងប្រទេស​កម្ពុជា​អាប់ឱន ដោយ​ជនបរទេស​គេ​បង្អាប់ ដូច​ពុទ្ធសាសនិកជន​នៅ​លង្កា ភូមា មន ឥណ្ឌា​ជា​ដើម គេ​ថា ភិក្ខុសង្ឃ​ខ្មែរ​មិនចេះ​វិន័យ​មិន​ស្គាល់​ខុស​ត្រូវ​គ្រប់សព្វ ទើប​ដល់​សម័យ​ព្រះបាទ​នរោត្តម សីហនុ​វរ្ម័ន ទ្រង់​ប្រោស​ព្រះរាជទាន​រដ្ឋធម្មនុញ្ញ​លើកតម្កើង​ព្រះពុទ្ធសាសនា ថា​ជា​សាសនា​របស់​រដ្ឋ ដូច្នេះ​យើង​ពុំ​គួរ​យក​ទំនៀមទម្លាប់​ដែល​ភ្លាំងភ្លាត់​ឃ្លាត​ចាក​ធម៌​វិន័យ​មក​អាង​ថា ជា​គោល​ចារឹក​ជា​ជំនួស​ព្រះពុទ្ធសាសនា​ដ៏​បរិសុទ្ធ​ឡើយ គួរតែ​ញុំ​ា​ង​សាមគ្គី​ព្រមព្រៀងគ្នា​ឱ្យ​លូតលាស់​ចម្រើន​ជានិច្ច​ឡើង ៕

(រាយការណ៍​ដោយ​៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត