ស្រមោល​បដិវត្តពណ៌​បន្តលង​អារម្មណ៍រដ្ឋាភិបាល​ខ្មែរឬ? ​

ដោយ៖ គួន សំបូរ 29-09-2017 11:31 am 2302
ការប៉ះទង្គិចគ្នារវាងអាជ្ញាធ ជាមួយពលរដ្ឋ នៅស្ពានអាកាសក្បាលថ្នល កាលពីឆ្នាំ២០១៣។

កាលពីដើមខែកញ្ញាឆ្នាំ២០១៧ លោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនក្រោមបទចោទ អំពើក្បត់ជាតិ។រដ្ឋាភិបាលបានហៅសកម្មភាពលោកកឹម សុខា និងអ្នកប្រឆាំងមួយចំនួនថា គឺជាដំណើរនៃសញ្ញាណបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្លួលរំលំរដ្ឋាភិបាលស្របច្បាប់។ប៉ុន្តែទស្សនៈមួយចំនួនលើកឡើងថា រដ្ឋាភិបាលកំពុងតែភ័យខ្លាចកាន់ខ្លាំងឡើងពីស្រមោលនៃបដិវត្តពណ៌ ទើបបង្កឱ្យចាត់វិធានការជាហូរហែ និងព្រមានមិនចេះចប់។

បដិវត្តន៍ពណ៌ ត្រូវបានលិចលឺសារជាថ្មីតាំងពីពាក់កណ្តាលឆ្នាំ២០១៥ ពោលគឺនៅពេលដែលអាជ្ញាធរ ចាប់ខ្លួននិស្សិតម្នាក់ឈ្មោះគង់ រ៉ៃយ៉ា ហៅកូកូ ផ្តន្ទាទោសដាក់ពន្ធនាគារ ក្រោយពីនិស្សិតរូបនេះ បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកថា នឹងផ្លាស់ប្តូររបបដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នតាមរយៈការធ្វើបដិវត្តពណ៌ និងបានស្វែងរកអ្នកចូលរួមជាមួយលោក និងនៅពេលចុងក្រោយនេះ គឺចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដោយចោទពីបទ ក្បត់ជាតិ ដែលរដ្ឋាភិបាល លើកឡើងថា វាគឺជាដំណើរនៃសញ្ញាណបដិវត្តន៍ពណ៌។

ជាការពិត ការប្រុងប្រយត្ន័ចំពោះពន្លកបដិវត្តន៍ពណ៌ ពីសំណាក់រដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ គឺជារឿងមួយដែលយើងគួរលើកទឹកចិត្ត។ពីព្រោះថា ប្រសិនបើចលនានោះ គឺជាផ្កាភ្លើងនៃបដិវត្តពណ៌មែននោះ វានឹងបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទាំងមូល។ពីព្រោះថា ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថេរភាពនយោបាយក្នុងប្រទេស គឺជាបច្ច័យល្អសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ប៉ុន្តែរដ្ឋាភិបាលក៏ពុំគួរភ័យខ្លាចហួសហេតុរហូតដល់ចាត់វិធានការ និងលាបពណ៌ ទៅលើអ្នកសម្តែងមតិមិនពេញចិត្តចំពោះសង្គមនោះដែរ។ព្រោះថាការបង្រាបគ្រប់រូបភាព គ្រាន់តែជាការសម្តែងមតិនិងការសម្តែងឆន្ទៈ មិនមែនជាបច្ច័យល្អសម្រាប់របបដឹកនាំរបស់រដ្ឋាភិបាលឡើយ។ផ្ទុយទៅវិញវិធានការនេះគ្រាន់តែជាការទប់ស្កាត់ពីរូបភាពខាងក្រៅតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បដិវត្តពណ៌ គឺជាចលនាមហាជនមួយ ដែលជាទូទៅតែងតែដឹកនាំដោយក្រុមយុវជនដែលមាននិន្នាការថ្មីនិងចង់ផ្លាស់ប្តូររបបដោយសារមានការកៀបសង្កត់ ការដឹកនាំផ្តាច់ការឬអំពើពុករលូយនិងអយុត្តិធម៌សង្គមជាដើម។ ការធ្វើបដិវត្តនេះធ្លាប់កើតមាននៅកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ហើយវាក៏កំពុងតែកើតមានក្នុងបណ្តាប្រទេសមួយចំនួនដូចជា៖ប្រទេសស៊ីរី ប្រទេសលីប៊ី អេហ្ស៊ីប ប្រទេសស៊ែប៊ី ប្រទេសអ៊ុយក្រែន និងទុយនីស៊ីជាដើម។ភាគច្រើនបដិវត្តពណ៌នេះ តែងតែមានប្រទេសមហាអំណាចនៅពីក្រោយ។

ជារួមមកវិញ បង្ការផ្នែកខាងក្រៅនៃចលនាប្រឆាំងនឹងរដ្ឋាភិបាល គឺមិនស្ថិតស្ថេរនោះទេ។ថ្ងៃណាមួយគំនិតប្រឆាំងនេះ អាចនឹងកើតមានឡើងវិញពេលណាមួយ។ចំណែកក្នុងអារម្មណ៍របស់រដ្ឋាភិបាល ក៏មិនអាចដឹងនាំក្នុងក្តីស្ងប់ចិត្តបានដែរ។

ហេតុដូច្នេះ ជាដំណោះស្រាយរដ្ឋាភិបាល គួរតែការព្យាយាមដោះស្រាយនូវបញ្ហាលំបាក និងភាពកង្វល់នានាដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ពលរដ្ឋ។បញ្ហាទាំងនោះមានដូចជា៖ ការស្វែងរកទីផ្សារលក់កសិផលរបស់ប្រជាកសិករ ភាពអយុត្តិធម៌នៅក្នុងសង្គម ភាពអសន្តិសុខ និងសណ្តាប់ធ្លាប់សាធារណៈ ទប់ស្កាត់គម្លាតអ្នកមាននិងអ្នកក្រ លុបបំបាត់អំពើពុករលួយ លុបបំបាត់ការបែងចែងបក្សពួក និងបញ្ហាក្នុងសង្គមមួយចំនួនទៀត។នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។បើតាមអ្នកវិភាគបើការងារទាំងនេះទទួលបានជោគជ័យ ពិតណាស់ចលនាប្រឆាំងរដ្ឋាភិបាលនឹងសាបរលាបជាក់ជាពុំខាន៕ 

ព័ត៌មានផ្សេងទៀត