លោក​ខៀវ កាញារីទ្ធ​​ថា​ការបិទ​​ការិយាល័យ​​វិទ្យុ​​អាស៊ីសេរី​ គឺ​ផ្ទុយ​​ពី​​គោល​ការណ៍​​របស់​​ក្រសួង​​

ដោយ៖ អឿន ភារ៉ា 28-09-2017 5:49 pm 2835
លោក​ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន (រូបថតដោយៈ អឿន ភារ៉ា)

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក​ខៀវ កាញារីទ្ធ បញ្ជាក់​ជាថ្មី​ថា ក្រសួង​ព័ត៌មាន​មិនបាន​បិទ​វិទ្យុ​អាស៊ីសេរី​នោះទេ គឺ​វិទ្យុ​នេះ​ទេ ដែល​បាន​បិទ​ការិយាល័យ​ដោយ​ខ្លួនឯង​។ លោក​អះអាងថា ការបិទ​ការិយាល័យ​នេះ គឺ​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​ព័ត៌មាន ដោយ​លោក​ថា ក្រសួង​ចង់ឲ្យ​វិទ្យុ​អាស៊ីសេរី មាន​ការិយាល័យ​ផ្ទាល់​មួយ​នៅ​ភ្នំពេញ តែ​វិទ្យុ​នេះ​នៅតែ​រឹងទទឹង​។

​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា បានចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា ខ្លួន​បង្ខំចិត្តផ្អាក​ដំណើរ​ការ​ការិយាល័យ​​នៅ​ទីក្រុង​ភ្នំពេញ​ មួយ​រយៈពេល​។ ហើយ​វិទ្យុ​អាស៊ីសេរី​ចោទថា រដ្ឋាភិបាល​កំពុង​ធ្វើទុក្ខបុកម្នេញ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​គូបដិបក្ខ​នៅមុន​ការបោះឆ្នោត ឆ្នាំ​២០១៨​។ ករណីនេះ រហូត​មកដល់ពេលនេះ នៅតែ​ធ្វើឲ្យ​អ្នកសារព័ត៌មាន​មួយចំនួ​ន​មិន​អស់ចិត្ត ហើយ​នៅតែ​បន្ត​ចោទសួរ​ទៅកាន់​ក្រសួង​ព័ត៌មាន​។​

​ជាថ្មី​ម្តងទៀត លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក្នុង​ពិធី​រំលឹក​ខួប​អ្នកកាសែត​ដែល​បាន​ស្លាប់ និង​បាត់​ខ្លួន​ក្នុង​សង្គ្រាម​នៅ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៨​កញ្ញា​នេះ អះអាងថា ក្រសួង​មិនបាន​បិទ​វិទ្យុ​អាស៊ីសេរី​នោះទេ ប៉ុន្ដែ​វិទ្យុ​នេះ មិនបាន​បំពេញ​កាតព្វកិច្ច​តាម​ផ្លូវច្បាប់ ហើយក៏​បិទ​ដោយ​ខ្លួនឯង​។ លោក​បញ្ជាក់​ជំហ​រថា ក្រសួង​ចង់ឲ្យ​វិទ្យុ​អាស៊ីសេរី​មាន​ការិយាល័​យ​ផ្ទាល់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ងាយស្រួល​ក្នុង​ការទំនាក់ទំនង តែ​លោក​ថា វិទ្យុ​មួយ​នេះ​នៅតែ​មិន​ចង់​បំភ្លឺ​ទើប​សម្រេច​ផ្អាក​ការិយាល័យ​តែម្ដង​។​
​សំឡេង​លោក​ខៀវ កាញារីទ្ធ​៖

​រហូត​មកដល់ពេលនេះ ក្រសួង​ព័ត៌មាន​នៅតែ​បើកផ្លូវ​ឲ្យមាន​ការសម្របសម្រួលគ្នា ដើម្បីឲ្យ​វិទ្យុ​មួយនេះ បន្ដ​ប្រតិបត្តិការ​របស់ខ្លួន​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ខៀវ កាញារីទ្ធ​។ តែ​យ៉ាងណា លោក​រដ្ឋមន្ត្រី​រូបនេះ បញ្ជាក់ថា ឥលូវ​នេះ​ក្រសួង​កំពុង​ពិចារណា ហើយ​មិនទាន់​ប្រាកដថា អាច​នឹង​បើក​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដំណើរ​ការិយាល័យ​វិញ​នៅពេលណា​នោះទេ​។ លោក​ថ្លែងថា​៖ «​បើ​បើក​ឲ្យ​ឥលូវ​គាត់​ត្រូវ​ប្រឈម​នឹង​បញ្ហា​មួយ គឺ​ការពិន័យ​ដែល​គាត់​បាន​ជួល​ឲ្យគេ​ហើយ​មិនបាន​បង់ពន្ធ អញ្ចឹង​បើ​និយាយ​ពី​ច្បាប់​ពន្ធ បើ​មួយឆ្នាំ​គាត់​មិន​បង់​ម្តង​ត្រូវ​ពិន័យ ឆ្នាំ​ទី​ពីរ​គឺ​ពិន័យ​លើ​ចំនួន​ដែល​គាត់​ជំពាក់​បូក​នឹង​ការពិន័យ​នឹង​ទៀត អញ្ចឹង​គាត់​ច្រើនណាស់​។ បើ​អញ្ចឹង​យើង​ទុក​សិន​ទៅ ព្រោះ​វិទ្យុ​នៅមាន​ច្រើន​ទៀត​ណាស់ ដែល​នៅ​ដំណើរការបាន »​។ ទន្ទឹមនឹងនេះ លោក​ថា ក្រសួង​ក៏​មិន​ចង់ឲ្យ​វិទ្យុមួយ​នេះ​បង់ពន្ធ​នោះទេ​។​

​ទោះបីជា​មិនមាន​ការិយាល័យ​ផ្ទាល់​នៅ​កម្ពុជា​ដូច​មុន ប៉ុន្តែ​វិទ្យុ​អាស៊ីសេរី នៅតែ​បន្ត​ផ្សព្វផ្សាយ​កម្មវិធី​ព័ត៌មាន​របស់ខ្លួន​ដូច​ធម្មតា តាមរយៈ​រលកធាតុអាកាស​វិទ្យុ​កម្រិត​ទាប (SW) លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក (Facebook) យូ​ធូប (YouTube) និង​គេហទំព័រ​របស់ខ្លួន​បន្តទៀត​។ ដោយឡែក បុគ្គលិក​របស់​ស្ថាប័ន​មួយ​នេះ ក៏​នៅតែ​បន្ត​រាយការណ៍ និង​យក​ព័ត៌មាន​បានដែរ​។

​យ៉ាងណា ទាក់ទិន​នឹង​បញ្ហា​នេះ លោក​ខៀវ កាញារីទ្ធ លើកឡើងថា បុគ្គលិក​វិទ្យុ​អាស៊ីសេរី ដែលមាន​កាត​នៅមាន​សុពលភាព​នោះ អាច​ទៅយក​ព័ត៌មាន​បាន​ដូច​ធម្មតា ប៉ុន្ដែ​ប្រសិនបើ​កាត​នោះ​ផុតកំណត់ ហើយ​បុគ្គលិក​វិទ្យុ​នេះ​នៅ​បន្ដសកម្មភាព​នោះ អាច​នឹង​ប្រឈមមុខ​ចំពោះ​ច្បាប់​ជាមិនខាន​។ លោក​ខៀវ កាញារីទ្ធ បន្ថែម​....
សំឡេង​លោក​ខៀវ កាញារីទ្ធ​៖

លោក​កៃ គឹម​សុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍

បើទោះជា​បែបណា និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក​កៃ គឹម​សុង យល់ថា ជម្រើស​បិទ​ការិយាល័យ​វិទ្យុ​អាស៊ីសេរី​នេះ អាច​ថា​ជា​វិធីសាស្ត្រ​ល្អ​មួយ​ដែល​អាចឲ្យ​ស្ថាប័ន​នេះ កាត់បន្ថយ​ការចំណាយ​ផ្សេងៗ ហើយ​វិទ្យុ​របស់ខ្លួន​នៅតែ​អាច​ដំណើរការបាន​ធម្មតា​។ អ្នកកាសែត​ជើងចាស់​រូបនេះ លើកឡើងថា នេះ​ក៏​ជា​វិធី​ល្អ​នៅ​ថ្ងៃ​ខាងមុខ សម្រាប់​ស្ថាប័ន​កាសែត​ផ្សេងទៀត អាច​ធ្វើបាន​ដូចគ្នា​ដែរ ហើយ​មិនមាន​ការបាត់បង់​សិទ្ធិសេរីភាព ឬ​ប៉ះពាល់​ដល់​អ្នកកាសែត​នោះទេ​។​
​សំឡេង​លោក​កៃ គឹម​សុង​៖

​សូមបញ្ជាក់ថា វិទ្យុ​អាស៊ីសេរី​ដែល​បាន​ដំណើរការ​នៅ​កម្ពុជា​អស់​រយៈពេល​ជិត ២០​ឆ្នាំ​មកហើយ​នោះ បានសម្រេច​បិទ​ការិយាល័យ​របស់ខ្លួន​នៅ​កម្ពុជា ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុងភ្នំពេញ កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៧​។ ក្រោយ​បិទ​ការិយាល័យ​ភ្លាម វិទ្យុ​មួយ​នេះ​បាន​បែងចែក​ឲ្យ​បុគ្គលិក​របស់ខ្លួន​ទាំងអស់​នៅ​កម្ពុជា​ធ្វើការ​រៀងៗ​ខ្លួន នៅតាម​ផ្ទះ ឬ​ទីកន្លែង​ណា​ក៏បាន ដែល​អាច​បញ្ជូន​ព័ត៌មាន​ទៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។​

ការ​សម្រច​ផ្អាក​ប្រតិបត្តិកា​រការិយាល័យ​នេះ គឺធ្វើឡើង​ស្របពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ចាត់វិធានការ​តឹងរឹង​ទៅលើ​ស្ថាប័ន​ព័ត៌មាន​មួយចំនួន ដែល​មិន​គោរព​ច្បាប់ និង​មិន​បង់ពន្ធ​ជូន​រដ្ឋ​។ កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា កាសែត ឌឹ ខេ​ម​បូឌា ដេលី ក៏បាន​បិទ​ការិយាល័យ​របស់ខ្លួន​ផងដែរ ខណៈ​អគ្កនាយកដ្ឋាន​ពន្ធដា​កម្ពុជា​ទាមទារ​បំណុ​លពន្ធ ដែល​ជំពាក់​ជាង ៦​លាន​ដុល្លារ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត