លោកហ៊ុន សែន​ប្រាប់កម្មករថា ​ការងារ​មានសព្វថ្ងៃ​គឺ​បានមកដោយសារ​បក្សប្រជាជន ​

ដោយ៖ គួន សំបូរ 27-09-2017 4:22 pm 1900
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពេលជួបជាមួយកម្មករនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧។រូបពីផេកលោកនាយករដ្ឋមន្ត្រីហ៊ុនសែន

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យកម្មករ-កម្មការិនីទាំងអស់ត្រូវកាប់ថ្មចំណាំថា ការងារ និងអត្ថប្រយោជន៍ដែលកំពុងតែកើតមានសព្វថ្ងៃ គឺបានមកដោយសារតែគណបក្សប្រជាជនកម្ពុជារបស់លោក មិនមែនជារបស់បក្សប្រឆាំងឡើយ។ក្រៅពីនេះលោកបានស្នើឱ្យកម្មករចូលរួមអនុវត្តគោលការណ៍ ចំនួន៥ចំណុច ដើម្បីអភិវឌ្ឍប្រទេស។ 

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលក្រោមការដឹងនាំរបស់គណបក្សប្រជាជនរបស់លោក តែងតែព្យាយាមសុំជំនួយ សុំអ្នកវិនិយោគពីក្រៅប្រទេស ដើម្បីជួយដល់កម្ពុជា និងស្នើសុំឱ្យបរទេសទិញទំនិញរបស់កម្ពុជា។ដូច្នេះហើយបានជាកម្មករ កម្មការិនី មានការងារធ្វើដូចសព្វថ្ងៃ។

ទន្ទឹមនឹងការខិតខំរបស់រាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីលើកឡើងថា ក៏មានក្រុមប្រឆាំងផងដែរ តែងតែព្យាយាមជំទាស់ចំពោះការស្នើសុំរបស់រដ្ឋាភិបាល ពោលគឺក្រុមប្រឆាំង បានរារាំងមិនឱ្យកម្ពុជាទទួលផលប្រយោជន៍ដូចជា ការស្នើសុំកុំឱ្យគេផ្តល់ជំនួយដល់កម្ពុជា កុំឱ្យវិនិយោគនៅកម្ពុជា និង កុំទិញទំនិញពីកម្ពុជាជាដើម…

សំឡេងលោកហ៊ុន សែន៖

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលដែលលោកជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅចាក់អង្រែលើនៅថ្ងៃទី២៧ ខែកញ្ញានេះ។នៅចំពោះមុខកម្មកររោងចក្រ ជាង១ម៉ឺននាក់ លោកនាយករដ្ឋមន្ត្រី ថែមទាំងស្នើឱ្យកម្មករចូលរួមអនុវត្តគោលការណ៍ចំនួន៥ចំណុច ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ដោយក្នុងនោះទី១តម្រូវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវនាំគ្នាថែរក្សាសន្តិភាព។លោកថា ការចូលរួមថែក្សាសន្តិភាព គឺជាផ្លូវធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើននាពេលអនាគត។

ទី២ រួមគ្នារក្សាការងារ និងបង្កើតការងារ។ទី៣រួមគ្នាបង្កើនប្រាក់ចំណូល។ទី៤ កម្មករនឹងទទួលបានអត្ថប្រយោជន៍លើការថែទាំសុខភាពដោយឥតគិតប្រាក់ពីមន្ទីពេទ្យរដ្ឋ និងទី៥នៅពេលអនាគតរដ្ឋាភិបាលនឹងខិតខំរៀបចំកែលំអរោងចក្រកាន់តែមានលក្ខណៈល្អប្រសើ។

គួរកត់សម្គាល់ថា នៅក្នុងរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា កាន់តែបន្ថែមធ្វើកំណែទម្រង់នៅលើគោលនយោបាយរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការដោះស្រាយផលលំបាក់នានា​ជូន​កម្មករ ការរៀបចំសណ្តាប់ធ្លាប់សាធារណៈ។កំណែទម្រង់នេះកំពុងទទួលបានការគាំទ្រច្រើនពីពលរដ្ឋ។តែយ៉ាងណាក្តី សម្រាប់អ្នកតាមដានសង្គម និងនយោបាយមួយចំនួនមើលឃើញថា នេះជាយុទ្ធសាស្រ្តថ្មីរបស់រដ្ឋាភិបាល ដើម្បីស្វែងរកការគាំទ្រខាងនយោបាយ ខណៈការបោះឆ្នោតជាតិជិតឈានមកដល់៕ 

ព័ត៌មានផ្សេងទៀត