ទន្ទឹមនឹង​​ការរីកចម្រើន​​ពិភពលោក​​នៅតែ​ជួប​​​បញ្ហា​ប្រឈម​ធំៗ​

ដោយ៖ ពេញ ផេង 26-09-2017 4:04 pm 213
រូបភាព​បង្ហាញពីវិបត្ដិដែលពិភពលោកកំពុងជួបប្រទះ

​ទន្ទឹមនឹង​ការ​បោះជំហាន​ទៅមុខ ជាមួយ​ការរីកចម្រើន​ស្ទើរ​គ្រប់​វិស័យ ធ្វើឲ្យ​ពិភពលោក​ពោរ ពេញ​ដោយ​ភាព​ស៊ីវិល័យ​។​ប្រជាជន​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​និង​ប្រទេស​អភិវឌ្ឍន៍ បាន​ស្គាល់​នូវ​អ្វីដែល​ចាត់ទុកថា ជា​របកគំហើញ​សម័យ​ទំនើប មាន​បច្ចេកវិទ្យា​ស្ថិតក្នុង​កម្រិត​ខ្ពស់ ធ្វើឲ្យ​ជីវិត​រស់នៅ​របស់​ពួកគេ​ខុសប្លែក​ពី​សម័យ​អតីតកាល​។​ប៉ុន្ដែ​ស្របគ្នា​ជាមួយ​ការអភិវឌ្ឍ ពិភពលោក​ទាំងមូល​ក៏​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ធំៗ​ផងដែរ​។​បញ្ហា​ប្រឈម​ចំនួន​១០ ដែល​កំពុង​កើតឡើង​ក្នុង​សកលលោក​បច្ចុប្បន្ន​។​នេះ​បើតាម​ការបញ្ជាក់​ពី​ក្រុម​អ្នកស្រាវជ្រាវ​។​ចង់ដឹងថា​មាន​អ្វីខ្លះ ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​Millennials បញ្ហា​ប្រឈម​ទាំង​១០​នោះ​គឺ​៖

១០ ភាព​អត់​ការងារ​ធ្វើ​និង​ការខ្វះខាត​ផ្នែក​សេដ្ឋកិច្ច​(១៤.២%)
​ដ្បិតថា​ការងារ​ថ្មីៗ​ជាច្រើន​ត្រូវបាន​បង្កើតឡើង ប៉ុន្ដែ​ក៏​នៅមាន​មនុស្ស​អត់​ការងារ​ធ្វើ​ច្រើន​។​កំណើន​មនុស្ស​ចេះតែ​កើនឡើង ដូច្នេះ​តម្រូវឲ្យមាន​ការបង្កើ​ត​ការងារ​បន្ថែម ពិសេស​នៅតាម​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​ក្រីក្រ ដែល​កំពុង​ជួបប្រទះ​ភាព​អត់​ការងារ​ធ្វើ ឈានទៅដល់​ការខ្វះខាត​ផ្នែក​សេដ្ឋកិច្ច គឺ​កំណើនសេដ្ឋកិច្ច​ស្ថិតក្នុង​កម្រិត​ទាប​។​

៩ កង្វះខាត​ទឹកស្អាត និង​អាហារ​មាន​អនាម័យ​បរិភោគ​(១៥.១%)
​មិន​ថា​នៅ​តំបន់​អឺរ៉ុប នៅ​អាមេរិក​ឡាទីន នៅ​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក រួមទាំង​តំបន់​មួយចំនួនទៀត កំពុង​បន្ដ​ខ្វះខាត​ទឹកស្អាត និង​ចំណីអាហារ​មាន​អនាម័យ ជាហេតុ​ធ្វើឲ្យ​ប្រជាជន​កើត​ជំងឺ និង​ស្លាប់បាត់​បង់ជីវិត ដោយសារតែ​ខ្វះ​អាហារ​បំប៉ន​សុខភាព​។​អ្វីដែល​សំខាន់​ប្រទេស​ដែលមាន​សង្គ្រាម ដូចជា​នៅ យេមែន ស៊ូដង់​ខាងត្បូង អ៊ីរ៉ាក់ ស៊ី​រី​ជាដើម ប្រជាជន​ក្នុង​តំបន់​សង្គ្រាម ត្រូវ​ខ្វះខាត​ស្បៀងអាហារ​នឹង​ទឹក​ប្រើប្រាស់​។​

៨ ខ្វះ​សេរីភាព​នយោបាយ​និង​អស្ថិរភាព​នយោបាយ​(១៥.៥%)
​ក្រុម​អ្នកស្រាវជ្រាវ​បាន​បង្ហាញថា​នៅ​អាស៊ី​ខាងកើត នៅ​តំបន់​ប៉ាស៊ីហ្វិក និង​តំបន់​អឺរ៉ុប​ជាដើម ត្រូវបាន​រំខាន​ដោយសារតែ​សេរីភាព​នយោបាយ និង​បញ្ហា​អស្ថិរភាព​នយោបាយ​។​នៅក្នុង​ពិភពលោក​បច្ចុប្បន្ន ពុំទាន់​មាន​សេរីភាព​គ្រប់គ្រាន់​ទាក់ទង​នឹង​បញ្ហា​នេះ​ទេ ជាហេតុ​ធ្វើឲ្យ​ប្រជាជន​ផ្ទុះ​ការតវ៉ា​ទាមទា​រសិ​ទ្ធិ​សេរីភាព​របស់គេ​។​

៧ ខ្វះខាត​ខាង​វិស័យ​អប់រំ​(១៦.៥%)
​ក្រុម​អ្នកស្រាវជ្រាវ​នៅតែ​ព្រួយបារម្ភ​ពី​វិស័យ​អប់រំ​នៅ​ជុំវិញ​ពិភពលោក​។​ស្ទើរ​គ្រប់​ប្រទេស​ក្នុង​ពិភព​កលោក បាន​បង្កើន​ការយកចិត្ដទុកដាក់​លើ​វិស័យ​អប់រំ ដើម្បី​បង្កើន​ធនធានមនុស្ស ជួយ​អភិវឌ្ឍ​ប្រទេសជាតិ​។​ប៉ុន្ដែ​ប្រព័ន្ធ​អប់រំ​មិនបាន​ដំណើរការ​ល្អប្រសើ​រទាំង​ស្រុង​ទេ នៅតាម​បណ្ដា​ប្រទេស​មួយចំនួន​។​តាម​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​និង​ប្រទេស​ក្រីក្រ នៅតែមាន​ការបោះ​បង់កា​រ​សិក្សា​។​ប្រទេស​ខ្លះ​ប្រជាជន​មិនអាច​ទទួលបាន​ការអប់រំ​គ្រប់គ្នា​ឡើយ ដោយសារ​នៅមាន​ភាពកម្សោយ​លើ​វិស័យ​នេះ​។

៦ បញ្ហា​សន្ដិសុខ សុវត្ថិភាព និង​សុខុមាលភាព​(១៥.១%)
​បញ្ហា​សន្ដិសុខ សុវត្ថិភាព និង​សុខុមាលភាព នៅតែ​ជា​កង្វល់​សម្រាប់​ប្រជាជន​ជុំវិញ​ពិភពលោក​។​ពួកគេ​ព្រួយបារម្ភ​ពី​ការ​ហានិភ័យ​ដែល​អាច​កើតឡើង និង​ទទួច​ឲ្យមាន​ការយកចិត្ដទុកដាក់​ពី​រដ្ឋាភិបា​លរៀងៗ​ខ្លួន ការពារ​ដល់​ប្រជាជន​កុំឲ្យ​មាន​គ្រោះថ្នាក់ បង្កឡើង​ដោយ​បញ្ហា​សន្ដិសុខ សុវត្ថិភាព និង​សុខុមាលភាព​នេះ​។​

៥ ការទទួលខុសត្រូវរ​បស់​រដ្ឋាភិបាល តម្លាភាព និង​អំពើពុករលួយ​(២១.៧%)
​មិន​ថា​ប្រទេស​ក្រីក្រ ប្រទេស​កំពុងអភិវឌ្ឍន៍ ប្រទេស​អភិវឌ្ឍន៍ អំពើពុករលួយ​នៅតែ​កើតមានឡើង​។​នៅពេល​មាន​អំពើពុករលួយ គឺមាន​ការគាបសង្កត់ ការកេងប្រវ័ញ្ច ធ្វើឲ្យ​គ្មាន​តម្លាភាព គ្មាន​ភាពត្រឹមត្រូវ​។​ពេលនោះ​ហើយ​ដែល​ប្រជាជន​នាំគ្នា​ចោទប្រកាន់​រដ្ឋាភិបាល​ថា គ្មាន​ទំនួល​ខុសត្រូវ​ពិតប្រាកដ ក្នុង​ការដោះស្រាយ​បញ្ហា​សង្គម ឬ​ប្រទេសជាតិ​។​ប្រទេស​ជុំវិញ​ពិភពលោក នៅតែ​បន្ដ​ជួប​បញ្ហា​ទាំងនេះ​នៅឡើយ​។​

៤ ភាពក្រីក្រ​(៣១.១%)
​ភាពក្រីក្រ​គឺជា​បញ្ហា​ប្រឈម​ធំ​មួយ​ក្នុងចំណោម​បញ្ហា​ប្រឈម​ធំៗ​ជាច្រើន​ទៀត​។​នៅពេល​ប្រទេសមួយ​មាន​ភាពក្រីក្រ​កើតឡើង ការអភិវឌ្ឍ​វិស័យ​ផ្សេងៗ​ក៏​ពិបាក​នឹង​ដើរ​ទៅមុខ​។​ចង់​រីកចម្រើន​លុះត្រាតែ​ជីវភាព​ប្រជាជន​បាន​ល្អប្រសើរ តែ​ប្រើ​ប្រជាជន​រស់នៅក្នុង​ភាពក្រីក្រ ច្បាស់​ណាស់​ថា​វា​នឹង​ទាញ​ឲ្យ​ប្រទេស​នោះ​ធ្លាក់​ក្នុង​ភាពក្រីក្រ​ដែរ​មិន​ខាន​។​បច្ចុប្បន្ន​អង្គការ​អន្ដរជាតិ​ធំៗ កំពុង​បំពេញការងារ​ក្នុងន័យ​ព្យាយាម​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការ​ផ្ដល់នូវ​ចំណេះ​ជំនាញ​ដល់​ប្រជាជន​ខ្សត់ខ្សោយ​ក្នុង​ពិភពលោក​។​

៣ ជម្លោះ​សាសនា​(៣៣.៨%)
​ជម្លោះសាសនា​យើង​សង្កេតឃើញ​មាន​ច្រើន​នៅ​តំបន់​មជ្ឈិមបូព៌ា ដូចជា​នៅ​ស៊ី​រី អ៊ីរ៉ាក់ នៅ​អាហ្វ្រិក​ខាងជើង នៅ​អាស៊ី​ខាងត្បូង និង​នៅ​អឺរ៉ុប​ក៏មាន​។​ជំហរ​ជឿ​ងប់ងុល​ធ្វើឲ្យ​មនុស្សគិត​ខុស​ទៅវិញ​។​សាសនា​នីមួយៗ​តែង​អប់រំ​ឲ្យ​មនុស្សធ្វើ​ល្អ ប៉ុន្ដែ​អ្វីដែល​សំខាន់​គឺ​អ្នក​ដែល​គោរព​សាសនា​ជា​អ្នក​អនុវត្ដ​ខុស​។​ពួកគេ​បែរជាយក​សាសនា​ធ្វើជា​អាវុធ​វាយប្រហារ​គ្នា ដោយ​គិតថា​សាសនា​ខ្លួនឯង​ល្អ​ជាង​សាសនា​ដទៃ​។​

២ ជម្លោះ​ទ្រង់ទ្រាយ​ធំ​និង​សង្គ្រាម​(៣៨.៥%)
​ងាក​ទៅ​និយាយ​នៅ​តំបន់​មជ្ឈិមបូព៌ា រួមទាំង​តំបន់​អារ៉ាប់​ផងដែរ ដែល​កំពុងមាន​សង្គ្រាម​កើតឡើង​។​យើង​ឃើញជាក់ស្ដែង​មាននៅ​ស៊ី​រី អ៊ីរ៉ាក់ និង​យេមែន​ជាដើម​។​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ក្រោយ​ផ្ទុះ​សង្គ្រាម​។​ក្រៅពីនេះ​មាន​មនុស្ស​ជម្លៀស​ខ្លួន​រាប់លាន​នាក់​ទៀត​។​ក្រុម​អ្នកជំនាញ​កំពុង​បារម្ភ​ពី​ជម្លោះ និង​សង្គ្រាម​ដែល​កំពុង​កើតឡើង​ក្នុង​ពិភពលោក ដែល​ប្រទេស​ខ្លះ​មិនទាន់​អាច​បញ្ចប់​បាន​ផង​។​

១ ការប្រែប្រួល​អាកាសធាតុ និង​ការបំផ្លាញ​ធនធានធម្មជាតិ​(៤៥.២%)
​ការប្រែប្រួល​អាកាសធាតុ​បាន​ក្លាយជា​ប្រធានបទ​សម្រាប់​ប្រទេស​អភិវឌ្ឍ​ពិភាក្សាគ្នា និង​រក​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។​វិនាស​សកម្ម​កើតឡើង​ដោយ​គ្រោះធម្មជាតិ​នេះ ពិតជា​ពិបាក​ប៉ាន់ស្មាន ហើយក៏​ពិបាក​បង្ការ​ទុក​មុន​ដែរ​។​យើង​ឃើញ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ការវាយប្រហារ​ដោយ​គ្រោះធម្មជាតិ​មាន​ទឹកជំនន់ ខ្យល់ព្យុះ បាន​រាលដាល​ដល់​ប្រទេស​ជាច្រើន ព្រមទាំង​បង្ក​ការខូចខាត​យ៉ាងដំណំ​។​ការបំផ្លាញ​ធនធានធម្មជាតិ​ក៏​ជា​បញ្ហា​ប្រឈម ព្រោះ​វា​អាច​បាត់បង់​នូវ​ប្រភព​ផ្គត់ផ្គង់​ដ៏​សំខាន់ ជា​កត្ដា​បណ្ដាលឲ្យមាន​ហានិភ័យ​ខ្ពស់​៕

ព័ត៌មានផ្សេងទៀត