ឧទ្ធរណ៍​៖​ទង្វើ​មេធាវី​ការពារ​ក្តី បី​ដូចជា​ទទួលស្គាល់​លោក​កឹម សុខា​ជា​ជនជាប់ចោទ

ដោយ៖ សៅ វិសាល 26-09-2017 3:57 pm 2748

​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ និង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ក្រុម​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា ដែល​ជា​ជន​ត្រូវ​ចោទ និង​ជា​អ្នក​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ដីកាឃុំខ្លួន លោក​កឹម សុខា ប៉ុន្តែ​បែរជា​ធ្វើពហិការ​ដើរចេញ មិន​បាន​នៅ​លើក​ពី​មូលហេតុ នៃ​បណ្តឹង​ឧទ្ធរណ៍​របស់ខ្លួន នៅក្នុង​បន្ទប់​សវនាការ​ទៅវិញ​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បាន​លើកឡើង​ថា ការបកស្រាយ​ពី​ការប៉ះពាល់​ដល់​សិទ្ធិ របស់​ជន​ត្រូវ​ចោទ​នៃ ក្រុម​មេធាវី​ការពារ លោក​កឹម សុខា ជា​សាធារណៈ មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​ឡើយ​។ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បញ្ជាក់ថា សំណុំរឿង​នេះ គឺជា​សំណុំរឿង​មុន​អង្គសេចក្តី មិនមែន​ជា​សំណុំរឿង​អង្គសេចក្តី ដែល​ចាំបាច់​ត្រូវ​មាន​ជនជាប់ចោទ​ទេ ភាពខុសគ្នា​នេះ គឺ​មាន​ចែង​ក្នុង​ច្បាប់​យ៉ាង​ច្បាស់លាស់​។​

​បើ​តាម​លោក ទូច ថា​រិទ្ធិ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បញ្ជាក់​ក្រោយ​បញ្ចប់​ការសួរដេញដោល​ជា លើ​សំណើរ​សុំ​នៅក្រៅ​ឃុំ របស់​លោក​កឹម សុខា នា​ថ្ងៃ​ទី​២៦ កញ្ញា​នេះ​ថា សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ បានសម្រេច​តម្កល់​ការសម្រេច របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ពោល​គឺ បន្ត​ឃុំខ្លួន​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ដដែល​។​

លោក​ហែម សុជាតិ មេធាវី​មួយ​រូ​ម ក្នុងចំណោម​មេធាវី​ការពារ​លោក​កឹម សុខា ថ្លែងថា ដំណើរការ​នីតិវិធី​មួយ ដែល​មាន​យុត្តិធម៌ តាម​ច្បាប់​អន្តរជាតិ គឺ​វត្តមាន​របស់​ជន​ត្រូវ​ចោទ នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​ជំនុំជម្រះ ជា​សភា​ស៊ើបសួរ​ក្តី គឺ​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​គាត់ នឹង​ឆ្លើយ​ដោះសារ តើ​គាត់​បាន​ធ្វើ​អ្វីខ្លះ​? តើ​អំពើ​របស់​គាត់​ដែល​បាន​ធ្វើ​នោះ ជា​បទល្មើស ឬ​មិនមែន​ជា​បទល្មើស​? តើ​លក្ខខណ្ឌ​អ្វីខ្លះ ដែល​អាច​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​បាន​? នេះ​ជា​ហេតុផល​សំខាន់បំផុត ដែល​ត្រូវតែ​មាន​វត្តមាន របស់​កូនក្តី​។ លោក​បន្តថា តុលាការ​បាន​រំលោភ​នីតិវិធី ឯ​ដំណាក់កាល​បន្តបន្ទាប់​ត​ទៅទៀត នៃ​ចំណាត់ការ​របស់​តុលាការ លោក​ក៏​មិន​សង្ឃឹមថា នឹង​មាន​យុត្តិធម៌​ចំពោះ​កូនក្តី​របស់​លោក​ដែរ​។​

​សំឡេង​

​ទាក់ទង​នឹង​បញ្ហា​នេះ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​បញ្ជាក់ថា «​នៅក្នុង​ដំណាក់កាល​ស៊ើបសួរ ឈ្មោះ កឹម សុខា មាន​ឋានៈ​ជា​ជន​ត្រូវ​ចោទ​នៅឡើយ ដូច្នេះ​ការលើក​យក​តាម​មាត្រា​៣០០ និង​៣០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ របស់​ក្រុម​មេធាវី​ការពារ​ឲ្យឈ្មោះ កឹម សុខា ដើម្បី​ទាមទារ ឲ្យមាន​វត្ត​មានជន​ត្រូវ​ចោទ ក្នុង​សវនាការ គឺជា​ការយល់ច្រឡំ​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​មាត្រា​នេះ​ចែង មាន​អត្ថន័យ​ទាក់ទង​នឹង​ជនជាប់ចោទ ដូច្នេះ​ការលើកឡើង​របស់​ក្រុម​មេធាវី​នេះ ហាក់​បែរ​ជា​ទទួលស្គាល់​ថា ឈ្មោះ កឹម សុខា គឺជា​ជនជាប់ចោទ​»​។​

តែ​ទោះជា​យ៉ាងណា លោក​ហែម សុជាតិ អះអាងថា លោក​នឹង​ពិភាក្សា​ជាមួយ​ក្រុម​មេធាវី ដើម្បី​រៀបចំ​ឯកសារ​ប្តឹង​សាទុក្ខ ទៅ​តុលាការ​កំពូល​ជា​បន្ត​ទៀត ដើម្បី​ជំទាស់​ទៅ​នឹង​នីតិវិធី​របស់​សាលាឧទ្ធរណ៍​ពេលនេះ​។​

សំឡេង

​គួរ​រម្លឹក​បន្តិច​ថា គិត​មកដល់ពេលនេះ មាន​រយៈពេល​ជិត​១​ខែ​ហើយ ដែល​លោក​កឹម សុខា ត្រូវបាន​ចាប់ និង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ត្រ​ពាំ​ថ្លុង ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពី​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង ចោទប្រកាន់​ពីបទ «​សន្និដ្ឋិភាព​ជាមួយ​បរទេស​» តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​រំលងអធ្រាត្រ​ថ្ងៃទី​០៣​ខែ កញ្ញា ក្រោយ​ពី​លេច​ធ្លាយ ខ្សែ​វីដេអូ​មួយ លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែល​លោក​កឹម សុខា បាន​លើកឡើង​ថា លោក និង​អ្នកជំនាញ​អាមេរិក បាន​ទាក់់ទង​គ្នា តាំងពី​ឆ្នាំ​១៩៩៣ ដើម្បី​រៀប​យុទ្ធសាស្ត្រ ក្នុង​ការផ្តួលរំលំ រដ្ឋាភិបាល ដឹកនាំ​ដោយ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត