លោក​ហ៊ុន សែន​ មាន​សង្ឃឹមថា​​ពលរដ្ឋ​នឹង​បន្ត​​បោះឆ្នោត​​គាំទ្រ​​គណបក្ស​ប្រជាជន​​ទៀត​​

ដោយ៖ ខាត់ សុធី 25-09-2017 2:19 pm 1063
លោកហ៊ុន សែន ក្នុង​កម្មវិធី​បិទទ្វារ​ទំនប់ទឹក​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ខេត្តស្ទឹងត្រែង

​នៅ​អាណត្តិ​ទី​១ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ទទួលបាន​ជ័យជម្នះ​ទេ​។​គណបក្ស​ដែល​រំដោះ​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​ដ៏​យង់ឃ្នង​មួយ​នេះ ទទួលបាន​ត្រឹមតែ​លេខ​រៀង​ទី​២ ដែលមាន​សំឡេង​ប្រកៀក​ប្រកិត​គ្នា ជាមួយនឹង​គណបក្ស​រាជានិយម​ហ្វ៊ុន ស៊ិន ប៉ិច របស់​សម្តេចក្រុមព្រះ​។​ប៉ុន្តែ​ចាប់តាំងពី​អាណត្តិ​ទី​២​មក គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង​នាំមុខ ជា​បន្តបន្ទាប់ រហូតដល់​៩០​អាសនៈ​នៅ​អាណត្តិ​ទី​៤ ខណៈដែល​គណបក្ស​រាជានិយម​ហ្វ៊ុន ស៊ិន ប៉ិច របស់​សម្តេចក្រុមព្រះ បាត់បង់​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​ជា​បន្តបន្ទាប់ រហូត​សូន្យ​អាសនៈ នៅ​អាណត្តិ​ទី​៥​នេះ​។​

​ប៉ុន្តែ​ជា​ការកត់សម្គាល់ គណបក្សប្រឆាំង ដែល​ពីមុន​មានតែ​គណបក្ស​សម រង្ស៊ី របស់លោក​សម រង្ស៊ី និង​ក្រោយមក​មាន​គណបក្ស​សិទ្ធិមនុស្ស របស់លោក​កឹម សុខា  ចាប់ផ្តើម​ស្រូប​ទាញ​សំឡេងគាំទ្រ​ខ្លាំង​ឡើង​។​នៅពេល​គណបក្ស​ទាំងពីរ​រួមគ្នា​ទៅជា​គណបក្ស​សង្គ្រោះ​ជាតិ តែមួយ ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា របូត​អាសនៈ​អស់​ជាង​២០ ពោល គឺ​ពី​៩០​អាសនៈ​នៅ​អាណត្តិ​ទី​៤ នៅសល់​ត្រឹមតែ​៦៨ អាសនៈ​នៅ​អាណត្តិ​ទី​៥​នេះ​។​ឯ​គណបក្សប្រឆាំង បាន​កើន​ពី​ជាង​២០ អាសនៈ ដល់​៥៥ អាសនៈ​ដែល​នឹកស្មាន​មិន​ដល់​។​ចំណែក​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ថ្មីៗ​នេះ ទៀតសោត ការកើនឡើង​សំឡេង​នៃ​គណបក្សប្រឆាំង បាន​ក្លាយជា​សុ​ទ​ដ្ឋិ​និយមនៃ​ក្រុម​នេះ ក្នុង​ការដណ្តើម​ជ័យជម្នះ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០១៨​។​

​គណបក្ស​ឆាំង ក្រុមអ្នកតាមដាន​ស្ថានការណ៍​សង្គម​មួយចំនួន រួមទាំង​មជ្ឈដ្ឋាន​អន្តរជាតិ​ខ្លះ​ផង មើលឃើញថា គណបក្សប្រឆាំង​ដ៏​ធំ​នេះ ចាប់ផ្តើម​មាន​កម្លាំង​ស្មើ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​នឹង​ធ្វើឲ្យ​សង្វៀន​ប្រកួត​នៅ​ឆ្នាំ​២០១៨ កាន់តែ​ស្វិតស្វាញ និង​ក្តៅគគុក​។​

​យោង​លើ​លទ្ធផល​កើនឡើង​ជា​លំដាប់​របស់​គណបក្សប្រឆាំង និង​ការធ្លាក់​អាសនៈ​របស់​គណបក្សកាន់អំណាច​ផង ក្រុមអ្នកតាមដាន​ស្ថានការណ៍​សង្គម​មួយចំនួន ថា​គណបក្ស​ឆាំង អាច​នឹង​ដណ្តើមបាន​ជ័យជម្នះ​មិន​ខាន​។​ប៉ុន្តែ​ជា​បន្តបន្ទាប់ ទាំង​គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច សុទ្ធតែ​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ពី​ជ័យជម្នះ​រៀងៗ​ខ្លួន សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ ខាងមុខ​។​

ជាថ្មីទៀត ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​បាន​ថ្លែង​ក្នុង​កម្មវិធី​បិទទ្វារ​ទំនប់ទឹក​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ខេត្តស្ទឹងត្រែង​ថា ប្រជាពលរដ្ឋ នឹង​នៅតែ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​របស់លោក​ជា​បន្ត​ទៀត​។​ឯ​រូបលោក​នឹង​ធ្វើជា​នាយករដ្ឋមន្ត្រី​១០​ឆ្នាំ​ទៀត ខណៈ​លោក​អះអាងថា យ៉ាងហោចណាស់​លោក​អាច​បន្តរ​ស់បាន​៣០​ឆ្នាំ​ទៀត​.........

សំឡេង​លោក​ហ៊ុនសែន​៖

​គណបក្សប្រឆាំង​នៅ​រយៈកាល​ចុងក្រោយ​នេះ បាន​រងគ្រោះ​យ៉ាងដំណំ ដែល​អាច​នឹងត្រូវ​រំលាយ ក្រោម​ហេតុផល​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ​នឹង​អំពើ​លោក​កឹម សុខា ដែល​រដ្ឋាភិបាល​ចោទថា​ក្បាត់ជាតិ ដោយសារ​លួច​មាន​ផែនការ​សម្ងាត់​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​។​

ការ​បំបែក​ក្បាលម៉ាស៊ីន និង​ការប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង ក្រុមអ្នកវិភាគ​ចាត់ទុកថា​ជាការ​ធ្វើទុក្ខបុកម្នេញ​មកលើ​គណបក្ស​នេះ ក្នុង​កម្រិត​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន ហើយ​បើ​ការរំលាយ​គណបក្សប្រឆាំង​នេះ ក្លាយជា​ការពិត នោះ​ម្ចាស់ឆ្នោត​ដែល​គាំទ្រ​គណបក្សប្រឆាំង ឬ​អ្នក​មានបំណង​ចង់​ផ្លាស់ប្តូរ នឹង​ស្រងាកចិត្ត ហើយ​អាច​នឹងមិន​ចេញទៅ​បោះឆ្នោត​។​ប៉ុន្តែ បើតាម​លោក​មាស នី ធ្លាប់បាន​និយាយថា អ្នក​ធ្លាប់​គាំទ្រ​គណបក្សប្រឆាំង ឬ​អ្នក​មានបំណង​ចង់​ផ្លាស់ប្តូរ អាច​នឹង​សម្លឹង​រក​គណបក្ស​ថ្មី ដែល​ខ្លួន​គិតថា​អាច​ជំនួស​គណបក្សប្រឆាំង​បាន​។​ក្នុង​ករណីបែបនេះ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​នៅតែ​បន្ត​ឈ្នះ​ដឹកនាំ​រដ្ឋាភិបាល​ដដែល​។​

​លោក​មាស នី បាន​និយាយថា ពេលនេះ គណបក្ស​ម្ខាង​កំពុង​ព្យាយាម​ជំរុញឲ្យមាន​ការបោះឆ្នោ​ត និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត ឯ​បក្ស​ម្ខាង​ទៀត​ទំនង​ដូចជា​មិនសូវ​ជា​និយាយ​ពី​ការបោះឆ្នោត​ទេ​។​ស្ថានភាព​នយោបាយ​ចុងក្រោយ ដែល​កំពុងតែ​ផុយស្រួយ​បំផុត​សម្រាប់​គណបក្សប្រឆាំង​នេះ លោក​មាស នី ដាក់​ជា​ចម្ងល់​ថា​តើ វា​នឹង​អាច​នាំ​កម្ពុជា​ឲ្យ​ដើរ​ទៅដល់​ការបោះឆ្នោត​នាពេលខាងមុខ​ដោយ​របៀប​ណា​? តើ​ការប្រកាស​របស់​រាជរដ្ឋាភិបាលដើម្បី​ជ្រើសរើ​សទ័ព​បន្ថែមវា​អាចជា​សញ្ញានៃ​ការ​ត្រៀមការពារ​ខ្លួន​សំរាប់​ស្ថានការណ៍​នេះដែរ​ទេ​?​បើ​ស្ថាន​ការ​អាក្រក់​បែបនេះ​កើតឡើង​មែន​នោះ​តើ​វា​ជា​ការរៀបចំ​ទុកជាមុន ឫ​វា​គ្រាន់តែ​ជា​កត្តា​ចៃដន្យ​?​ប្រសិន​ន​បើ​ចម្ងល់​ចុង​ចុងក្រោយ​នេះ​វា​នឹង​អាច​ក្លាយទៅជា​ការពិត​វិញ​នោះ​តើ​ការបោះឆ្នោត​នៅ​កម្ពុជា​នាពេលខាងមុខ​អាច​ប្រព្រឹត្តទៅបាន​ដែរ​ឫ​ទេ​?


ព័ត៌មានផ្សេងទៀត