លោក​ហ៊ុន​សែន​ថា​រាជរដ្ឋាភិបាល​មិន​បានដឹង​ពី​ការដូរ​ឈ្មោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ​ទេ​

ដោយ៖ គង់ ឧត្តម 23-09-2017 11:47 am 1653
រមណីយដ្ឋានឋានសួគ៌បូកគោ មុន និងក្រោយដូរឈ្មោះ ។

​ក្រោយ​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​អំពី​ព័ត៌មាន​ស្តីពី​ការដូរឈ្មោះ​រមណីយដ្ឋា​ន​ឋានសួគ៌​បូកគោ ទៅ​ជា​រមណីយដ្ឋាន​សុខា​ឋានសួគ៌ ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​អះអាង​នៅលើ​គេហទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មិន​បានដឹង និង​មិន​បាន​អនុញ្ញាត​ឱ្យ​មានកា​រ​កែប្រែ ផ្លាស់​ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នេះ​ទេ ។ ជាងនេះទៅទៀត លោក​ហ៊ុន​សែន​បញ្ជា​ឱ្យ​អភិបាលខេត្ត​កំពត​ចុះ​ទៅ​ដកហូត​នូវ​ស្លាក​សញ្ញា​ពុំមាន​ច្បាប់​អនុញ្ញាត​នោះ​ចេញ​ឱ្យបាន​មុន​ម៉ោង​១១​ថ្ងៃទី​២៣ កញ្ញា​នេះ ។ លោក​បាន​គូសបញ្ជាក់ថា តំបន់​ប្រវត្តិសាស្ត្រ ត្រូវ​តែ​រក្សា​ឈ្មោះ​ដើម​ជា​ដាច់ខាត ។​

​បើ​តាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន​សុខា​ដែល​គេ​ស្គាល់​ថា​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ឧកញ៉ា សុខ គង់ រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ត្រូវបាន​ថ្នាក់ដឹកនាំ​របស់​រមណី​យដ្ឋា​ន​មួយ​នេះ​សម្រេច​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅ​ជា​រមណីយដ្ឋាន​សុខា​ឋានសួគ៌ តាំងពី​ថ្ងៃ​ទី​០១​ខែ​កញ្ញា​ឆ្នាំ​២០១៧​មកម្ល៉េះ ។ លិខិត​សម្រេច​ប្តូរ​ឈ្មោះ​នេះ មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការផ្លាស់ប្តូរ​ឡើយ​ដោយ​គ្រាន់តែ​បញ្ជាក់ថា រមណីយដ្ឋាន​លើ​កំពូលភ្នំ​ដំបូង​គេ​បង្អស់​និង​តែមួយគត់​នៅក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ និង​ប្រកបដោយ​សក្តានុពល​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​មាន​ដូចជា ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្ត្រ វប្បធម៌ និង​ការអភិវឌ្ឍ​ថ្មី​ជាច្រើន​ទៀត​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​នៃ​រមណីយដ្ឋាន​សាទរ រីករាយ​ក្នុង​ការផ្លាស់ប្តូរ​ប៉ុណ្ណោះ ។​

​យ៉ាងណាម៉ិញ ភ្លាមៗ​ក្រោយ​មាន​បទបញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន អភិបាល​ខេត្ត​កំពត​លោក ចាន់ ចេស្តា បាន​ដឹកនាំ​អាជ្ញាធរ​ចុះទៅ​រុះរើ​ស្លាក​និង​ផ្លាស់ប្តូរ​ឈ្មោះ​ពី​រមណីយដ្ឋាន​សុខា​ឋានសួគ៌ ទៅជា រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ដើម​វិញ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ។ ចំណែកឯ ក្រសួង​បរិស្ថាន​ក៏​បាន​ចេញ​នូវ​លិខិត​បញ្ជាក់​ទាក់ទង​នឹង​ការផ្លាស់ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ថា នឹង​មិន​មាន​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​ជា​ប្រវត្តិសាស្ត្រ​របស់​រមណីយដ្ឋាន​មួយ​នេះ​ឡើយ ។ 

​សូម​រំឭក​ជូន​ថា ក្រុមហ៊ុន​សុខា​ទទួលបាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​កា​លពី​អំឡុង​ឆ្នាំ​២០០៨ ។ ក្រុមហ៊ុន​បាន​ធ្វើ​ការអភិវឌ្ឍ​តំបន់​រមណីយដ្ឋាន​មួយ​នេះ​តាមរយៈ​ការសាងសង់​ផ្លូវថ្នល់ សណ្ឋាគារ​និង​សំណង់​ផ្សេងៗ ដើម្បី​ធ្វើឱ្យ​តំបន់​រមណីយដ្ឋាន​កាន់តែ​មាន​ភាព​ទាក់ទាញ​បន្ថែមទៀត ។ ក្រុមហ៊ុន​សុខា គឺជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា សុខ គង់ ។ សព្វថ្ងៃ មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​ដែល​មាន​ជំនួញ​ធំៗ​កាន់កាប់​នៅ​ប្រទេស​កម្ពុជា​រូបនេះ ក្រៅពី​កាន់កាប់​ជំនួញ​លើ​តំបន់​រមណីដ្ឋាន​ភ្នំ​បូកគោ លោក​ក៏​ជា​ស្ថាបនិក​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សូគីម៉ិច​និង​កំពុង​កាន់កាប់​ស្ទើរ​ទូ​ទាំង​ប្រទេស​, ក្រុមហ៊ុន​សណ្ឋាគារ​សុខា នៅ​ទន្លេ​បួន​មុខ​រាជធានី​ភ្នំពេញ​, សណ្ឋាគារ​សុខា​នៅ​ខេត្ត​ព្រះសីហនុ​និង​សៀមរាប​, ក្រុមហ៊ុន​លក់​សំបុត្រ​ចូល​ទស្សនា​នៅ​ប្រាសាទអង្គរវត្ត​, កាស៊ីណូ និង​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​គង់ ហុង ។​ល​។​

​ងាក​មក​និយាយ​អំពី​រមណីយដ្ឋាន​ភ្នំ​បូកគោ​ឯណេះ​វិញ រមណីយដ្ឋាន​មួយ​នេះ គឺជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ទាក់ទាញ និង​ល្បីល្បាញ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ទឹកដី​ខេត្ត​កំពត ។ រមណីយដ្ឋាន​ដែល​មាន​កម្ពស់​កប់​ពពក​មួយ​នេះ​មាន​កន្លែង​សម្រាប់​កម្សាន្ត​និង​លំហែកាយ​ជាច្រើន​ដូចជា ទឹកជ្រោះ​ពពក​វិល​, ថ្ម​មុខយក្ស​ឬ​អ្នកថែរក្សា​ព្រៃ​, បឹង​លើ​ភ្នំ​, វត្ត​សំពៅ​ប្រាំ​, ព្រះវិហារ​កាតូលិក​ចាស់​, ឡឺ​បូក​គោផា​លេស (​សណ្ឋាគារ​ចាស់​), ដំណាក់​ស្លា​ខ្មៅ​, ដំណាក់​ព្រះបាទ​មុនី​វង្ស​ឬ​ដំណាក់​ស្តេច​, វាលស្រែ​៥០០ និង​កន្លែង​សមាធិ ។ កន្លែង​សមាធិ​នេះហើយ ដែល​នា​ពេលកន្លងមក​យើង​ធ្លាប់បាន​លេចឮ​ព័ត៌មាន​តាមរយៈ​ហ្វេ​សប៊ុក​ពី​ភ្ញៀវទេសចរ​អំពី​វត្តមាន​នៃ​ជនជាតិ​វៀតណាម​យ៉ាងច្រើន​កុះករ​មក​ធ្វើ​សមាធិ សាងសង់​វិហារ​វៀតណាម និង​រក​ថ្នាំបុរាណ​ក៏មាន ។​

​សូមបញ្ជាក់​ថា រមណីយដ្ឋាន​ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ។ ឧទ្យាន​ជាតិ​នេះ មាន​ទីតាំង​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពង់ស្ពឺ ដែល​មាន​ផ្ទៃក្រឡា​សរុប​ចំនួន ១៥៤.៤៥៨​ហិកតា និង​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៣ ។ រមណីយដ្ឋាន​ភ្នំ​បូកគោ មាន​កម្ពស់​១.០៧៥​ម៉ែត្រ ស្ថិតនៅ​ចម្ងាយ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​កំពត និង​មាន​ចម្ងាយ​ជិត​២០០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ។ ដើមឡើយ​រមណីយដ្ឋាន​ភ្នំ​បូកគោ​នេះ ត្រូវបាន​រកឃើញ​ដោយ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ រូ​លួស ហើយ​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ មុនី​វង្ស​។ 

​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នេះ កាលពី​អតីតកាល វា​គឺជា​ស្ថានសួគ៌​មួយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ ជា​ទី​ដែល​ព្រះបាទ​សម្តេច​ស៊ីសុវត្ថិ មុនី​វង្ស ទ្រង់​គង់ប្រថាប់​សម្រាក​លំហែ​ព្រះកាយ​រហូត​ទ្រង់​ប្រឈួន​និង​សោយ​ទិវង្គត​នៅ​ព្រះរាជដំណាក់​លើ​ភ្នំ​បូកគោ​តែម្តង ។ ការយាង​ចូល​ទិវង្គត​នេះ ក៏​ព្រោះ​ដោយសារ​តែ​ទ្រង់​ឈឺចាប់​និង​តូច​ព្រះទ័យ ដែល​ប្រទេស​សៀម​កាលនោះ​តែងតែ​ទន្ទ្រាន​ឈ្លានពាន​ទឹកដី​កម្ពុជា​ម្តង​ហើយ​ម្តងទៀត ។ ព្រះអង្គ​បាន​ឃុំ​ព្រះកាយ​របស់​ទ្រង់​នៅ​ព្រះរាជដំណាក់​លើ​ភ្នំ​បូកគោ ដោយ​មិន​អនុញ្ញាត​ឱ្យ​ព្រះរាជវង្សានុវង្ស​ទាំងអស់​ចូល​ក្រាប​បង្គំ​គាល់​ឡើយ ហើយ​ទ្រង់​ក៏​មិន​ព្រម​សោយ​អ្វី​ទាំងអស់ ។ ព្រះរាជសុខភាព​របស់​ទ្រង់​បាន​ចុះ​ទ្រុឌទ្រោម​យ៉ាង​ឆាប់រហ័ស ហើយ​ព្រះបាទ ស៊ីសុវត្ថិ មុនី​វង្ស ទ្រង់​ក៏​បាន​សោយ​ទិវង្គត​នៅ​រាត្រី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​១៩៤១ ក្នុង​ព្រះ​ជន្មាយុ ៦៦​វស្សា ក្រោយ​សោយរាជ្យ​បាន​១៤​ឆ្នាំ ។ ក្រោយៗ​មក ព្រះរាជដំណាក់​នេះ​ក៏​ត្រូវ​បាន​គេបោះបង់​ចោល ។ អគារ​របស់​រាជការ​ដែល​ត្រូវបាន​គេ​ហៅថា​ដំណាក់​ស្តេច​នេះ ត្រូវបាន​ជួសជុល​កែប្រែ​ឡើងវិញ និង​ស្ថិត​នៅក្រោម​ការគ្រប់គ្រង​របស់​ឯកជន​ទាំងស្រុង​វិញ ក្រោយ​រាជរដ្ឋាភិបាល​ផ្តល់​សម្បទាន​និង​សិទ្ធិ​វិនិយោគ​ទៅ​លោក​ឧកញ៉ា សុខ គង់ កាលពី​អំឡុង​ឆ្នាំ​២០០៨ ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត