បើ​គណបក្ស​សង្គ្រោះ​ជាតិ​​ត្រូវ​រំលាយ​​សមាជិក គ​.​ជ​.​ប ៨រូប ​​ត្រូវ​រលាយ​​ដែរឬទេ​?​

ដោយ៖ ខាត់ សុធី 18-09-2017 4:13 pm 8698

​ដ្បិត​ថា ក្រុមអ្នកវិភាគ​នយោបាយ និង​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង នៅ​មិនទាន់​ប្រាកដប្រជា ថា​តើ​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ ឬ​មិន​រំលាយ​ឲ្យ​ប្រាកដ ក៏ដោយ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ពិសេស​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន តែម្តង បាន​ចេញមុខ​ព្រមាន​ដោយ​ចំហ ពី​ការប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ មាន​កម្លាំង​ស្មើគ្នា​នឹង​គណបក្សកាន់អំណាចរ​បស់​លោក​។ 

គេ​នៅ​ចាំបាន​ថា កាលពី​ខែ មេសា ២០១៥ រដ្ឋសភា បាន​បោះឆ្នោត​ជា​កញ្ចប់​ផ្តល់​សុពលភាព​សមាសភាព គ​.​ជ​.​ប ចំនួន​០៩​រូប ដែល​៤​រូប​មកពី​កូតា​គណបក្ស​ប្រជាជន​កម្ពុ​មាន​លោក​ស៊ិក ប៊ុន​ហុក លោក​មាន សទិ លោក​ឌុ​ច សុន និង​លោក​ឯម សូផាត  និង សមាសភាព​មកពី​គណបក្ស​សង្គ្រោះ​ជាតិ មាន​លោកគួ​យ ប៊ុន​រឿន លោក​រ៉ុង ឈុន  លោក ហ៊ីង ធី​ឬ​ទ្ធិ  និង​លោកស្រី​តែ ម៉ា​នី​រ៉ុង​។​លើកលែងតែ​លោក​ហង្ស ពុទ្ធា ជា​សមាជិក​ទី​៩ តំណាងឲ្យ​ឯករាជ្យភាព​ដែល​ជ្រើស​ចេញពី​អង្គការ​សង្គម​ស៊ីវិល​។ ចុះបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ​មែន តើ​ស្ថាប័ន គ​.​ជ​.​ប ដែលមាន​សមាសភាព​ទាំង​៨​រូប​មកពី​កូតា​នៃ​គណបក្ស​តាំងពីរ នឹងត្រូវ​រំលាយ​ឬ​យ៉ាងណា​?

​ប៉ុន្តែ​លោក​ហង្ស ពុទ្ធា ជា​សមាជិក​ដែល​ជ្រើស​ចេញពី​អង្គការ​សង្គម​ស៊ីវិល បច្ចុប្បន្ន ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បញ្ជាក់​ថា សមាជិក គ​.​ជ​.​ប ទាំង​៩​រូប ក្រោយពី​ចូល​កាន់តំណែង បាន​ក្លាយជា​បុគ្គល​ឯករាជ្យ មិនមាន​ពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ​ណា​ទៀត​ទេ បើទោះជា​អ្នក​ទាំងនោះ ចេញ​មកពី​គណបក្សនយោបាយ​ណាមួយ​ក៏ដោយ​។​ដូច្នេះ បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ ក៏​គ​.​ជ​.​ប នៅ​ដំណើរការ​ធម្មតា​។​ប៉ុន្តែ ការអះអាង​បែបនេះ ក៏​លោក​នៅ​មិនទាន់​ប្រាកដ​១០០%​ដែរ ដោយ​លោក​បញ្ជាក់ថា ការបកស្រាយ​ច្បាស់​លើ​ករណីនេះ គឺ​មានតែ​ក្រុមប្រឹក្សាធម្មនុញ្ញ​ប៉ុណ្ណោះ​.....

​សំឡេង​លោក​ហង្ស ពុទ្ធា​៖

​កន្លងមក​អ្នកវិភាគ​នយោបាយ​លោក​បណិ្ឌត មាស នី ថា បើសិនជា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​នឹង​ទទួល​ទទួល​ហានិភ័យ ដែល​លោក​ថា កាលណា​រំលាយ​សង្គ្រោះ​ជាតិ​បានន័យថា​ត្រូវ​រំលាយ​សភា​ត្រូវ​រំលាយ គ​.​ជ​.​ប [​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​] ហើយ​ត្រូវ​រំលាយ​ស្ថាប័ន​ឃុំ​ទាំងអស់​ទៀត ដែល​នេះ​វា​ជា​រឿង​មួយ​ដែល​បង្ហាញឲ្យឃើញថា​រដ្ឋាភិបា​ល​ទាំងមូល​ហ្នឹង​គឺ​លែង​ស្របច្បាប់​ជា​រដ្ឋាភិបាល​ដែល​ស្ថិតនៅក្រោម​រដ្ឋធម្មនុញ្ញ​ហើយ​។​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ ថ្លែង​កាលពី​សប្តាហ៍​មុន​ថា​បក្សប្រឆាំង ២ គឺ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទិ្ធមនុស្ស អាច​នឹងចូលរួម​បោះឆ្នោត​ឆ្នាំក្រោយ​បាន ហើយ​សមាជិក​របស់​បក្ស​ទាំង ២ ដែល​បាន​រួមគ្នា​បង្កើត​បក្ស​សង្គ្រោះ​ជាតិ​ដែល​អាចនឹង​រំលាយចោ​ល​ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​របស់​មេបក្ស​នេះ​គឺ​លោក កឹម សុខា នោះ​ពួកគេ​អាច​ចែកចានចែកឆ្នាំង​វិល​ទៅរក​ទ្រនំ​ចាស់​រៀងៗ​ខ្លួន​វិញ​បាន​។​

តែ​យ៉ាងណា​ក្រុមអ្នកវិភាគ ទស្សន៍ទាយ​ថា វា​មិនមែនជា​គណបក្ស​ដែល​ងាយស្រួល​រំលាយ​នោះឡើយ ខណៈដែល​គណបក្សប្រឆាំង​មួយ​នេះ​កំពុង​កាន់កាប់​កៅអី​រដ្ឋសភា​ចំនួន ៥៥ អាសនៈ​ព្រមទាំង​អម​ទៅដោយ​កៅអី​ក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្ត​ក្រុង ស្រុក ខណ្ឌ រាប់ពាន់​អាសនៈ​ទៀត​នោះ​។​តែបើ​បក្សប្រឆាំង​ត្រូវបាន​រំលាយ​មែន​នោះ ភាពស្របច្បាប់​របស់​រដ្ឋាភិបាល និង​រដ្ឋសភា​ត្រូវ​បញ្ចប់ ហើយ​សហគមន៍​អន្តរជាតិ​នឹងមិន​ទទួលស្គាល់​ឡើយ​៕

 

ព័ត៌មានផ្សេងទៀត