គុណប្រយោជន៍​ព្រះរាជ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ចំពោះ​ប្រទេសជាតិ​

ដោយ៖ គង់ ឧត្តម 17-09-2017 5:31 pm 2768

ស្តាប់បទយកការណ៍ទាំងមូល៖

 

​បុណ្យ​ភ្ជុំបិណ្ឌ​មាន​អត្ថន័យ​ធំធេង​ណាស់​សម្រាប់​ពុទ្ធបរិស័ទ​ខ្មែរ​យើង ។ ប្រជាជន​ភាគច្រើន​ច្រើនតែ​ដឹង​ថា​បុណ្យ​ភ្ជុំ​បិណ្ឌ ធ្វើឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​វិញ្ញាណក្ខន្ធ បុព្វបុរស ញាតិ​កា​ទាំង​ប្រាំពីរ​សន្ដាន ដែល​បាន​ចែក​ឋាន​ទៅ​កើត​ជា​ប្រេត ន​រក ឬក៏​សភាវៈ​ផ្សេងៗ ។ ម្យ៉ាងទៀត ពិធីបុណ្យ​នេះ​គឺជា​ឱកាស​នៃ​ជួបជុំ​បងប្អូន ញាតិ​ផៅ​សាច់ញាតិ​គ្រប់ទិសទី សម្តែង​នូវ​សេចក្តី​សាទរ​រីករាយ និង​អ្វី​ដែល​ពិសេស​នោះ គឺជា​ការ​ធ្វើ​បុណ្យ​ប្រកប​ដោយ​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះធម៌ ក្នុងការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​នោះ វា​ជា​បច្ច័យ​មួយ​ជួយ​ធ្វើឱ្យ​មនុស្ស​យើង​មាន​ចិត្តស្ងប់​ទៀតផង ។ ពិធី​សំខាន់ៗ​ក្នុង​រយៈពេល​បុណ្យ​ភ្ជុំ​បិណ្ឌ​១៥​ថ្ងៃ​មាន​ដូចជា សូត្រមន្ត បង្សុកូល បោះ​បាយបិណ្ឌ​ជាដើម ។​

​បើតាម​អាជីវករ​លក់​សៀវភៅ​នៅក្បែរ​ពុទ្ធ​សាសន​បណ្ឌិត លោក ជា នាង ហៅ​គាង បាន​និទាន​សាច់​រឿង​ត្រួសៗ​ទាក់ទង​នឹង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រាប់​ខ្ញុំ និង​ស្ត្រី​និស្សិត​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ថា ពិធីបុណ្យ​នេះ មាន​តំណាល​រឿង​ច្រើន​ដែល​វា​ទាក់ទង​ទៅ​នឹង​ព្រះពុទ្ធសាសនា ហើយ​វា​ក៏​មាន​រឿងព្រេង​និទាន​ដែល​និយាយ​តំណាល​អំពី​ដើមកំណើត​នៃ​ពិធី​បុណ្យ​នេះដែរ ។ ក៏ប៉ុន្តែ លោក​និទាន​ប្រាប់​ខ្ញុំ​ដោយ​សង្កត់​ធ្ងន់​តែ​នៅក្នុង​រជ្ជកាល​ព្រះបាទ​អង្ក​ដួង​ប៉ុណ្ណោះ ។ កាលនោះ ព្រះអង្គដួង​បាន​រៀបចំ​បង្កើត​ឱ្យមាន​ពិធីបុណ្យ​ភ្ជុំ​ឡើង​ចំនួន​១៥​ថ្ងៃ ដោយ​យក​គម្ពីរ​របស់​ព្រះពុទ្ធ​មក​រួម  ដើម្បី​ពង្រឹង​សាមគ្គីភាព ពង្រឹង​ជាតិនិយម បង្រៀន​ក្មេងៗ​ឱ្យ​ចេះ​គោរព​ព្រះធម៌ ចេះ​ធ្វើ​បុណ្យ ដាក់​ទាន និង​ជុំ​ជួបពិភាក្សា​គិតគូរ​រឿង​ប្រទេសជាតិ ស្របពេល​ដែល​ប្រទេស​កំពុង​ជួប​ការខ្វះខាត​…
​សំឡេង លោក ជា នាង ៖

​គាត់​និយាយ​ដោយ​សកម្មភាព​លើកដៃ​ឆ្វេង​ផង​ស្តាំផង​ប្រាប់​ខ្ញុំ​បន្តថា សព្វថ្ងៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មិន​ត្រូវបាន​គេ​យល់​និង​មើលឃើញ​ពី​ប្រយោជន៍​ដ៏​ច្រើន​របស់​បុណ្យ​នេះ​ទេ តែ​គេ​យល់​ត្រឹម​ថា បុណ្យ​ដ៏​ធំ​របស់​ខ្មែរ​នេះ ជា​ពិធី​មួយ​សម្រាប់​ឧទ្ទិស​ទៅដល់​ខ្មោច ឬ​អ្នក​ដែល​បាន​ស្លាប់​ទៅ​ហើយ​និង​បាន​កើត​ទៅ​ជា​ប្រេត​ប៉ុណ្ណោះ ។​

​នៅក្នុង​បន្ទប់​អគារ​រាង​រង្វង់​មូល​ដែល​ពោរពេញ​ទៅដោយ​សៀវភៅ​រាប់សិប​ក្បាល អាជីវករ​វ័យ​៤៥​ឆ្នាំ​រូប​នេះ​និយាយ​បញ្ជាក់​ប្រាប់​ខ្ញុំ​បន្ត​ដោយ​ដៃ​កាន់​សៀវភៅ​ប្រវត្តិសាស្ត្រ​មក​បង្ហាញ​ថា ការ​ទៅ​បោះ​បាយបិណ្ឌ គឺជា​ការបង្កើត​នូវ​មេត្តាចិត្ត​តាមរយៈ​ការ​ឧទ្ទិស​បាយ​ដែល​បាន​បោះ​នោះ ទៅ​ដល់​បងប្អូន​កូនចៅ ជីដូន​ជីតា សាច់ញាតិ​ទាំងឡាយណា​ដែល​អកុសល​កើត​ទៅជា​ប្រេត ឱ្យ​មក​ហូប មក​ទទួល​នូវ​ដុំ​បាយ​ដែល​បាន​ពូត​បោះ​ទៅនោះ ព្រោះ​គេ​ជឿថា ប្រភេទ​ប្រេត​ខ្លះ​មិន​អាច​ទទួលបាន​នូវ​អាហារ​ដែល​បាន​ឧទ្ទិស​ទៅ​នោះ​ឡើយ ពោល​គឺ​បាន​ត្រឹម​ការ​រើស​យក​បាយ​មក​ហូប​តាមរយៈ​តែ​ការបោះ​របស់​យើង​ប៉ុណ្ណោះ ។​

​អាជីវករ​ប្រកប​របរ​លក់​សៀវភៅ​ជា​ច្រើន​ឆ្នាំ​រូប​នេះ​និយាយ​ប្រាប់​ខ្ញុំ​បន្តថា បុណ្យ​ភ្ជុំបិណ្ឌ ក្រៅ​ពី​ត្រូវបាន​បង្កើត​ដើម្បី​ពង្រឹង​សាមគ្គីភាព បង្រៀន​ក្មេងៗ​ឱ្យ​ចេះ​ធ្វើបុណ្យ គោរព​ព្រះពុទ្ធសាសនា ស្តាប់​ដំបូន្មាន​តាមរយៈ​ព្រះធម៌ និង​ជួបជុំ​ដើម្បី​ពិភាក្សា​គិតគូរ​រឿង​ប្រទេសជាតិ គោលដៅ​ដ៏​ធំ​បំផុត​មួយទៀត​នោះ​គឺ ធ្វើឡើង​ដើម្បី​ចិញ្ចឹម​ព្រះពុទ្ធសាសនា​ឱ្យ​នៅ​រឹងមាំ ។ គេ​ជឿ​ថា ទី​វត្ត​អារាម​នីមួយៗ​ជា​ថ្នាល​សម្រាប់​បណ្តុះបណ្តាល ជា​អ្នក​រក្សាទុក​នូវ​គម្ពីរ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​គ្រប់​ជំនាន់ ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត