ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ថា​មានបំណង​បិទ​អង្គការ​នេះ​យូរ​មក​ហើយ​

ដោយ៖ គង់ ឧត្តម 16-09-2017 5:13 pm 2200
ស្លាកសញ្ញាសម្គាល់អង្គការមាតាធម្មជាតិ ដែលមានឈ្មោះជាភាសាអង់គ្លេសថា Mother Nature ។

​ក្រសួងមហាផ្ទៃ បាន​សម្រេច​លុបឈ្មោះ​អង្គការ​មាតា​ធម្មជាតិ ចេញ​ពី​បញ្ជី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្រសួង​មហាផ្ទៃ​ជា​ស្ថាពរ តាម​ការស្នើ​របស់​ប្រធាន​អង្គការ​មាតា​ធម្មជាតិ ដែល​បាន​ដាក់​លិខិត​ស្នើ​សុំ​រំលាយ​ស្ថាប័ន​អង្គការ​មាតា​ធម្មជាតិ ក្រោយ​បើក​អង្គសន្និបាត​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ ដើម្បី​ពិនិត្យ ពិភាក្សា​លើ​ការជម្រះបញ្ជី​ទ្រព្យសម្បត្តិ​របស់​អង្គការ និង​រំលាយ​អង្គការ​មាតា​ធម្មជាតិ ។ 

​តាមរយៈ​លទ្ធផល​នៃ​អង្គសន្និបាត​ដែល​សម្រេចបាន​នោះ​គឺ អង្គសន្និបាត​បាន​ឯកភាពគ្នា​រំលាយ​អង្គការ​មាតា​ធម្មជាតិ ។​ស្ថាបនិក និង​ជា​ប្រធាន​អង្គការ​មាតា​ធម្មជាតិ ព្រះ​តេជគុណ ព្រហ្ម ធម្មជាតិ បាន​មាន​សង្ឃដីកា​ប្រាប់​វិទ្យុ​វាយោ​នៅថ្ងៃនេះ​ថា ធាតុ​ពិត​ទៅ អង្គការ​មាតា​ធម្មជាតិ​ប្រុង​នឹង​បិទ​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ ។ ព្រះ​តេជគុណ​បញ្ជាក់ថា ការប្រកាស​រំលាយ​អង្គការ​មាតា​ធម្មជាតិ​ក៏​ព្រោះ ព្រះអង្គ​បាន​សង្កេតឃើញថា ការបំពេញ​ការងា​ររ​បស់​អង្គការ​នេះ​កន្លងមក​មាន​ភាពស្មុគស្មាញ​ច្រើន ហើយ​សកម្មភាព​ខ្លះ​បាន​ធ្វើ​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​អង្គការ​…
​សំឡេង​ព្រះ​តេជគុណ​ព្រហ្ម ធម្មជាតិ ៖

​យ៉ាងណាម៉ិញ​សម្រាប់ លោក​អា​ឡិច​ហ្ស​ដ្រូ ហ្គន់​ហ្សេ​លេស ដេវីត​សុន ស្ថាបនិក​ម្នាក់​ទៀត​របស់​អង្គកា​រមាតា​ធម្មជាតិ​ដែល​កំ​ពុង​រស់នៅ​អេ​ស្ប៉ាញ បាន​ប្រាប់​វិទ្យុ​វាយោ ពី​ប្រទេស​អេ​ស្ប៉ាញ​មកថា បើទោះបីជា​អង្គការ​មាតា​ធម្មជាតិ​ត្រូវបាន​រំលាយ​ចេញពី​បញ្ជី​អង្គការក្រៅរដ្ឋាភិបាល​នៅ​ក្រសួង​មហាផ្ទៃ​ក៏ដោយ ក៏​រដ្ឋាភិបាល​មិន​អាច​រារាំង និង​បញ្ឈប់​នូវ​សកម្មភាព​របស់​ចលនា​មាតា​ធម្មជាតិ​បាន​ទេ ។ លោក​ចាត់​ទុក​ការប្រកាស​បិទ​អង្គការ​នេះ គឺជា​សកម្មភាព​ដែល​កាន់តែ​ជំរុញ​ឱ្យ​ចលនា​មាតា​ធម្មជាតិ​រឹតតែ​ល្បី​ទៅទៀត​…
​សំឡេង​លោក អា​ឡិច​ហ្ស​ដ្រូ ហ្គន់​ហ្សេ​លេស ដេវីត​សុន ៖

​ទាក់ទង​នឹង​សកម្មភាព​ការពារ​បរិស្ថាន​ព្រះ​តេជគុណ​ព្រហ្ម ធម្មជាតិ បាន​មាន​សង្ឃដីកា​ដែរ​ថា រាល់​សកម្មជន​អ្នកសេ្ន​ហា​ធម្មជាតិ​ទាំងអស់​សូម​ធ្វើ​អ្វីមួយ​ប្រកបដោយ​ការទទួលខុសត្រូវ​ដោយ​ខ្លួនឯង ព្រោះ​សកម្មភាព​ផ្សេងៗ​កន្លងមក ព្រះ​តេជគុណ​ហាក់​មិន​បានដឹង ខណៈ​ព្រះ​តេជគុណ​ជា​ប្រធាន​អង្គការ​និង​ជា​ស្ថាបនិក​មួយ​រូប​ផង​ដែរ​នោះ ។ ព្រះ​តេជគុណ​បន្តថា ការសម្រេច​បិទ​អង្គការ​នេះ​ក៏​ព្រោះតែ​ព្រះ​តេជគុណ​មិន​អាច​ឃុំគ្រង​បាន​…
​សំឡេង​ព្រះ​តេជ​គុណ ព្រហ្ម ធម្មជាតិ ៖

​សូមបញ្ជាក់​ថា អង្គការ​មាតា​ធម្មជាតិ​ត្រូវបាន​បង្កើតឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៣ ក្រោយ​មាន​ការជួបជុំ​គ្នា​រវាង​អ្នក​ស្រឡាញ់​ធនធានធម្មជាតិ​ជាច្រើន ក្នុងនោះ​ក៏​មាន​ព្រះ​តេជគុណ ព្រហ្ម ធម្មជាតិ និង​លោក អា​ឡិច​ហ្ស​ដ្រូ ហ្គន់​ហ្សេ​លេស ដេវីត​សុន ជនជាតិ​អេ​ស្ប៉ា​ញ ក្នុង​តំបន់​ព្រៃ​អា​រ៉ែ​ង ខេត្ត​កោះកុង ។ ក្រោយ​មាន​ការជួបជុំ​និង​ពិភាក្សា អង្គការ​មាតា​ធម្មជាតិ​ក៏​បាន​លេចចេញ​ជា​រូបរាង​ឡើង ដើម្បី​ការពារ​និង​ថែរក្សា​ធនធានធម្មជាតិ ។​

​អង្គការ​មាតា​ធម្មជាតិ​ត្រូវបាន​គេ​ស្គាល់​ថា ជា​ស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែល​បាន​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​តាមដាន ឃ្លាំមើល ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា ។ សកម្មភាព​របស់​អង្គការ​នេះ​ចាប់ផ្តើម​ល្បី​ខ្លាំង​តាមរយៈ​ការដឹកនាំ​យុទ្ធនាការ​ផ្សេងៗ​របស់លោក អា​ឡិច​ហ្ស​ដ្រូ ហ្គន់​ហ្សេ​លេស ដេវីត​សុន ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​ទៅ​នឹង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​តំបន់​អា​រ៉ែ​ង ក្នុង​ខេត្ត​កោះកុង ។ ក្រោយមក អា​ឡិច ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​និង​បណ្តេញចេញ​ពី​ទឹកដី​កម្ពុជា ដោយសារ​ទិដ្ឋាការ​ស្នាក់នៅ​ប្រទេស​កម្ពុជា​របស់​លោក​ផុតកំណត់ ។ 

​បើទោះបីជា​ពុំ​មាន​វត្តមាន​របស់​ស្ថាបនិក​ជនជាតិ​អេ​ស្ប៉ាញ​រូប​នេះ​នៅក្នុង​ទឹកដី​កម្ពុជា​ក៏ដោយ ចលនា​មាតា​ធម្មជាតិ​ដែល​មាន​យុវជន​ជា​បណ្តាញ​នៅតែ​បន្ត​ការងារ​របស់​ខ្លួន​ជា​បន្តបន្ទាប់ ។​

​កន្លង​មក​សកម្មជន​បរិស្ថាន​មួយចំនួន​របស់​អង្គការ​នេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុងពេល​បំពេញ​បេសកកម្ម​ក្រោម​ហេតុផល​ថា​សកម្មភាព​យុវជន​ទាំងនេះ ធ្វើ​ខុសច្បាប់​ដែល​បាន​កំណត់ ។ កាលពី​ពេល​ថ្មីៗ​នេះ​ទៀតសោត យុវជន​សកម្មជន​ចំនួន​ពីរ​រូប​ត្រូវបាន​អាជ្ញាធរ​ចាប់​ឃាត់ខ្លួន និង​បាន​បញ្ជូន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រែក​ស្វាយ ខេត្ត​កោះកុង ក្រោម​បទ​ចោទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល ពេល​ចុះ​ថត​សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់ ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត