កម្ពុជា-អាមេរិក​កំពុង​ដឹកដៃគ្នាដើរ​ជាន់ប្រវត្តិសាស្ត្រ​ចាស់? ​

ដោយ៖ គួន សំបូរ 14-09-2017 4:11 pm 4084
លោក donald_trum ប្រធានាធិបតីអាមេរិក (ឆ្វេង) លោកនាយករដ្ឋមន្ត្រីហ៊ុន សែន (ស្តាំ)

ទំនាក់ទំនងអាមេរិក និងកម្ពុជារយៈពេលចុងក្រោយនេះ ហាក់មិនស៊ីសង្វាក់គ្នា។ជាទូទៅស្ទើរតែគ្រប់វេទិកា ប្រមុខរដ្ឋាភិបាលកម្ពុជាតែងតែវាយប្រហារមកលើអាមេរិក ហើយថ្មីៗនេះ ស្ថាប័នរបស់អាមេរិកមួយចំនួនត្រូវបានបិទទ្វារ ដោយចោទថា មិនបានអនុវត្តតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់សារពើពន្ធ។ ទូតអាមេរិកប្រចាំកម្ពុជា បានប្រតិកម្មនឹងការបិទនេះ ហើយសហរដ្ឋអាមេរិក បានសម្រេចមិនផ្ដល់ទិដ្ឋាការទៅដល់មន្ត្រីបម្រើការនៅក្នុងក្រសួងការបរទេសកម្ពុជា និងសាច់ញាតិ នៅពេលចង់ទៅសហរដ្ឋអាមេរិក ក្រោមហេតុផលដែលកម្ពុជាមិនទទួលយកពលរដ្ឋកម្ពុជាដែលប្រព្រឹត្តិខុសច្បាប់នៅអាមេរិកអោយត្រឡប់មកប្រទេសវិញ។ព្រឹត្តិការណ៍នេះ ធ្វើឲ្យគេនឹកឃើញទៅនឹងហេតុការណ៍ពេលអាមេរិកផ្តាច់ទូតចេញពីកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៦០។ តើព្រឹត្តិការណ៍នេះអាចនឹងឈានដល់ផ្តាច់ទូតដូចអតីតកាលដែលឬទេ?សូមស្តាប់បទវិភាគដោយ គួន សំបូរ

មួយរយៈពេលចុងក្រោយនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរដ្ឋាភិបាលកម្ពុជា កាន់តែមានភាពល្អក់កករ និងតានតឹងឡើងៗ។ភាពល្អក់កករនេះ ផ្តើមឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់អាមេរិកកាំងថា ជាបាតដៃទី៣ និងជាអ្នកនៅពីក្រោយ នៃនយោបាយបដិវត្តន៍ពណ៌របស់គណបក្សសង្រ្គោះជាតិ។ ក្នុងនោះការបណ្តេញ និងបិទស្ថាប័នរបស់អាមេរិកមួយចំនួនចេញពីទឹកដីកម្ពុជា ក្រោមហេតុផលមិនបានអនុវត្តតាមច្បាប់នៅកម្ពុជា រឹងរឹតឲ្យកម្ពុជានិងអាមេរិកមើលមុខគ្នាមិនចំ។

ឆ្លើយបតនឹងការចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលក្រុងភ្នំពេញ អាមេរិកបានច្រានចោលការចោទ និងបានប្រាប់ភាគីកម្ពុជាវិញថា ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន វាមិនបានធ្វើឲ្យប៉ះពាល់ដល់អាមេរិកឡើយ ហើយអ្នកដែលប៉ះពាល់គឺកម្ពុជា។ទូតអាមេរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា រឿងរ៉ាវកើតឡើងសព្វថ្ងៃ កំពុងតែធ្វើឲ្យកម្ពុជាខ្លួនឯង ឯកោពីសហគមន៍អន្ដរជាតិ។ ជនជាតិអាមេរិកនិងអ្នកទេសចរណ៍លោកខាងលិច លែងកក់ក្ដៅពេលមកកម្ពុជា, ក្រុមហ៊ុនអាមេរិកនិងលោកខាងលិច កាន់តែតិចថែមទៀតមកវិនិយោគនៅកម្ពុជា, អ្នកបរិច្ចាគមនុស្សធម៌អាមេរិក គិតថាកម្ពុជាលែងស្វាគមន៍ពួកគេ ហើយប៉ះពាល់ធ្ងន់ធ្ងរបំផុត គឺធ្លាក់មកកម្ពុជាក្នុងនាមជាប្រទេសប្រជាធិបតេយ្យដ៏ក្មេងខ្ចី។

ស្របពេលជាមួយនេះ អាមេរិកបានសម្រេចដាក់ទណ្ឌកម្មទិដ្ឋាការមកលើកម្ពុជា ដោយចាប់ពីថ្ងៃទី១៣កញ្ញាឆ្នាំ២០១៧ ស្ថានទូតអាមេរិកលែងផ្ដល់ទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍មួយចំនួន ដល់មន្ដ្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូល ព្រមទាំងសាច់ញាតិ នៅពេលចង់ទៅសហរដ្ឋអាមេរិក ហើយទណ្ឌកម្មទិដ្ឋាការនេះ មានករណីលើកលែងតិចតួចបំផុត។ ទណ្ឌកម្មនេះក៏ព្រោះតែកម្ពុជាបានបដិសេធមិនទទួលយកពលរដ្ឋកម្ពុជា ដែលប្រព្រឹត្តិខុសច្បាប់នៅអាមេរិក ឲ្យត្រឡប់មកកម្ពុជាវិញ។

ក្រៅពីនេះអាមេរិក បានអំពាវនាវពលរដ្ឋខ្លួនទាំងអស់ប្រយ័ត្នប្រយែងអំពីសុវត្ថិភាពរបស់ពួកគេ និងចៀសវាងធ្វើដំណើរទៅកាន់ ឬចូលរួមទីប្រជុំជននានា ដើម្បីការពារការធ្វើបាតុកម្ម ឬបញ្ហាសន្តិសុខដទៃទៀត ប្រឆាំងនឹងពលរដ្ឋអាមេរិក ខណៈដែលក្រុមសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល ព្រមានធ្វើមហាបាតុកម្មនៅមុខស្ថានទូតអាមេរិក ប្រសិនណាបើអាមេរិកហ៊ានបន្តលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

យ៉ាងណាក្តីសម្រាប់កម្ពុជា បានចាត់ទុកការអំពាវនាវរបស់អាមេរិកនេះ គឺជាបំផ្លើសការពិត ហើយបំភ្លៃស្ថានការណ៍ពិតនៅក្នុងប្រទេសកម្ពុជាទាំងស្រុង ក្នុងគោលបំណងទុច្ចរិត ដែលរដ្ឋាភិបាលកម្ពុជា មិនអាចទទួលយកបាននោះទេ។ កម្ពុជាថា ការបង្ហោះព័ត៌មានបែបនេះគឺជាការបំពុលបរិយាកាសនយោបាយពិត នៅក្នុងប្រទេសកម្ពុជា ខណៈដែលស្ថានភាពនយោបាយកម្ពុជា នៅតែដំណើរការធម្មតា គ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ។

គួរកត់ម្គាល់ថា ទំនាក់ទងមេត្រីភាពរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងវាស៊ីនតោននៅពេលបច្ចុប្បន្ននេះ ស្រដៀងគ្នាទៅនឹងហេតុការណ៍ពេលអាមេរិចផ្តាច់ទូតចេញពីកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ១៩៦០។នៅក្នុងឆ្នាំ១៩៥៥ ក្នុងរបបសង្គមរាស្ត្រនិយម សម្ដេចព្រះនរោត្តម សីហនុ មានទំនាក់ទំនងស្អិតរមួតជាមួយនិងចិន។ចំណែកទំនាក់ទំនងជាមួយអាមេរិកកាន់តែឃ្លាតឆ្ងាយ។ បន្ទាប់មកសម្ដេចព្រះនរោត្តម សីហនុ បានចោទអាមេរិកថា បានផ្តល់នូវសម្ភារសឹកដល់ពួកខ្មែរសេរី ដើម្បីផ្តួលរំលំរដ្ឋាភិបាលនាសម័យនោះ។

ចំណងការទូតអាមេរិកកម្ពុជាចាប់ពីពេលនោះមកមានភាពល្អក់កករ និងតានតឹងខ្លាំង រហូតដល់ឆ្នាំ១៩៦៤ ពលរដ្ឋ និងសិស្ស និសិត្សខ្មែររាប់រយនាក់ នាំគ្នាវាយទូតអាមេរិក បាតុកម្មប្រឆាំងនឹងអាមេរិក និងឈានទៅផ្តាច់ទូតនៅខែឧសភា ឆ្នាំ១៩៦៥។ ជំនួយត្រូវកាត់ផ្តាច់ កម្ពុជាត្រូវធ្លាប់ក្នុងវិបត្តិសេដ្ឋកិច្ច។នយោបាយការបរទេសមិនច្បាស់លាស់ បង្កឲ្យកម្ពុជាធ្លាក់ក្នុងរបបវាលពិឃាដរហូតដល់បាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់។ តែយ៉ាងណាក្តី ព្រឹត្តិការណ៍កំពុងកើតមានបច្ចុប្បន្ននេះ មិនអាចដូចព្រឹត្តិការណ៍កាលពីទសវត្សរ៍ឆ្នាំ១៩៥០ និង១៩៦០ឡើយ។ ព្រោះថា បើធៀបទសវត្សរ៍ឆ្នាំ១៩៦០ និងបច្ចុប្បន្ន គឺទសវត្សរ៍ឆ្នាំ១៩៦០ ពិភពលោកកំពុងមានសង្គ្រាមត្រជាក់ ហើយតាមភូមិសាស្ត្រនយោបាយ បច្ចុប្បន្នទីក្រុងវាស៊ីនតោន កំពុងប្រជែងគ្នាជាមួយមហាយក្សនៅអាស៊ី គឺចិន។ ប៉ុន្តែចូរកំភ្លេចថា ទីផ្សារលក់ផលិតផលវាយនភណ្ឌ តំលៃប្រហែលពាក់កណ្តាល នៃផលទុនសរុបរបស់កម្ពុជា គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា គឺលក់នៅទីផ្សារប្រទេសសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកនេះឯង។

តាមទិន្នន័យពាណិជ្ជកម្មរបស់អាមេរិកបង្ហាញថា ទឹកប្រាក់នៃការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអាមេរិកគិតតាំងពីឆ្នាំ១៩៩៧មកមានចំនួន ៣៦ពាន់លានដុល្លារ ដោយនៅក្នុងនោះ ៩០ភាគរយ ជាសំលៀកបំពាក់ និងស្បែកជើង ហើយរយៈពេល ២០ឆ្នាំមកនេះ អាមេរិកថាបានគាំទ្រជាថវិកាដល់កម្មវិធីរោងចក្រល្អ ដែលផ្តល់អោយក្រុមហ៊ុនអ្នកទិញនៅប្រទេសអាមេរិក និងនៅអឺរ៉ុបមានទំនុកចិត្តនៅក្នុងការទិញទំនិញពីកម្ពុជា។

ជារួមមកវិញ នយោបាយការបរទេសកម្ពុជាបច្ចុប្បន្នមានភាពល្អប្រសើរច្រើន បើធៀបពីអតីតកាល។នេះបើតាមការមើលឃើញរបស់អ្នកវិភាគ។ប៉ុន្តែអ្នកវិភាគផ្តល់ជាយោបល់ដល់រដ្ឋាភិបាលថា កម្ពុជាគួរប្រកាន់ខ្ជាប់នូវនយោបាយ អព្យាក្រឹតរបស់ខ្លួនឱ្យល្អ ដើម្បីរក្សានូវផលប្រយោជន៍ទាំងសងខាង៕ 

ព័ត៌មានផ្សេងទៀត