តួ​ក​គី​ចុះហត្ថលេខា​​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​​S-400s​ពី​រុស្ស៊ី​

ដោយ៖ ពេញ ផេង 13-09-2017 6:17 pm 810
រូបភាព​ប្រព័ន្ធការពារមីស៊ីល

​ប្រទេស​តួ​ក​គី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​លក់​អាវុធ​ដ៏​សំខាន់​មួយ​ជាមួយ​រុស្ស៊ី នោះ​គឺ​ការទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400s ដែល​ជា​កិច្ចព្រមព្រៀង​លើកដំបូង​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​ភាគី​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​១២​កញ្ញា​។​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល អាច​នឹង​ធ្វើឲ្យ​តួក​គីជា​សម្ព័ន្ធមិត្ដ​ណាតូ​ជួប​បញ្ហា​។​

​ការទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​ទៀតសោត ជា​កិច្ចព្រមព្រៀង​សំខាន់​បំផុត​រវាង​ទីក្រុង​អង់កា​រ៉ា​ជាមួយ​អ្នកផ្គត់ផ្គង់​មិនមែន​ជា​សមាជិក​របស់​ណា​តូ ហើយ​ក៏​ធ្វើ​ឡើង​ស្រប​ពេល​តួ​ក​គី​កំពុង​មាន​វិវាទ​ជាមួយ​ប្រទេស​លោកខាងលិច​មួយចំនួន រាប់បញ្ចូល​ទាំង​អាមេរិក​ផង​។​ដូចដែល​បាន​ដឹង​ហើយ​ថា អាមេរិក​និង​រុស្ស៊ី​មិនជា​ត្រូវរ៉ូវ​គ្នា​ឡើយ​។​

​ប្រធានាធិបតី​តួ​ក​គី​លោក​Recep Tayyip Erdogan​បាន​និយាយថា ហត្ថលេខា​បាន​ចុះ​ហើយ​លើ​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​S-400s​ពី​រុស្ស៊ី​។​ចំណែក​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin​ក៏​ឯកភាព​ហើយ​ដែរ ហើយ​នឹង​អនុវត្ដ​កិច្ចព្រមព្រៀង​ក្នុងពេល​ឆាប់ៗ​។​

​សូមបញ្ជាក់​ថា រុស្ស៊ី​និង​តួ​ក​គី​ថ្មីៗ​នេះ​បាន​បង្កើន​ចំណង​មិត្ដភាព​ជា​មួយ​គ្នា​កាន់តែ​ខ្លាំង​ជាង​មុន ពិសេស​បន្ទាប់​ពី​តួ​ក​គី​មាន​ភាពរ​កាំរ​កួស​ជាមួយ​អាមេរិក​។​រកាំរកូស​ដោយសា​រពាក់​ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី​តួ​ក​គី​កាលពី​ខែកក្កដា​ឆ្នាំ​មុន​។​តួ​ក​គី​ចោទថា​លោក​Fethullah Gülen​ជនជាតិ​តួ​ក​គី​កំពុង​រស់​នៅ​អាមេរិក ជា​អ្នក​នៅ​ពីក្រោយ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​។​

​តួ​ក​គី​ទាមទារ​ឲ្យ​អាមេរិក​ធ្វើ​បត្យាប័ន​លោក​Gülen​មក​តួ​ក​គី​វិញ​ដើម្បី​កាត់ទោស ប៉ុន្ដែ​អាមេរិក​ថា​ទាល់តែ​មាន​ភស្ដុតាង​គ្រប់គ្រាន់ មិន​ដូច្នេះ​អាមេរិក​មិន​អាច​ជួយ​បានឡើយ​។​ត្រង់​ចំណុច​នេះ​ហើយ ដែល​តួ​ក​គី​ចាប់ផ្ដើម​ថ្នាំងថ្នាក់​ចិត្ដ​ជា​មួយអា​មេរិក​៕

ព័ត៌មានផ្សេងទៀត