លោក​អ៊ូ វីរៈ មិន​ពេញចិត្ត​លោក​សុខ ទូច ភ្ជាប់​ឃាតកម្ម​លោក​កែម ឡី​ទៅ​បដិវត្ត​ពណ៌​

ដោយ៖ ខាត់ សុធី 13-09-2017 6:07 pm 17980
លោក សុខ ទូច (ឆ្វេង) និងលោក អ៊ូ វីរៈ (ស្ដាំ)

​ការ​ទាញ​ភ្ជាប់​ករណី​ឃាតកម្ម​លើ​រូប​លោក​កែម ឡី ថា​ជា​ជំហាន​បដិវត្តន៍​ពណ៌ នៅ​កម្ពុជា របស់​លោក​សុខ ទូច ត្រូវបាន លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកវិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា​បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ និង​សុំឲ្យ​លោក​សុខ ទូច គោរព​វិញ្ញាណ​សព​លោក​កែម ឡី​ផង​។

​ខណៈ​យុត្តិធម៌​សម្រាប់​ក្រុម​គ្រួសារ​លោក​កែម ឡី នៅតែ​ងងឹត​សូន្យឈឹង​នៅឡើយ បើ​ទោះ​ជា​ឃាតកម្ម​ដ៏​យង់ឃ្នង​លើ​រូប​លោក​ទាំង​កណ្តាល​ថ្ងៃ ក្នុង​រាជធានី​ភ្នំពេញ បាន​កន្លងផុតទៅ​អស់​រយៈកាល​ជាង​១​ឆ្នាំ​ទៅ​ហើយ​ក៏​ដោយ​។ តែ​អ្វី​ដែល​គួរឲ្យ​សោកស្តាយ បែរជា​មាន​ការ​ទាញ​ភ្ជាប់​ករណី​ឃាតកម្ម​លើ​រូប​លោក ថា​ជា​ជំហាន​បដិវត្តន៍​ពណ៌ នៅ​កម្ពុជា​ទៅវិញ​។​ការ​ទាញ​ភ្ជាប់​នេះ បាន​ធ្វើ​ឲ្យ​ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកវិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា លោក អ៊ូ វីរៈ បញ្ចេញ​ប្រតិកម្ម​ភ្លាមៗ​ផងដែរ​។​

​លោក អ៊ូ វីរៈ តាមរយៈ​បណ្ដាញ ទំនាក់ទំនង​សង្គម (Facebook) បាន រិះគន់ ទៅលើ​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា  ពាក់ព័ន្ធ​នឹង​ការយក​ករណី​ឃាតកម្ម លើ​លោក​បណ្ឌិត​កែម ឡី ទៅ​ភ្ជាប់​នឹង​រឿង​បដិវត្តន៍​ពណ៌ ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចោទថា រៀបចំ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​។​

​ដោយ​ភ្ជាប់​ជាមួយ​ចំណងជើង​អត្ថបទ​ព័ត៌មាន ដែល​ចុះផ្សាយ​ក្នុង​វេបសាយ​វិទ្យុ​អន្តរជាតិ​អាស៊ីសេរី ក្រោម ចំណងជើង​ថា “​បាតុកម្ម និង​មរណភាព​បណ្ឌិត​កែម ឡី ជា​ជំហាន​បដិវត្តន៍​ពណ៌​ដែល​អាមេរិក​រៀបចំ​” នោះ លោក អ៊ូ វីរៈ បាន​លើកឡើង​ថា “​ដូច​លើស​ពេក​ហើយ ។ សូម​គោរព​វិញ្ញាណ​សព​បង​កែម ឡី​ផង​” ។​

​សូមបញ្ជាក់​ថា ក្នុង​កិច្ចពិភាក្សា​តុមូល​ស្ដីពី​បដិវត្តន៍​ពណ៌​នៅលើ​ពិភពលោក និង​សោកនាដកម្ម​ក្រោយ​បដិវត្តន៍ ពណ៌​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៧ នា​រាជបណ្ឌិត្យសភាកម្ពុជា លោក​សុខ ទូច បានលើកឡើង ថា ព្រឹត្តិការណ៍​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ជា​ជំហាន នៃ​បដិវត្តន៍​ពណ៌​រៀបចំ​ដោយ ស៊ី​.​អា​យ​.​អេ (CIA) ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​។​

​លោក សុខ ទូច វាយតម្លៃ​ថា​ជា​ជំហាន​នៃ​បដិវត្តន៍​ពណ៌ មានដូចជា​បាតុកម្ម​នៅ​ស្ទឹង​មានជ័យ និង​បាតុកម្ម​នៅ​ស្ពាន​ក្បាលថ្នល់​កាលពី​ឆ្នាំ​២០១៣ ជាដើម​។ លោក សុខ ទូច បាន​ធ្វើ​ការសន្និដ្ឋាន​ផ្អែកលើ​វីដេអូ​ឃ្លី​បដែល​រដ្ឋាភិបាលចោទ​ប្រកាន់លោ​កកឹម សុខា ថា​ក្បត់ជាតិ ហើយ​ថា​ព្រឹត្តិការណ៍​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ក៏​ជា​ជំហាន​នៃ​បដិវត្តន៍​ពណ៌​រៀបចំ​ដោយ ស៊ី​.​អា​យ​.​អេ (CIA)​របស់​អាមេរិក​។​

​ទោះជា​យ៉ាងណា​ក្ដី ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កន្លង​ទៅ​ធ្លាប់​បដិសេធ​ការចោទប្រកាន់​របស់​រដ្ឋាភិបាលកម្ពុ​ជានេះ​៕

ព័ត៌មានផ្សេងទៀត