លោកស្រី​​អ៊ុង​សាន ស៊ូ​ជី​​មិនបាន​​ចូលរួម​​មហាសន្និបាត​​UN​​នៅជាប់​​ដោះស្រាយ​វិបត្ដិ​

ដោយ៖ ពេញ ផេង 13-09-2017 6:03 pm 297
មេដឹកនាំ​មីយ៉ាន់ម៉ា​លោកស្រី​អ៊ុងសាន ស៊ូជី

​កាលពី​ខែ​កញ្ញា​ឆ្នាំមុន លោកស្រី​អ៊ុង​សាន ស៊ូ​ជី​បានបង្ហាញ​វត្ដ​មាន​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើកដំបូង ក្រោយពេល​គណបក្ស​លោក​ស្រី​ឈ្នះ​ឆ្នោត​បាន​គ្រប់គ្រង​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។​កាលនោះ​លោក​ស្រី​បាន​ប្ដេជ្ញា​នឹង​ដោះស្រាយ​វិបត្ដិ​ដែល​កើតឡើង ដូចជា​វិបត្ដិ​ក្រុម​ជនជាតិភាគតិច​ជាដើម​ពិសេស​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​។​

​ប៉ុន្ដែ​រយៈពេល​មួយ​ឆ្នាំ​កន្លងមកនេះ វិបត្ដិ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​ក្រោយ​ផ្ទុះ​អំពើហិង្សា រហូត​ដល់​លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី​ត្រូវ​ខកខាន​មិន​បាន​ចូលរួម​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​នា​ឆ្នាំ​នេះ​ទេ​។​អ្នកនាំពាក្យ​លោកស្រី​បាន​បញ្ជាក់បន្ថែម​ថា លោក​ស្រី​កំពុង​ព្យាយាម​គ្រប់គ្រង​ស្ថានភាព​សន្ដិសុខ ដើម្បី​រក្សា​សន្ដិភាព​និង​ស្ថិរភាព ក៏ដូចជា​ការពារ​ជម្លោះ​ក្នុង​សហគមន៍ ដែល​បង្កឡើង​ដោយ​ក្រុម​ឧទ្ទាម​។​

​អំពើហិង្សា​ដែល​ផ្ទុះឡើង​នៅ​ក្នុង​រដ្ឋ​រ៉ាក់​ហ៊ីន គឺ​បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​បើក​ការវាយប្រហារ​លើ​ប៉ុស្ដិ៍​ប៉ូលិស និង​មូលដ្ឋានទ័ព​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ទី​២៥​សីហា​។​អំពើហិង្សា​បាន​សម្លាប់​មនុស្ស​ប្រមាណ​៤០០​នាក់ មាន​អ្នក​ជម្លៀស​ខ្លួន​ទៅ​បង់​ក្លា​ដែស​ប្រមាណ​៤​សែន​នាក់​។​ការជម្លៀស​ខ្លួន​យ៉ាងគំហុក ធ្វើឲ្យ​អន្ដរជាតិ​ថ្កោលទោស​លើ​រដ្ឋាភិបាល​លោកស្រី​អ៊ុង​សាន ស៊ូ​ជី​។​

​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ចាត់​ទុក​នេះ​ជា​បរាជ័យ​របស់​រដ្ឋាភិបាល​លោកស្រី​ស៊ូ​ជី និង​ជំរុញ​ឲ្យ​ដោះស្រាយ​ជាបន្ទាន់​។​តែ​យ៉ាងណាក៏ដោយ បញ្ហា​មិន​អាច​បញ្ចប់​ភ្លាមៗ​ទេ ព្រោះ​ពុំ​ទាន់​ដឹង​ថា​អ្នកណា​ខុស​អ្នកណា​ត្រូវ​ឲ្យ​ពិតប្រាកដ បើ​កងទ័ព​រដ្ឋាភិបាល​ថា​ក្រុម​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ីង​យ៉ា​ជា​អ្នក​ចាប់ផ្ដើម​មុន រីឯ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​ថា​កងទ័ព​ជា​អ្នក​ធ្វើ​ទុក​បុក​ម្នេញ​ពួកគេ មាន​រំលោភបំពាន​និង​ដុត​ផ្ទះសម្បែង​ជាដើម​។​រឿងរ៉ាវ​ចម្រូងចម្រាស​កំពុង​ជំពាក់ជំពិន​កាន់តែខ្លាំង​៕

ព័ត៌មានផ្សេងទៀត