តុលាការ​​កំពូល​​លើក​​ពេល​​ប្រកាស​​សាល​ដីកា​​លោក​​ហេង​ ​ពៅ​​ទៅ​​ថ្ងៃ​ទី​​២៧​​កញ្ញា

ដោយ៖ ធុច ធារ៉ា 13-09-2017 5:11 pm 3702

នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា នេះ តុលាការ​កំពូល​បាន​បើក​សវនាការ​លើ​បណ្ដឹង​សាទុក្ខ​របស់​អតីត​ស្នងការ​ក្រុង​ភ្នំពេញ​លោក​ហេង ពៅ ពាក់ព័ន្ធ​នឹង​សំណុំរឿង​រក្សាទុក​ប្រាក់​ក្លែងក្លាយ និង​បទល្មើស​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​។ ក្រោយ​បញ្ចប់​សវនាការ​តុលាការ​សម្រេច​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៧ ខាងមុខ​។

ក្រោយ​បញ្ចប់​សវនាការ​មន្ត្រី​តុលាការ​បាន​បញ្ជាក់ថា បច្ចុប្បន្ន​លោក​ហេង ពៅ មានទោស​ជិត​១០០​ឆ្នាំ ពាក់ព័ន្ធ​រឿងក្ដី​ជាច្រើន​សុទ្ធតែ​រឿងក្តី​ធំៗ ជាពិសេស​ករណី​ប៉ុនប៉ង​បាញ់សម្លាប់​លោក​ថុង អ៊ុយប៉ាង ចាងហ្វាង​កាសែត​កោះសន្តិភាព និង​ប៉ុនប៉ង​បាញ់សម្លាប់​លោក​អ៊ុក សាវុធ ព្រះរាជអាជ្ញា​តុលាការក្រុង​ភ្នំពេញ ដែល​បច្ចុប្បន្ន​ជា អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​។​

​តែ​យ៉ាងណាក៏ដោយ អតីត​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ​លោក​ហេង ពៅ ធ្លាប់បាន​បង្ហាញ​ការ​អស់ជំនឿ​ក្នុងការ​តតាំង​ក្ដី​នៅ​តុលាការ ជុំវិញ​ការចោទប្រកាន់​ពី​បទ​រក្សាទុក​ប្រាក់​ក្លែងក្លាយ ដោយ​លោក​ជំរុញ​ទៅ​តុលាការ​សម្រេចសេចក្ដី​តែម្ដងទៅ ដោយ​ពុំ​ចាំបាច់​ធ្វើ​តាម​នីតិវិធី​ទេ​។​

​កាលពីពេល​កន្លង​ទៅ លោក​ហេង ពៅ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ ដោយ​ចោទប្រកាន់​ពី​បទ​រក្សាទុក​ប្រាក់​ក្លែងក្លាយ​។

លោក​ហេង ពៅ​អតីត​ស្នងការ​នគរបាល​ក្រុងភ្នំពេញ ធ្លាប់បាន​ថ្លែង​ថា ខ្លួន​គ្មាន​ទោស​ពៃ​អ្វី​ទេ​ដោយ​អះអាងថា បទ​ចោទប្រកាន់​ទាំង​នេះ ជាការ​ប្រឌិត​ឡើង​ដោយ​លោក​ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ កាលពី​ឆ្នាំ​២០០៨​។​

សូមបញ្ជាក់​ថា អតីត​ស្នងការ​រាជធានី​ភ្នំពេញ​លោក​ហេង ពៅ កំពុង​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​ជាង​១០០​ឆ្នាំ​ក្រោម​បទចោទប្រកាន់​ជាង​១០ ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​បាញ់សម្លាប់​លោក​ថុង អ៊ុយប៉ាង ចាងហ្វាង​កាសែត​កោះសន្តិភាព ប៉ុនប៉ង​បាញ់សម្លាប់​លោក​សៅ សុខា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ប៉ុនប៉ង​បាញ់សម្លាប់​លោក​អ៊ុក សាវុធ ព្រះរាជអាជ្ញា​តុលាការក្រុង​ភ្នំពេញ ដែល​បច្ចុប្បន្ន​ជា អគ្គព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ជា​ដើម​៕


ព័ត៌មានផ្សេងទៀត