​ទូត​អាមេរិក​​​ផ្អាក​លែង​​ផ្តល់​​​ទិដ្ឋាការ​​​ប្រភេទ​​​មិនមែន​​​អន្តោប្រវេសន៍​​​មួយចំនួន​​​នៅ​​​កម្ពុជា​​

ដោយ៖ អឿន ភារ៉ា 13-09-2017 4:58 pm 12631

សហរដ្ឋអាមេរិច បានសម្រេចផ្អាក ការផ្តល់ទិដ្ឋាការ ឲ្យមន្រ្តី និងសាច់ញាតិ របស់មន្រ្កីក្រសួងការបរទេសកម្ពុជា ដែលមានឋានៈ ចាប់ពី​អគ្គនាយក​ឡើងទៅ មានន័យថា មន្រ្តីនៃក្រសួង ការបរទេស​កម្ពុជា និងសាច់ញាតិ នឹងមិនអាចចូល ក្នុងទឹកដីអាមេរិច ទៀតនោះទេ រហូតដល់មានការដោះស្រាយ សមស្របណាមួយកើតឡើង។

​សេចក្តីជូនដំណឹងបានឲ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​តទៅ ស្ថានទូត​សហរដ្ឋអាមេរិក​ ប្រចាំ​ទីក្រុង​ភ្នំពេញ​នឹង​ផ្អាក​លែង​ ចេញ​ទិដ្ឋាការ​ប្រភេទ​ មិនមែន​អន្តោប្រវេសន៍ គឺ​ប្រភេទ​B1 ប្រភេទ​B2 និង​ប្រភេទ​B1/B2 ដល់​មន្ត្រី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា ដែល​មាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក រហូត​ដល់​ថ្នាក់ដឹកនាំ​កំពូល​ នៃ​ក្រសួង​នេះ និង​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគេ​។ ប៉ុន្តែ​ស្ថានទូត​ថា អាច​មាន​ករណី​លើកលែង​តិចតួច​ប៉ុណ្ណោះ​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​។​

​តាមរយះសេចក្តីជូនដំណឹងនេះ បានបង្ហាញថា ទណ្ឌកម្មលើទិដ្ឋាការ មកលើកម្ពុជានេះ ក៏ព្រោះតែកម្ពុជា ស្ថិតក្នុងចំណោម ប្រទេសមួយចំនួនទៀត ដែល​បដិសេធ​មិន​ទទួលយក ឬ​ប្រើប្រាស់​ហេតុផល​ដែល​មិន​សមស្រប​ ដើម្បី​ពន្យារ​ពេល​ទទួលយក ​ព​ល​រដ្ឋនៃ​ប្រទេសខ្លួនវិញ។ ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​បញ្ជា​អោយ​មន្ត្រី​កុងស៊ុល​ បញ្ឈប់លែង​ផ្តល់​ទិដ្ឋាការ ​រហូត​ទាល់តែ​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​ទទួល បាន​ព័ត៌មាន​ថា ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំងនោះ ​បាន​យល់ព្រម​ទទួលយក​ពលរដ្ឋ​របស់​គេ​វិញ​។​

ដូច្នេះមន្រ្តីក្រសួងការបរទេសឋានៈ​ ចាប់ពី​ថ្នាក់​អគ្គនាយក រហូត​ដល់​ថ្នាក់ដឹកនាំ​កំពូល​ អាចចូលទៅប្រទេសអាមេរិកបាន ដរាបណាកម្ពុជា ព្រមទទួលយកពលរដ្ឋ ដែលប្រព្រឹត្តិផ្ទុយច្បាប់ នៅប្រទេសអាមេរិក អោយត្រឡប់មកកម្ពុជាវិញ។

សេចក្តីប្រកាសបានអោយដឹងថា ​ប្រសិនបើ​អ្នក​ស្ថិតនៅ​ក្នុង​ក្រុម​ ដែល​ត្រូវបាន​គេ​ផ្អាក​ការចេញ​ទិដ្ឋាការ ហើយ​អ្នក​សម្រេចចិត្ត​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​នោះ មន្ត្រី​កុងស៊ុល​នឹង​សម្ភាស​អ្នក ប៉ុន្តែ​មិន​អាច​ផ្តល់​ទិដ្ឋាការ​ជូន​បានទេ រហូត​ទាល់តែ​ការផ្អាក​នោះ​ ត្រូវបាន​លើកលែង​។ ទន្ទឹមនឹងនេះ ទូត​អាមេរិក អំពាវនាវ​ឲ្យ​ពិចារណា​ឲ្យ​ បាន​ដិតដល់​មុន​ពេល​ដាក់​ពាក្យសុំ​ទិដ្ឋាការ​។​

​សូមបញ្ជាក់​ថា ​កន្លង​ទៅ​ថ្មីៗ​នេះ រដ្ឋបាល​អាមេរិក ​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ទិដ្ឋាការ​ លើ​ប្រទេស​ចំនួន​៤ ដែល​បាន​បដិសេធ ​ទទួលយក​ពលរដ្ឋ​របស់ខ្លួន ដែល​រស់នៅ​ដោយ​ខុស​ច្បាប់​ នៅ​សហរដ្ឋអាមេរិក​។ បើ​តាម​ក្រសួង​សន្តិសុខ​សហរដ្ឋអាមេរិក ទិដ្ឋាការ​នេះ​ត្រូវ​រឹតបន្តឹង​លើ​ប្រទេស​ដូចជា អេ​រីទ្រា​, ហ្គី​នៀ​, សៀ​រ៉ា​លី​អូន និង​កម្ពុជា បន្ទាប់​ពី​សហរដ្ឋអាមេរិក​ព្យាយាម​បណ្ដេញ​ពួកគេ​ ចេញពី​ប្រទេស ក្រោម​ហេតុផល​ពួកគេ ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​រស់នៅ​ដោយ​ខុសច្បាប់​៕

ព័ត៌មានផ្សេងទៀត