លោក​សាយ ឈុំ​៖​ វៀតណាម​គឺ​ជា​អ្នកជិតខាង​ល្អ​និង​ជា​ដៃគូ​ល្អ​

ដោយ៖ គង់ ឧត្តម 13-09-2017 4:04 pm 1203
ភាគីវៀតណាម និងកម្ពុជា ក្នុងជំនួបនៅព្រឹកម៉ិញ ។ រូបថតពី fn ។

​ព្រឹក​ថ្ងៃ​ទី​១៣​ខែកញ្ញា​នេះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក​សាយ ឈុំ បាន​ជួប​សំណេះសំណាល​ជាមួយ​លោកស្រី ង្វៀង ធី​ធូ​ហា ប្រធាន​សហព័ន្ធ​នារី​វៀតណាម​នៅ​វិមាន​ព្រឹទ្ធសភា ។ លោក សាយ ឈុំ ថា កិច្ចសហប្រតិបត្តិការ​រវាង​សមាគម​នៃ​ប្រទេស​ទាំង​ពីរ គឺ​ផ្តោត​សំខាន់​លើ​ការឃោសនា អប់រំ​យុវជន​ដើម្បី​ស្វែងយល់​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​នោះ​គឺ យកចិត្តទុកដាក់​ក្នុង​ការបណ្តុះបណ្តាល​ផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ទៅវិញទៅមក ។​

​លោក សាយ ឈុំ បញ្ជាក់ថា ជំនួយ​គាំទ្រ​របស់​សហព័ន្ធ​នារី​វៀតណាម​បាន​ផ្តល់​លទ្ធភាព​ជា​ច្រើន​ដល់​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ ដើម្បី​រួមចំណែក​ពង្រឹង​ស្ថាប័ន និង​សមត្ថភាព​មន្ត្រី​របស់​ស​មាគ​ម​នារី​កម្ពុជា ។ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លើក​ឡើង​ទាំង​សង្ឃឹមថា សមាគមនារី​របស់​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា ដើម្បី​ជា​គុណប្រយោជន៍​ដល់​នារី​និង​កុមារ​នៃ​ប្រទេស​ទាំង​ពីរ ។ ប្រមុខរដ្ឋ​ស្តីទី​នៃ​ប្រទេស​កម្ពុជា​រូបនេះ​ថា ប្រទេស​វៀតណាម​និង​កម្ពុជា គឺជា​អ្នក​ជិតខាង​ល្អ មិត្ត​ល្អ បងប្អូន​ល្អ និង​ជា​ដៃគូ​ល្អ ។​

​សូមបញ្ជាក់​ថា ក្នុង​ជំនួប​នៅ​ព្រឹក​ថ្ងៃ​ទី​១៣​កញ្ញា​នេះ ក្រៅពី​បាន​ធ្វើ​ការវាយតម្លៃ​និង​បូកសរុប​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៣-២០១៧ ភាគី​កម្ពុជា​-​វៀតណាម​បាន​បន្ត​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ថ្មី សម្រាប់​ឆ្នាំ​២០១៧-២០២០ បន្ថែម ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត