​អាមេរិក​លើក​​ពី​គុណសម្បត្តិ​​ជួយ​​កម្ពុជា​ គ្រា​​កំពុង​​ល្អក់​កករ​​

ដោយ៖ អឿន ភារ៉ា 13-09-2017 2:25 pm 2683

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បានលើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការជួយ​ដល់​កម្ពុជា ខណៈ​ដែល​ប្រទេស​ទាំងពីរ​ហាក់​កំពុង​មាន​ភាព​ល្អក់កក​រ​នឹង​គ្នា​។ តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ខ្លួន ស្ថានទូត​អាមេរិក តែងតែ​ចោទ​ជា​សំណួរ​ថា តើ​សហរដ្ឋអាមេរិក​ធ្វើ​អ្វីខ្លះ​នៅ​កម្ពុជា​? ក្នុងនោះ សហរដ្ឋអាមេរិក​បង្ហា​ញ​ពី​គុណសម្បត្តិ​របស់​ខ្លួន ដែល​បាន​ជួយ​ឲ្យមាន​ការរីកចម្រើន​លើ​វិស័យ​ដូចជា ធនធានធម្មជាតិ វប្បធម៌ ការអប់រំ សិល្បៈ និង​ឧស្សាហកម្ម​ជាដើម​។

​សហរដ្ឋអាមេរិក​តាម​រយៈ​ស្ថានទូត​របស់ខ្លួន ឱ្យដឹងថា អាមេរិក​បាន​សង្គ្រោះ​ព្រៃឈើ ដោយ​ថា ប្រទេស​កម្ពុជា​កំពុងតែ​បាត់បង់​ព្រៃឈើ​លឿន​ជាង​ប្រទេស​ណា​ទាំងអស់​នៅ​លើ​ផែនដី​នេះ ហើយ​កំពុង​ធ្វើការ​ដើម្បី​បញ្ឈប់​រឿងនេះ​។ ទូត​ដដែល​បន្តថា​៖ “​យើង​បាន​ជួយ​ប្រទេស​កម្ពុជា​នៅក្នុង​ការលើក​កំពស់​ការគ្រប់គ្រង​ដី និង​អភិរក្ស​ដី​ព្រៃ​ចំនួន​ជាង ២,៦​លាន​ហិកតា​។ យើង​បាន​បណ្តុះបណ្តាល និង​ផ្តល់​គ្រឿង​បរិក្ខា​ដល់​អ្នក​ល្បាត​ព្រៃ​រាប់រយ​នាក់ ដើម្បី​បញ្ឈប់​អ្នក​កាប់​ឈើ​ខុសច្បាប់​។ យើង​កំពុង​ធ្វើការ​នៅតាម​សហគមន៍​ព្រៃឈើ​ចំនួន​ជាង​១០០ ដើម្បី​ជួយ​អ្នកស្រុ​កឲ្យទទួលបាន​កម្មសិទ្ធិដី ហើយ​យើង​បាន​ជួយ​ប្រជាជន​ចំនួន​ជាង ១៥ ០០០​នាក់ ក្នុង​ការ​រក​ប្រភព​ចំណូល​ថ្មីៗ ក្រៅ​ពី​កាប់​ឈើ​”​។​

​ទាក់ទង​នឹង​វិស័យ​វប្បធម៌ អាមេរិក​បញ្ជាក់ថា ខ្លួន​បាន​ជួយសង្គ្រោះ​ប្រាសាទ ដោយ​ថា កម្ពុជា​មាន​បេតិកភណ្ឌ​វប្បធម៌​ដ៏​អស្ចារ្យ និង​សំបូរបែប​។ បើ​គ្មាន​ការថែរក្សា និង​អភិរក្ស​ដ៏​សកម្ម​ទេ បេតិកភណ្ឌ​នេះ​អាច​បាត់បង់​សំរាប់​មនុស្ស​ជំនាន់​ក្រោយ​។ ដូច្នេះ​អាមេរិក​ថា ខ្លួន​បាន​ផ្តល់​ថវិកា​ចំនួន​ជាង ៤​លាន​ដុល្លារ នៅក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការជួយ​សង្គ្រោះ​ទ្រព្យសម្បត្តិ​វប្បធម៌​ដ៏​មាន​តំលៃ​ទាំងនោះ​។​

​ការជួយ​កុមារ​ឲ្យ​ចេះ​អាន ក៏​ជា​អ្វី​ដែល​អាមេរិក​ឱ្យដឹងថា កំពុង​បំពេញ​ការងារ​នេះ ហើយ​ផ្តល់​នូវ​បរិក្ខាអេ​ឡិ​កនិក ព្រម​ទាំង​កម្មវិធី​សំខាន់ៗ​មួយចំនួនទៀត ដើម្បី​ជម្រុញ​សិស្ស​វ័យក្មេង​ឲ្យ​រៀន​អាន​។ ការធ្វើឲ្យ​ប្រសើរឡើង​នូវ​អក្ខរក​ម្មដល់​ក្មេងៗ អាមេរិក​ថា នឹង​ធ្វើឲ្យ​រីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ចំណែកឯ​វិស័យ​សិល្បៈ​វិញ ស្ថានទូត​អាមេរិក​ថា បាន​ផ្សព្វផ្សាយ​ពី​សិល្បករ​ខ្មែរ ដោយ​បាន​នាំ​សិល្បករ និង​តន្ត្រីករ​មក​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ការផ្លាស់ប្តូរ​ជាមួយ​សិល្បករ និង​អ្នក​សំដែង​កម្ពុជា​។ ការផ្លាស់ប្តូរ​គ្នា​រវាង​ប្រជាជន និង​ប្រជាជន​បែបនេះ នឹង​ធ្វើឲ្យ​មាន​ការ​យល់​ដឹង​បន្ថែម​ស្តីពី​ភាពសំបូរ​បែបនៃ​ប្រពៃណី និង​វប្បធម៌ នៃ​ប្រទេស​ទាំង​ពីរ​។​

​ជាមួយគ្នានេះ ទូត​អាមេរិក​ថា ខ្លួន​បាន​ជួយ​ឲ្យ​កម្ពុជា​មាន​វិបុលភាព​។ វិបុលភាព​លើ​វិស័យ​ឧស្សាហកម្ម គឺ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក គិត​តាំងពី​ឆ្នាំ​១៩៩៧​មក​មាន​ចំនួន ៣៦​ពាន់​លាន​ដុល្លា ដោយ​នៅ​ក្នុង​នោះ ៩០​ភាគរយ ជា​សំលៀកបំពាក់ និង​ស្បែកជើង​។ ហើយ​រយៈពេល ២០​ឆ្នាំ​មកនេះ អាមេរិក​ថា​បាន​គាំទ្រ​ជា​ថវិកា​ដល់​កម្មវិធី​រោងចក្រ​ល្អ ដែល​ផ្តល់អោយ​ក្រុមហ៊ុន​អ្នកទិញ​នៅ​ប្រទេស​អាមេរិក និង​នៅ​អឺរ៉ុប​មាន​ទំនុកចិត្ត​នៅ​ក្នុង​ការទិញ​ទំនិញ​ពី​កម្ពុជា​។ ក្រៅពីនេះ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច កសិកម្ម សុខភាព​សាធារណៈ យុត្តិធម៌ ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ ក៏​ជា​អ្វី​ដែល​ស្ថានទូត​អាមេរិក អះអាងថា បាន​ជួយ​ធ្វើឲ្យ​ប្រសើរឡើង និង​កំពុង​បន្ត​កិច្ច​ការងារ​ទាំងនេះ​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ីផា​ន ទទួលស្គាល់​ចំពោះ​ការជួយ​អភិវឌ្ឍន៍​របស់​សហរដ្ឋអាមេរិក​មកដល់​ប្រទេស​កម្ពុជា​។ តែ​លោក​ថា អាមេរិក​មិន​មែន​ជា​ចៅហ្វាយ​របស់​កម្ពុជា​ទេ គ្រាន់​តែ​​ជា​ដៃគូ​អភិវឌ្ឍ​ប៉ុណ្ណោះ ហើយ​ដៃគូ​អភិវឌ្ឍ​នេះ​ទៀតសោត លោក​ថា​កម្ពុជា​មិន​បាន​បង្ខំ​ឲ្យមក​ជួយ​នោះទេ ព្រោះ​សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ទាំងសងខាង​។ លោក​ថ្លែងថា​៖ “​សហរដ្ឋ​អាមេរិក​​ជា​ដៃគូ​ដៃគូ​អភិវឌ្ឍ​សុទ្ធសាធ​ជាមួយ​កម្ពុជា ហើយ​ដៃគូ​អភិវឌ្ឍ​កម្ពុជា​មិន​បង្ខំ​ឲ្យមក​ធ្វើ​ការអភិវឌ្ឍនោះទេ គ្រាន់តែ​យើង​យល់ឃើញថា ជា​ការបណ្តាក់ទុន​មួយ​ដើម្បី​អភិវឌ្ឍ​កម្ពុជា បាន​ផល​ប្រយោជន៍​រួមគ្នា​”​។

​បើ​តាម​លោក​ឯក​អគុ្គរដ្ឋទូត William A. Heidt បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្នុងពេល ២​សប្តាហ៍​ខាង​មុខ​នេះ ស្ថានទូត​នឹង​រៀបរាប់​រឿង​ពិត​ស្តីពី​សកម្មភាព​របស់​ខ្លួន ហើយ​ពន្យល់ថា ហេតុអ្វី​ក៏​វា​ល្អ​សម្រាប់​ប្រទេស​ទាំង​ពីរ​។ គួរកត់សម្គាល់​ថា ការចាប់ផ្តើម​បង្ហាញ​ពី​គុណសម្បត្តិ​របស់​ខ្លួន​នាពេលនេះ ខណៈ​ដែល​ស្ថានការណ៍​នាពេល​បច្ចុប្បន្ន​នេះ កម្ពុជា​និង​អាមេរិក ហាក់​កំពុង​មាន​ភាព​ល្អក់កក​រ​នឹង​គ្នា​។ ភាព​ល្អក់កករ​នេះ បាន​ចាប់ផ្តើម​តាំងពី​ពេលដែល​កម្ពុជា​បាន​បិទ​អង្គការ​បរទេសមួយ និង​ការចាប់ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង​ពី​អំពើ​ក្បត់ជាតិ ហើយ​ចោទប្រកាន់​អាមេរិក​ថា នៅ​ពីក្រោយ​រឿងនេះ​៕

ព័ត៌មានផ្សេងទៀត