ខេត្ត​​កែប​​និង​​ខេត្ត​​ពោធិ៍សាត់​​ទទួល​បាន​​ពាន់​រង្វាន់​​និរន្តរ​ភាព​​បរិស្ថាន​​ទីក្រុង​​អាស៊ាន​

ដោយ៖ ធុច ធារ៉ា 13-09-2017 1:59 pm 308

ខេត្ដ​កែប និង​ខេត្ត​ពោធិ៍សាត់​នៃ​ប្រទេស​កម្ពុជា ត្រូវបាន​ជ្រើសរើស​ជា​ជ័យលាភី​សម្រាប់​ពានរង្វាន់​និរន្ដរភាព​បរិស្ថាន​ទីក្រុង​អាស៊ាន នៅក្នុង​ទីក្រុង​បង់​ដារ​សេរីបេកា​វ៉ាន់ ប្រទេស​ប្រ៊ុយណេ កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧​។ ពានរង្វាន់​ជ័យលាភី​ស្ដី​ពី​និរន្តរភាព​បរិស្ថាន​ទីក្រុង​អាស៊ាន ដែល​ខេត្ត​កែប និង​ខេត្ត​ពោធិ៍សាត់​ទទួលបាន គឺ​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៤ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​សន្និសីទ​ភាគី​កិច្ចព្រមព្រៀង ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​

​បើ​តាម​ការអះអាង​ពី​ក្រសួង​បរិស្ថាន ការផ្ដល់​ពានរង្វាន់​ដល់​ខេត្ត​កែប និង​ពោធិ៍សាត់​ជា​ទីក្រុង​បរិស្ថាន​អាស៊ាន​នេះ គឺ​ផ្អែក​លើ​កត្តា​មួយចំនួន​ដូចជា ការទទួលស្គាល់​ទឹកស្អាត ដី​ស្អាត និង​ខ្យល់​ស្អាត ដែល​បាន​ឆ្លងកាត់​ការវាយតម្លៃ និង​ជ្រើសរើស​ដោយ​គណៈកម្មការ ដែល​មាន​សមាសភាព​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់​។ ក្រសួង​បញ្ជាក់ថា ខេត្ត​ពោធិ៍សាត់ ទទួលពាន​រង្វាន់​អាស៊ាន ផ្នែក​និរន្តរភាព​ទឹកស្អាត ហើយ​ដោយឡែក​ខេត្ត​កែប ទទួលពាន​រង្វាន់​ទីក្រុង​និរន្តរភាព​បរិស្ថាន​អាស៊ាន​។​

កិច្ចប្រជុំ​លើក​ទី​១៤ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​សន្និសីទ​ភាគី​កិច្ចព្រមព្រៀង ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដោយ​បាន​ពិភាក្សា​លើ​ប្រធានបទ​ចំនួន​៨ ដែល​ស្ថិតនៅក្រោម​ក្របខ័ណ្ឌ​បរិស្ថាន ដែល​ទី​១-​វឌ្ឍនភាព ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន ទី​២-​និរន្តរភាព​បរិស្ថាន​ទីក្រុង ទី​៣-​ការអភិរក្ស​ជីវៈចម្រុះ ទី​៤-​ការប្រែប្រួល​អាកាសធាតុ ទី​៥-​បរិស្ថាន​តំបន់​ឆ្នេរសមុទ្រ ទី​៦-​ការងារ​អប់រំ​បរិស្ថាន ទី​៧-​ការគ្រប់គ្រង​ធនធាន​ទឹក និង​ទី​៨-​ការគ្រប់គ្រង​សារធាតុ​គីមី និង​សំណល់​គ្រោះថ្នាក់​។​

​ជាមួយគ្នានេះដែរ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ក៏​មាន​ការចូលរួម​ពិភាក្សា ជាមួយ​បណ្ដា​ប្រទេស​ជា​ដៃគូ​សន្ទនា​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​បូក​បី​ផងដែរ ដូចជា ចិន ជប៉ុន និង​កូរ៉េ ជុំវិញ​កិច្ចសហប្រតិបត្ដិកា​រវិស័យ​បរិស្ថាន​។​

គួរ​បញ្ជាក់ដែរថា កិច្ចប្រជុំ​រដ្ឋមន្ដ្រី​បរិស្ថាន​អាស៊ាន​បូក​បី​ដែល​បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១២ កញ្ញា​នេះ បាន​សម្រេច​ចេញ​សេចក្ដី​ថ្លែង​ការរួម​អាស៊ាន​ឆ្នាំ​២០១៧​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ការផ្តល់​ពានរង្វាន់​និរន្តរភាព​បរិស្ថាន​ទីក្រុង​អាស៊ាន ផែនការ​ការពារ​បរិ​ស្ថាន និង​ការប្រែប្រួល​អាកាសធាតុ អាស៊ាន និង​អង្គការ​សហប្រជាជាតិ​តួនាទី​និង​ភារកិច្ច​របស់​ឧត្ដម​មន្ដ្រី​បរិស្ថាន​អាស៊ាន និង​ក្រុមការងារ ផែនការ​សកម្មភាព ស្ដី​ពី​កិច្ចសហប្រតិបត្ដិកា​រវិស័យ​បរិស្ថាន​អាស៊ាន​-​ចិន និង​របាយការណ៍​ស្តីពី​ស្ថានភាព​បរិស្ថាន​អាស៊ាន​លើ​ក​ទី​៥៕


ព័ត៌មានផ្សេងទៀត