កម្ពុជា​​ទទូច​​ឱ្យ​​កូរ៉េ​ខាង​ជើង​​បញ្ឈប់​​ការ​សាក​ល្បង​​នុយ​ក្លេ​អ៊ែរ​​គ្រប់​​ប្រភេទ​​

ដោយ៖ សេង បារាំង 13-09-2017 1:39 pm 995
កិច្ចប្រជុំUNដាក់ទណ្ឌកម្មកូរ៉េខាងជើង

​កម្ពុជា​ទទូច​ឱ្យ​ប្រទេស​កូរ៉េខាងជើង បញ្ឈប់​ការសាកល្បង​នុយក្លេអ៊ែ​រ និង​មី​ស៊ី​ល​គ្រប់​ប្រភេទ ដើម្បី​ការពារ​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ ខណៈ​ដែល UN កំពុង​ថ្កោលទោស​ការគំរាមកំហែង​ពី​ប្រទេស​កុ​ម្មុយ​និស្ត​មួយនេះ​។ 

​កម្ពុជា​បាន​ចេញ​សេចក្ដីថ្លែងការណ៍ សំដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការសាកល្បង​នុយក្លេអ៊ែ​រ របស់​ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១៧ កន្លងទៅនេះ​។ នេះ​បើ​យោងតាម​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​កម្ពុជា​បាន​ស្នើ​ប្រទេស​កូរ៉េខាងជើង អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​សេចក្ដីសម្រេចចិត្ត​ពាក់ព័ន្ធ​ទាំងអស់ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ហើយ​បញ្ឈប់​ការសាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​គ្រប់​ប្រភេទ ក្នុង​គោលបំណង​សន្តិភាព និង​ស្ថិរភាព នៅក្នុង​ក្របខណ្ឌ​ឧបទ្វីប​កូរ៉េ​។​

​កម្ពុជា​ចាត់ទុក​ការសាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦ របស់​ប្រទេស​កូរ៉េខាងជើង ជា​ការរំលោភ​ជាថ្មី​ម្ដងទៀត ចំពោះ​សេចក្ដីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ និង​នៅក្នុង​តំបន់​ទាំងមូល ហើយ​នឹង​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ថែម​ទៀត ចំពោះ​ស្ថានភាព​ដែល​តឹងតែង​ស្រាប់​ក្នុង​ឧបទ្វីប​មួយ​នេះ​។​

​សូមបញ្ជាក់​ថា ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ បាន​អនុម័ត​សេចក្ដីសម្រេច​ថ្មី ប្រឆាំង​នឹង​កូរ៉េខាងជើង កាលពី​ថ្ងៃ​ទី​១១​កញ្ញា ទទួលបាន​សំឡេង​គាំទ្រ​១៥-០ ក្រោយ​ប្រទេស​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ កូរ៉េខាងជើង មិន​ដែល​ខ្លាចរអា​ទៅនឹង​ការដាក់ទណ្ឌកម្ម​របស់ UN នោះទេ​៕ 

ព័ត៌មានផ្សេងទៀត