អាមេរិក​សម្តែង​ការឈឺចាប់ ស្រប​ពេល​លោក​ហ៊ុន សែន​ថា​ចិន​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ

ដោយ៖ គង់ ឧត្តម 13-09-2017 1:00 pm 3379

​ក្នុងជំនួប​សំណេះសំណាល​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ចេ​ន វ៉ូ អភិបាលខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន មុនពេល​លោក​ហ៊ុន សែន ធ្វើ​មាតុភូមិនិវត្តន៍ នៅ​ល្ងាច​ថ្ងៃទី​១២ កញ្ញា​នេះ លោក​អភិបាលខេត្ត​ក្វាង​ស៊ីថា នឹង​សហការ​ជំរុញ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម វិស័យ​អប់រំ និង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។ លោក ចេ​ន វ៉ូ ថ្លែង​អះអាង​ប្រាប់​លោក​ហ៊ុន សែន ថា ប្រសិនបើ​មាន​អ្វី​ឱ្យ​លោក​ជួយ គឺ​លោក​នឹង​ជួយ​ឱ្យអស់​ពី​លទ្ធភាព ។ 

​ក្រៅពី​ថ្លែង​សរសើរ​និង​អរគុណ​ដល់​លោក​ហ៊ុន សែន ដែល​បាន​ប្តេជ្ញា​គាំទ្រ​និង​យកចិត្តទុកដាក់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ លោក​អភិបាលខេត្ត​ក្វាង​ស៊ី​រូបនេះ បាន​ប្រគល់​អំណោយ​ជា​ថវិកា​ចំនួន​១​លាន​ដុល្លារ​ដល់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​សម្រាប់​សង្គមជាតិ ។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថា ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​កម្ពុជា និង​ខេត្ត​ក្វាង​ស៊ី កាន់តែ​ជិតស្និទ្ធ ពិសេស​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន កម្ពុជា ក៏​កាន់តែ​ឈាន​ទៅ​កាន់​កម្រិត​ខ្ពស់​ជា​បន្តបន្ទាប់ ។ លោក ហ៊ុន សែន អះអាងថា មិត្ត​ចិន គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ដែល​បន្ត​ជួយ​កម្ពុជា​គ្រប់​កាលៈទេសៈ​ដែល​គ្មាន​បរទេស​ណា​មក​បំបែក​បំបាក់​បានឡើយ ។​

​សូម​រំឭក​ជូន​ថា ស្រប​ពេល​លោក​ហ៊ុន សែន បាន​ទៅ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើ​ក​ទី​១៤​នៅ​ប្រទេស​ចិន ដោយ​បាន​ថ្លែង​ជា​ញឹកញយ​ថា ចិន​គឺ​ជា​មហាមិត្ត​ដែល​មិន​អាច​មាន​បរទេស​ណា​អាច​បំបែក​បាន ហើយ​ចិន​ក៏​តែងតែ​ប្រកាសថា នឹង​នៅ​ជា​ខ្នងបង្អែក​ចាំ​ជួយ​កម្ពុជា​ឱ្យអស់​ពី​លទ្ធភាព​នោះ នៅ​ល្ងាច​ថ្ងៃទី​១២​កញ្ញា ប្រមុខ​ទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក William A. Heidt បាន​ថ្លែង​សារ​បែប​ឈឺចាប់​ក្នុង​សន្និសីទ​របស់​ខ្លួន​ថា «​ជាច្រើន​ដង​ហើយ​ដែល​សហរដ្ឋអាមេរិក​បាន​រង​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន មិន​ត្រឹមត្រូវ និង​ខុស​ដោយ​ចេតនា វា​ធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់​ណាស់ ។​» ការ​ថ្លែង​បែបនេះ ក្រោយ​លោក​ទទួល​ដំណឹង​ភ្ញាក់ផ្អើល​ពី​ការចោទប្រកាន់​ថា អាមេរិក​ជាប់​ទាក់ទង​ទៅនឹង​ការចាប់ខ្លួន​មេបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ក្បត់ជាតិ ។​

​សូមបញ្ជាក់​ថា កម្ពុជា​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​នៅក្នុង​ឆ្នាំ​១៩៥៨ គិត​ត្រឹម​ឆ្នាំ​២០១៧​នេះ គឺ​មាន​រយៈពេល​៥៩​ឆ្នាំ​ហើយ រីឯ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​អាមេរិក ចាប់ផ្តើម​នៅ​អំឡុង​ឆ្នាំ​១៩៥៥ ពោល​គឺ​ទំនាក់ទំនង​ជាមួយ​មហា​អំណាច​លោក​សេរី​នេះ មាន​អាយុកាល​ជាង​៦០​ឆ្នាំ ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត