Apple​​បញ្ចេញ​​iPhone​​ស៊េរី​ថ្មី​​រូបរាង​និង​​សមត្ថភាព​​មិនធម្មតា​

ដោយ៖ ពេញ ផេង 13-09-2017 12:40 pm 1150
រូបរាងiPhone X

​ក្រុមហ៊ុន​Apple​ជា​ក្រុមហ៊ុន​ល្បី​ឈ្មោះ​របស់​អាមេរិក បាន​បង្ហាញ​នូវ​ទូរស័ព្ទ​iPhone​ស៊េរី​ថ្មី​កាលពី​ថ្ងៃ​ទី​១២​កញ្ញា​នេះ មាន​សមត្ថភាព​មិនធម្មតា ដើម្បី​អបអរ​ខួប​១០​ឆ្នាំ​នៃ​ការចាប់ផ្ដើម​បង្ហាញ​វត្ដ​មាន​iPhone​លើកដំបូង​នៅ​លើ​ទីផ្សារ នោះ​គឺ​iPhone X​។​

iPhone X​ប្រើ​ការស្កែន​មុខ​ដើម្បី​ដោះសោ ហើយ​គ្មាន​ប៊ូ​តុង​Home​ទេ​។​អ្វី​ដែល​រឹតតែ​អស្ចារ្យ វា​បំពាក់​ដោយ​អេក្រង់​OLED​ទំហំ​៥,៨​អ៊ី​ញ ជា​អេក្រង់​លើកដំបូង​ទិញ​ពី​ក្រុមហ៊ុន​Samsung​បំពាក់​លើ​iPhone X​នេះ ធ្វើឲ្យ​រូបភាព​កាន់តែ​ត្រជាក់​ភ្នែក មាន​ពន្លឺ​ច្បាស់​ល្អ​ជាង​iPhone​មុនៗ ដែល​ប្រើ​អេក្រង់​LCD​។​

​បន្ថែម​លើ​នេះ​iPhone X​សាក​ថ្ម​ដោយ​មិន​ចាំបាច់​ប្រើ​ខ្សែ ដូចជា​ស្មា​ត​ហ្វូន​Android​ដទៃ​ទៀត​ដែរ ព្រោះ​វា​មាន​បន្ទះ​កញ្ចក់​នៅ​ផ្នែក​ខាងក្រោយ​សម្រាប់​សាក​ថ្ម​។​ការ​មេ​រ៉ា​ភ្លោះ​iPhone X​មាន​ទំហំ​១២MP​ដដែល ការ​មេ​រ៉ា​មុខ​៧MP​។​iPhone X​នឹង​ចាប់ផ្ដើម​លក់​ក្នុង​ទីផ្សារ​នៅ​ថ្ងៃ​ទី​៣​វិច្ឆិកា​ខាង​មុខ ក្នុងតម្លៃ​៩៩៩​ដុល្លារ​អាមេរិក​។​ក្រៅពី​iPhone X​ក្រុមហ៊ុន​Apple​បាន​បញ្ចេញ​នូវ​iPhone 8 និង iPhone 8 Plus​ផងដែរ ដែល​នឹង​ចាប់ផ្ដើម​លក់​នៅ​ថ្ងៃ​ទី​២២​ខែកញ្ញា​នេះហើយ​។​

រូបភាពiPhone 8

iPhone 8 និង iPhone 8 Plus​មាន​ការអភិវឌ្ឍ​បច្ចេកវិទ្យា​កាមេរ៉ា មាន​បន្ទះ​ភ្លឺរលោង​ធ្វើ​ពី​កញ្ចក់​នៅ​ផ្នែក​ខាងក្រោយ​ដែរ ទំហំ​អេក្រង់​៤,៧​អ៊ី​ញ​សម្រាប់​iPhone 8​និង​៥,៥​អ៊ី​ញ​សម្រាប់​iPhone 8 Plus​។​រូប​រា​វិញ​ដូចគ្នា​នឹង​iPhone 7 និង iPhone 7 Plus​អ៊ីចឹង​ដែរ​។​ចំណែក​តម្លៃ​ចាប់ពី​៦៩៩​ដុល្លារ​សម្រាប់​iPhone 8 និង​8 Plus​តម្លៃ​ចាប់ពី​៧៩៩​ដុល្លារ​អាមេរិក​៕

ព័ត៌មានផ្សេងទៀត