លោក​សុខ ឥសាន ​ចំអក​អាមេរិក​ថា​​«​ចេះ​ឈឺចាប់​ដែរ​?»​

ដោយ៖ ខាត់ សុធី 13-09-2017 12:03 pm 4741
ឯកអគ្គរដ្ឋទូកអាមេរិកវីលោកល្លៀម ហៃ​ដ្ត(ឆ្វង) និងលោកផៃ ស៊ីផាន(ស្តាំ)

​បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃ​ដ្ត (William Heidt) ថ្លែង​នៅក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​១២ ខែ​កញ្ញា នៅឯ​ស្ថានទូត​អាមេរិក ថា លោក​មាន​អារម្មណ៍​ឈឺចាប់ និង​ភ្ញាក់ផ្អើល​ចំពោះ​ការចោទប្រកាន់​ទៅលើ​សហរដ្ឋអាមេរិក លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ញើ​សារ​ចំអក ចោទ​ជា​សំណួរ តប​ទៅ​លោក​វីល្លៀម ហៃ​ដ្ត ភ្លាមៗ​វិញ​ថា​«​អាមេរិក​ចេះ​ឈឺចាប់​ដែរ​?»

​លោក​សុខ ឥសាន និយាយថា ក្រោយពេល​ដែល​លោក​ហ៊ុន សែន មាន​ប្រតិកម្ម​ចំពោះ​ការ​លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ក្នុង​ការឃុបឃិត​ដាក់​ផែនការ​ឲ្យធ្វើ​ការ​ផ្តួលរំលំ​រាជរដ្ឋាភិបា​ល​ស្របច្បាប់​នៅ​កម្ពុជា ដោយ​យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​ប​ប៊ី នោះ លោក​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​សម្តែង​នូវ​ការឈឺចាប់ ហើយ​យ​ថា​ជា​ការចោទប្រកាន់​មិន​ធម្មតា ។​

​លោក​សុខ ឥសាន ចំអក​ថា​« សូម​អរគុណ ឯ​ឧ ឯកអគ្គរដ្ឋទូត​អាមេរិក​ដែល​សម្តែង​ការឈឺចាប់ នៅពេល​មាន​ការ​ប៉ះទង្គិច​ដល់​ខ្លួន ហើយ​សង្ឃឹម​ថា​ឯ​ឧ ទូត​ក៏​យល់​ពី​ការឈឺចាប់​របស់​ប្រទេស​តូចតាច​ដែល​បង្កឡើង​ដោយ​ប្រទេស​ធំៗ​ផងដែរ ។         គេ​នៅ​ចងចាំ​មិន​ភ្លេច​ទេ​ថា កាលពី​ឆ្នាំ ២០១៦ មាន​លេចឮ​ព័ត៌មាន ថា​ប្រទេស​រុស្សី​បាន​លូកដៃ​ចូល​ក្នុង​កិច្ចការ​បោះឆ្នោត​របស់ សហរដ្ឋអាមេរិក ដែល​ធ្វើឲ្យ សហរដ្ឋអាមេរិក មានការ​ខឹងសម្បារ​និង​ឈឺចាប់​»​។​

​លោក​សុខ ឥសាន បន្ថែមថា​«​ដល់​បញ្ហា​កម្ពុជា​ដែល កឹម សុខា និយាយ​ច្បាស់ៗ​ថា អាមេរិក ជា​អ្នករៀបចំ​ផែនការ និង​ណែនាំ​ឲ្យ​ខ្លួន​ធ្វើ​សកម្មភាព​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ តាម​គំរូ​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​ប​ប៊ី ។ តើ​បញ្ហា​នេះ គួរឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល ចេះ​ឈឹ​ចាប់ដែរ​ប្ញ​ទេ​? ប្រាកដជា ចេះ​ឈឺចាប់​ដូច​ឯ​ឧ ឯកអគ្គរដ្ឋទូត​អាមេរិក ដែរ​» ។​

​ចុងបញ្ចប់ លោក​សុខ ឥសាន បង្គាប់​ទៅ​ឯកអគ្គរដ្ឋទូត​អាមេរិក ថា​ដើម្បី​ជម្រះ​ការសង្ស័យ គួរ​បង្ហាញ​ឲ្យ​ច្បាស់​មក ថា​តើ​អាមេរិក ពិតជា​បាន​ដាក់​ផែនការ និង​បញ្ជា​ឲ្យ​លោក​កឹម សុខា យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី​និង ស៊ែ​ប​ប៊ី ដូច​កឹម សុខា​ថា​មែន ប្ញ​មិន​មែន ? លោក​ថា បើ​នៅ​ស្ងៀម និង​និយាយ​ប្រាសចាក​សំណួរ នោះ​នាំ​ឲ្យ​សង្ស័យ នៅតែ​សង្ស័យ​ដដែល​។​

សូមបញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១២ កញ្ញា ម្សិលមិញ លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍ សម្តែង​ការឈឺចាប់​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចោទប្រកាន់​អាមេរិក ថា​ជា​បាតដៃ​ទី​៣ គាំទ្រ​ដល់​លោក កឹម សុខា ដើម្បី​ផ្ដួលរំលំ​របប​ដឹកនាំ​នៅ​កម្ពុជា រហូត​ធ្វើឲ្យ​មាន​ការចាប់ខ្លួន​លោក​កឹម សុខា នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។​លោក William Heidt ថា ការចោទប្រកាន់​នេះ គឺ​ខុស​ទាំង​អស់ ដែល​ធ្វើឡើង​ដោយ​គ្មាន​ភស្តុតាង​ច្បាស់លាស់ ឬ​គួរឲ្យ​ទុកចិត្ត​បាន​បន្តិច​សោះឡើយ​៕

ព័ត៌មានផ្សេងទៀត