សាលាក្រុង​​មិន​​​អនុញ្ញាតឲ្យ​គណបក្ស​​​​​ស​ង្គ្រោះ​ជាតិធ្វើ​ពិធី​បង្សុកូល​មុខ​រដ្ឋសភា​ចាស់​

ដោយ៖ សៅ វិសាល 13-09-2017 9:44 am 1152

​សាលា​រាជធានី​ភ្នំពេញ បានសម្រេច​បដិសេធ សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​រៀបចំ​ពិធី​បង្សុកូល នៅ​មុខរដ្ឋសភា​ចាស់ នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា​នេះ​។ ​តាមរយៈ​លិខិត​របស់​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ដោយ​រដូវ​នេះ ជា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​ប្រារព្ធ​ពិធីបុណ្យ​នេះ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វបុរស​នៅតាម វត្ត​អារាម​នានា​។ ដូច្នេះ​ដើម្បី​ស្រប​តាម​ប្រពៃណី​ជាតិ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ពិធី​បង្សុកូល​ឧទ្ទិស កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​បាត់បង់​ជីវិត កាលពី​ថ្ងៃ​ទី​៣០​ខែ​មីនា​ឆ្នាំ​១៩៩៧ ដែល​គ្រោង​ធ្វើ នៅ​ថ្ងៃ​ទី​១៣​ខែកញ្ញា​នេះ ធ្វើ​នៅ​តាម​វត្ត​អារាម ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ស្រប​តាម​បែប​សាសនា​។​

​លិខិត​បន្តថា ក្នុងករណី​នៅតែ​មាន​ការជួបជុំ នៅ​ទីតាំង​ខាងលើ ដោយ​គ្មាន​ការអនុញ្ញាត ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​មាន​ការប៉ះទង្គិច​ណាមួយ​កើតឡើង​នោះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

​គួររម្លឹកថា កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា លោក ស ឡុង​ដេត ប្រធានស្តីទី​គណៈកម្មាធិកា​រ​ប្រតិបត្តិ រាជធានី​ភ្នំពេញ គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​ស្នើ​ទៅកាន់ អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ទីតាំង​បរិវេណ​ចេតិយ៍ ខាងមុខ​អតីត​រដ្ឋសភា​ចាស់ រៀបចំ​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​ដល់​បាតុករ ដែល​បាន​ស្លាប់​នៅ​មុខ រដ្ឋសភា​ចាស់ ក្នុង​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់ នៅ​ឆ្នាំ​១៩៩៧៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត