លោក​​ផៃ ស៊ីផា​ន ថា​​ឯក​អគ្គ​រាជ​ទូត​​សហរដ្ឋអាមេរិក​​កំពុង​​គំរាម​​កម្ពុជា​​

ដោយ៖ ទ្រី សីហៈ 12-09-2017 8:21 pm 16186
លោក ផៃ ស៊ីផាន (ឆ្វេង) និងលោក William A. Heidt (ស្ដាំ)

ឯកអគ្គរាជទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​សារ​របស់​ខ្លួន ពាក់ព័ន្ធ​ការចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង ការបិទ​អង្គការក្រៅរដ្ឋាភិបាល និង​ការបិទ​ប្រព័ន្ធ​ផ្សព្ធផ្សាយ​មួយចំនួន ថា កម្ពុជា​កំពុងតែ​ដើរ​ទៅ​រក​ភាព​ឯក​កោ នៅលើ​ឆាក​អន្តជាតិ ហើយ​ថា​កម្ពុជា​នឹង​បាត់បង់​ផលប្រយោជន៍​។ ជា​ការឆ្លើយតប​ភ្លាមៗ លោក ផៃ ស៊ីផា​ន បាន​អះអាង​ថា សេចក្ដីថ្លែងការណ៍​របស់​ឯកអគ្គរាជទូ​ត​សហរដ្ឋអាមេរិក ជាការ​គំរាម និង​ថា​ព្រឹត្តិការណ៍​មួយ​រយៈពេល​ចុងក្រោយ​នេះ មិន​ធ្វើឲ្យ​កម្ពុជា​ខាតបង់​នោះទេ​។​

​លោក William A. Heidt ឯកអគ្គរាជទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា បាន​ធ្វើ​សេចក្ដី​ថ្លៃ​ង​ការណ៍​មួយ ដោយ​បាន​លើកឡើង ថា ព្រឹត្តិការណ៍​បច្ចុប្បន្ន និង សម្ដី​ដែល​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើឲ្យ ប្រជាជន​អាមេរិក ក៏ដូចជា​ប្រជាជន​ប្រទេស​លោកខាងលិច​ផ្សេងទៀត មិន​មក​ទេសចរណ៍ នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​ផ្សេងៗ នឹង​លែង​មក​វិនិយោគ រីឯ​អ្នកធ្វើការ​បរិច្ចាក​មនុស្សធម៌ អាមេរិក ក៏​កំពុង​ពិចារណា​បង្វែរ​ជំនួយ ទៅកាន់​ប្រទេស​ផ្សេង​ផងដែរ​។

​លោក ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្ដីការគណរដ្ឋមន្ត្រី បាន​ហៅ​ការលើកឡើង​របស់​ឯក​អគ្គ​រាជទូត​សហរដ្ឋអាមេរិក ជាការ​គំរាម និង​ជា​រឿង​មិន​ពិត​។ លោក បន្តថា អ្នក​ទេសចរណ៍ ឬ​ពាណិជ្ជករ មិនមែន​ជា​អ្នកបម្រើ​នយោបាយ​នោះ​ឡើយ សុខ​សុវត្ថិភាព​ទៅវិញ​ទេ​ដែល​ជា​ចំណុច​ទាក់ទាញ​ពួក​គេ​។

​អ្នកនាំពាក្យ​រូប​នេះ អះអាងថា ការ​ថ្លែង​របស់លោក កឹម សុខា បាន​បង្ហាញ​យ៉ាង​ច្បាស់ ថា អាមេរិក ជា​អ្នក​នៅ​ពីក្រោយ​គណបក្សប្រឆាំង ព្រមទាំង​បាន​ជ្រៀតជ្រែក ចូល​បញ្ហា​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ លោក ផៃ ស៊ីផា​ន​បន្ថែមថា ការ​លូកដៃ ចូល​ផ្ទៃក្នុង​កម្ពុជា ពី​សំណាក់​សហរដ្ឋអាមេរិក គឺជា​ការបំផ្លាញ លទ្ធិប្រជាធិបតេយ្យ យ៉ាង​ពិតប្រាកដ​។

​រីឯ​ឯកអគ្គរាជទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ក៏​បាន​បដិសេធ​ផងដែរ ចំពោះ​ការចោទប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ថា សហរដ្ឋអាមេរិក ឃុបឃិត​ជាមួយ​គណបក្ស​ប្រឆាំង​ក្នុង​ផ្ដួលរំលំ​រដ្ឋាភិបាល​។ លោក William A. Heidt ថា លោក​មានអារម្មណ៍​ឈឺចាប់ណាស់ និង​ភ្ញាក់ផ្អើល​ចំពោះ​ការចោទប្រកាន់ ទៅលើ​សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការចាប់ខ្លួន​លោក កឹម សុខា ដែល​គ្មាន​ភស្តុតាង​ច្បាស់លាស់ ឬ​គួរ​អោយ​ទុកចិត្តបាន​។


ព័ត៌មានផ្សេងទៀត