លោក​ឯក​អគុ្គរដ្ឋទូត ​William A. Heidt ៖​​ខ្ញុំ​មាន​អារម្មណ៍​​ឈឺចាប់​ណាស់​​

ដោយ៖ ខាត់ សុធី 12-09-2017 5:53 pm 3867

លោក​ឯកអគ្គ​រដ្ឋទូត លោក William A. Heidt បានថ្លែងថា «​ជាច្រើន​ដង​ហើយ​ ដែល​សហរដ្ឋអាមេរិក​ បាន​រង​ការចោទប្រកាន់​គ្មាន មូលដ្ឋាន មិន​ត្រឹមត្រូវ និង​ខុស​ដោយ​ចេតនា វា​ធ្វើអោយ​ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់​ណាស់​»​។​ ថ្លែងនៅមុខអ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែកញ្ញានេះ លោក William A. Heidt បានលើកឡើង​ ពី​កិច្ចការ​ជាច្រើន ​របស់​សហរដ្ឋ​អា​មេ​រិក ជាមួយ​កម្ពុជា តាំង​ពី​ស្ថានទូត​អាមេរិក បាន​បើក​ឡើង​វិញ នៅ​ឆ្នាំ ១៩៩៤​មក​។​

​ឯកអគ្គ​រដ្ឋទូតរូបនេះបានរៀបរាប់ថា នៅ​ថ្ងៃ​ទី​២ កញ្ញា ខ្ញុំ​បាន​ចាកចេញ ​ទៅ​សហរដ្ឋអាមេរិក ដោយ​មិន​បាន​គ្រោងទុក ដោយសារ​ហេតុផល ផ្ទាល់ខ្លួន​។ ៤០ នាទី​បន្ទាប់​ ពី​ខ្ញុំ​បាន​ចាកចេញ​ទៅ រដ្ឋាភិបាល​ បាន​ចាប់ខ្លួន​លោក កឹម សុខា ជា​មេដឹកនាំ​បក្ស ប្រឆាំង ដោយ​ចោទ​ថា​ក្បត់ជាតិ ទាក់ទង​នឹង​មតិ ​ដែល​លោក​ទំនងជា ​បាន​និយាយ​កាលពី ៤ ឆ្នាំមុន​។​

​លោក William A. Heidt បន្តថា និយាយ​ដោយ​ត្រង់​ទៅ ខ្ញុំ​គ្មាន​ការភ្ញាក់ផ្អើល​ទាំងស្រុង​នោះទេ នៅ​ពេល​ខ្ញុំ​ទទួល​ដំណឹង​អកុសល​នេះ​។ តែ​ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ ចំពោះ​ការចោទប្រកាន់​ ទៅលើ​សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការចាប់ខ្លួន​ លោក កឹម សុខា ដែល​គ្មាន​ភស្តុតាង ​ច្បាស់លាស់ ឬ​គួរ​អោយ​ទុកចិត្ត​បាន ​បន្តិច​ណា​សោះ​។​

​វា​គឺជា​ការចោទប្រកាន់​មិន​ធម្មតា​។ ការងារ​ការទូត ជាធម្មតា ត្រូវបានធ្វើ​ដោយ​ប្រើ​ភាសា​ ដែល​មាន​ការ ប្រយ័ត្ន និង​ប្រកបដោយ​ការគោរព គឺ​ប្រភេទ​នៃ​ភាសា​ដែល​ខ្ញុំ​នឹង​ប្រើ​នៅថ្ងៃនេះ​។ សារ​ដែល​ពិបាក​ត្រូវបាន បញ្ជូន​ជា​លក្ខណៈ​ឯកជន​សិន​។ ប្រទេស​ជា​មិត្ត​នឹង​គ្នា​ តែងតែ​រកមើល​វិធី​បំបាត់​ការខ្វែងគំនិត​គ្នា​។​ តែ​នៅក្នុង​ឆ្នាំ​កន្លងទៅនេះ ជាច្រើន​ដង​ហើយ​ ដែល​សហរដ្ឋអាមេរិក​បាន​រង​ការចោទប្រកាន់​គ្មាន មូលដ្ឋាន មិន​ត្រឹមត្រូវ និង​ខុស​ដោយ​ចេតនា​។​​វា​ធ្វើអោយ​ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់​ណាស់​។ ខ្ញុំ​គិតថា​លោកអ្នក​ដឹង​ហើយ​ថា ខ្ញុំ​មាន​ការទាក់ទង​ពិសេស ជាមួយ​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​បាន​មកដល់​ ប្រទេស​កម្ពុជា​កាលពី ២ ឆ្នាំមុន ដោយ​បាន​ទទួល​ការណែនាំ​ អោយ​ខិតខំ​លើក​កំពស់​ទំនាក់ទំនង​របស់​យើង​។ ជា​ការពិត ខ្ញុំ​និង​បុគ្គលិក​របស់​ខ្ញុំ​ តែងតែ​គោរព​ដល់​គ្រប់​គ្នា ចេញ​សេចក្តី​ថ្លែង​ការ​ជា​សាធារណៈ ​ក្នុង​ចំនួន​តិច​បំផុត ហើយ​ត្រឹមត្រូវ ហើយ​រកមើល​វិធី​ធ្វើ​សហប្រតិបត្តិការ និង​លុបបំបាត់​ការខ្វែងគំនិត​គ្នា​រវាង​ប្រជាជន​ដ៏​អស្ចារ្យ​របស់​យើង​ទាំងពីរ​។​

ដោយឡែកចំពោះការចោទប្រកាន់លោក William A. Heidt ពន្យល់​លើ​បី​ចំណុច​។ ចំណុច​ទី​មួយ​គឺ​ងាយ​ទេ ពោល​គឺថា រាល់​ការចោទប្រកាន់​ដែល​លោក​អ្នក​បានលឺ នៅក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ស្តី​ពី​សហរដ្ឋ អាមេរិក គឺ​សុទ្ធតែ​ខុស​ទាំង​អស់ ។ អត្ថបទ​នៅក្នុង​សារព័ត៌មាន​ថ្មីៗ​នេះ ស្តីពី​ការចាប់ខ្លួន​លោក កឹម សុខា ត្រូវ បាន​គេ​សរសេរ​ខុស​ទាំង​ស្រុង​និង​ដោយ​ចេតនា ក្នុង​ការហៅ​អ្វី​ដែល​សហរដ្ឋអាមេរិក​កំពុង​ធ្វើ​នៅ​កម្ពុជា​។ វា​ពិត​ជា​ការ​បង្វែរ​ការយ​ក​ចិត្ត​ទុកដាក់​ចេញ​ពី​បញ្ហា​ពិតប្រាកដ​មែន (Red herrings)​។​

ចំណុច​ទី ២ លោកបានលើកឡើងថា ​ព្រឹត្តិការណ៍​នៅក្នុង​ខែ​កន្លងទៅ​នេះ ​មិន​ប៉ះពាល់​ទៅលើ​សហរដ្ឋអាមេរិក​ទេ តែ​វា​ប៉ះពាល់ ទៅលើ​ប្រទេស​កម្ពុជា​ ទៅវិញ​ទេ​។ មួយ​ជំហាន​ម្តងៗ ព្រឹត្តិការណ៍​ទាំងនេះ ​កំពុងតែ​ធ្វើអោយ​ប្រទេស​កម្ពុជា ឯកកោ​ពី​សហគមន៍​អន្តរជាតិ ក្នុងពេល​ដែល​កម្ពុជា​ត្រូវការ​ជំនួយ​គាំទ្រ​អន្តរជាតិ ដើម្បី​លើក​កំពស់​សេដ្ឋកិច្ច​របស់ ខ្លួន​អោយ​ឡើង​មួយ​កំរិត​ទៀត ហើយ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​ នៅ​ក្នុង​សមាគម​អាស៊ាន​។​​សំដី​ប្រឆាំង​អាមេរិក​បាន​ធ្វើឲ្យ​ជនជាតិ​អាមេរិក និង​អ្នក​ទេសចរណ៍​លោកខាងលិច​ជា​ច្រើន មាន អារម្មណ៍​លែង​កក់ក្តៅ​ជាង​មុន ពេល​ធ្វើដំណើរ​មក​កម្ពុ​ជា​នាពេល​បច្ចុប្បន្ន​។ ឆ្នាំនេះ​អ្នកទេសចរ​ទាំងនោះ អាច​ទៅ​ចាយលុយ នៅ​ហា​ឡុង​បេយ៍ ឬ​នៅ​ភូ​កេតជា​ជាង​នៅ​អង្គរវត្ត​។​

​​ហើយ​ចំនុច​ចុងក្រោយ​របស់​ខ្ញុំ​គឺ​៖ ទោះបីជា​មាន​ព្រឹត្តិការណ៍​ទាំងអស់ កើតឡើង​កាលពី​ខែ​មុន​ក្តី​ខ្ញុំ​គិតថា នៅតែ​មាន​ពេល​ ដើម្បី​សង្គ្រោះ​ការបោះឆ្នោត ​ឆ្នាំ​២០១៨​ របស់​កម្ពុជា​បាន បន្ត​ការអភិវឌ្ឍ​ប្រជាធិបតេយ្យ របស់​កម្ពុជា និង​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​។ ប៉ុន្តែ​វា​ទាមទារ​ឲ្យមាន​សកម្មភាព​ម៉ឺងម៉ាត់​ជាបន្ទាន់​។​

ជាចុងក្រោយលោក William A. Heidt ​បានទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់​។ ដំណើរការ​ធម្មតា​របស់​ទីផ្សារ​សារព័ត៌មាន​កម្ពុជា ក៏​គួរ​ទទួលបាន​ការស្តា​រឡើង​វិញ​ផង​ដែរ​។ ការដាក់ សម្ពាធ​លើ​សង្គម​ស៊ីវិល​គួរ​ត្រូវបាន​បញ្ឈប់​។ ហើយ​ប្រហែល​ជា​សំខាន់​ជាង​នេះ​ទៅទៀត​នោះ រដ្ឋាភិបាល​, បក្ស ប្រឆាំង​, និង​សង្គម​ស៊ីវិល​គួរតែ​ចាប់ផ្តើម​កិច្ចសន្ទនា អំពី​អនាគត​ប្រជាធិបតេយ្យ​របស់​កម្ពុជា ក្នុង​បរិយាកាស បើកចំហរ គោរព និង​គ្មាន​សម្ពាធ​។​

 

ព័ត៌មានផ្សេងទៀត