ឃាត់ខ្លួន​យុវជន​មាតា​ធម្មជាតិ អាជ្ញាធរ​ថា​មាន​បំណង​អ្វី​ទៅ​ថត​កន្លែង​ក្រុមហ៊ុន​ឯកជន​?

ដោយ៖ សៅ វិសាល 12-09-2017 5:41 pm 279

​សកម្មជន​មាតា​ធម្មជាតិ​២​នាក់ ត្រូវបាន​នគរបាល ប្រចាំការ​នៅ​ក្រុមហ៊ុន​Koh Kong SEZ ឃាត់ខ្លួន នៅ​ចំណុច​ពយ​អៅ​បៀ ស្ថិតក្នុង​ភូមិ​ព្រែក​ខ្សាច់ ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង ខណៈ​យុវជន​ទាំង​២​រូប ចុះ​ថត​សកម្មភាព កប៉ាល់​ដឹក​ខ្សាច់​សី​លីកា នៅ​ចម្ងាយ​ប្រមាណ​៤​គីឡូ​ម៉ែត ពី​តំបន់​ព្រែក​ខ្សាច់ ត​បន់​សេដ្ឋកិច្ច​ពិសេស លី​យុង​ផាត់​ខេត្តកោះកុង នៅ​ថ្ងៃ​ទី​១២ កញ្ញា​នេះ​។ សកម្ម​ជន​​ទាំង​២​នាក់ គឺ​លោក ឌឹ​ម គុន​ឌី និង លោក ហ៊ុន វណ្ណៈ​។​

​អ្នកស្រី ព្រាប រដ្ឋា សកម្មជន​ដីធ្លី នៅ​ឃុំ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ ខេត្ត​កោះកុង បានបញ្ជាក់​ថា ការឃាត់ខ្លួន​សកម្មជន​មាតា​ធម្មជាតិ ទាំង​២​នាក់​នេះ គឺជា​ការរំលោភ​លើ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ ព្រោះ​នៅ​ទីតាំង​នោះ ជា​ទីតាំង​ដែល​ប្រជាពលរដ្ឋ​បើកទូក​នេសាទ ដោយ​មិន​មាន​ការហាមឃាត់​ឡើយ​។ អ្នកស្រី​បន្ត​ថា យុវជន​ទាំង​២​នាក់ គឺជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស ដូច្នេះ​រាល់​ទង្វើ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការ​បូម​ខ្សាច់​នៅ​តំបន់​នោះ ពួក​គាត់​ត្រូវតែ​ចូលរួម​ទប់ស្កាត់​។ ដូច្នេះ​ការឃាត់ខ្លួន​ពួកគេ​ត​ទាំងនោះ មិន​ត្រឹមត្រូវ​ឡើយ​។ នេះ​ជា​ការអះអាង​បន្ថែម ពី​អ្នកស្រី​ព្រាប រដ្ឋា​..៖

សំឡេង

​លោក​គឹម វណ្ណា នាយក​ប៉ុស្តិ៍នគរបាល​ឃុំ​ព្រែក​ខ្សាច់ បាន​ប្រាប់​វិទ្យុ​វាយោ​ថា សមត្ថកិច្ច​គ្រាន់តែ​ហៅ​មក​សួរនាំ លើ​សកម្មជន​ទាំង​២​នាក់ ទៅ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន ថា​ហេតុអ្វី​បាន​ជា​យុវជន​ទាំង​២​នាក់​នេះ មក​ធ្វើ​សកម្មភាព​ថត នៅ​ទីតាំង​ឯកជន របស់​ពួកគេ ទាំង​មិន​មាន​ការអនុញ្ញាត​។ នាយក​ប៉ុស្តិ៍​រូបនេះ បាន​បន្តថា លោក​បាន​បំពេញ​សំណុំបែបបទ តាម​នីតិវិធី ហើយ​ប្រសិនបើ​ក្រុមហ៊ុន មិន​មាន​ការព្រមព្រៀង​ណាមួយ​ទេ នោះ​លោក​នឹង​បញ្ជូន​សំណុំរឿង​នេះ ទៅ​អធិការដ្ឋាន​ស្រុក​។​

សំឡេង

​យ៉ាងណាក៏ដោយ ជុំវិញ​ការឃាត់ខ្លួន​សាកសួរ លើ​យុវជន​ឌឹ​ម គុណ​ឌី និង លោក ហ៊ុន វណ្ណៈ នេះ ត្រូវបាន​អ្នកស្រី ព្រាប រដ្ឋា គិតថា ប្រហែល​អាច​នឹង​មានកា​រ​ផ្សាភ្ជាប់​ទៅ​នឹង​វីដេអូ ដែល​ពួកគេ​បានធ្វើ ពាក់ព័ន្ធ​នឹង​ការបាត់​ខ្សាច់​នាំចេញ​ទៅ ប្រទេស​តៃវ៉ាន់ ដែល​មាន​ទំហំ​ទឹកប្រាក់ ប្រមាណ​ជាង​៣០​លាន​ដុល្លារ​។ នៅក្នុង​ឃ្លីប​វីដេអូ​របស់​អង្គការ​មាតា​ធម្មជាតិ ជាង​២​នាទី ដែល​ចែកចាយ នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក កាលពី​ថ្ងៃ​ទី​១១ កញ្ញា បានឲ្យដឹងថា អង្គការ​មាតា​ធម្មជាតិ បាន​រកឃើញ​ភស្តុតាង​ថ្មី​មួយទៀត ដែល​បង្ហាញ​ថា អាច​មាន​ការឃុបឃិត​គ្នា​នាំ​លួច​គេច​ពន្ធ​ខ្សាច់​ស៊ី​លីកា ទៅ​លក់​នៅ​ប្រទេស​តៃវ៉ាន់ ដែល​នាំឲ្យ​បាត់បង់​ថវិកាជាតិ រាប់​សិប​លាន​ដុល្លារ​។

​លោក​យស មុន្នី​រ៉ាត់ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល បាន​អះអាង​ថា ចំពោះ​ការបង្ហាញ​ពី​ការបាត់បង់​ថវិកាជាតិ តាមរយៈ​ការ​បាត់​ខ្សាច់​នោះ ក្រសួង​មិន​ចាប់អារម្មណ៍​ឡើយ និង​ចាត់​ទុក​ការ​បញ្ចេញ​​ទិន្នន័យ​​​នេះ គ្រាន់តែ​ជាការ​បំពុលសង្គម និង​ធ្វើ​ឡើង​ក្នុង​ចេតនា​នយោបាយ ច្រើនជាង​ការងារ​បច្ចេកទេស​។​

​ដោយឡែក  ជុំវិញ​ការចាប់ខ្លួន​សកម្មជន​មាតា​ធម្មជាតិ ទាំង​២​នាក់​នោះ មិន​ជាប់​ទាក់ទង​នឹង​ក្រសួង​រ៉ែ និង​ថាមពល​នោះទេ ព្រោះ​ជា​រឿង​របស់​ឯកជន​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត