រឿង​បាត់​ខ្សាច់​នាំ​ទៅ​តៃ​វ៉ាន់​៖​ក្រសួង​រ៉ែ​​​ចាត់ទុក​​​សកម្មភាព​​​មាតា​ធម្មជាតិ​​​ជា​​រឿង​​​នយោបាយ​​​

ដោយ៖ អឿន ភារ៉ា 12-09-2017 5:21 pm 6499
កញ្ញាលីម គីមស័រ សកម្មជនអង្គការមាតាធម្មជាតិ។ រូបភាពថតចេញពីឃ្លីបវីដេអូ

ពីមុន​សម្ម​ជន​របស់​អង្គការ​មាតា​ធម្មជាតិ​បាន​លាតត្រដាង​ករណី​បាត់​ខ្សាច់​ជាង ៧០​លាន​តោន តម្លៃ​ជាង ៧០០​លាន​ដុល្លារ ដែល​កម្ពុជា​នាំ​ចេញ​ទៅ​សិង្ហ​បុរី និង​ឥណ្ឌា​។ ប៉ុន្តែ​ករណី​នេះ មិនទាន់​កន្លង​ផុត​ទៅ​បាន​ប៉ុន្មាន​ផង ឥលូវ​នេះ ស្រាប់តែ​យុវជន​ក្រុម​នេះ​បាន​គាស់កកាយ​ភាពមិនប្រក្រតី​ថ្មី​មួយទៀត គឺ​ការនាំចេញ​ខ្សាច់​ទៅ​ប្រទេស​តៃវ៉ាន់​។ អ្នកនាំពាក្យ​ក្រសួង​រ៉ែ ថា​អង្គការ​មួយ​នេះ មិន​ដែល​និយាយ​ការពិត​ម្តងណា​ឡើយ ហើយ​ថា​សកម្មភាព​របស់​ពួកគេ​ធ្វើ​ឡើង​ក្នុង​ចេតនា​នយោបាយ ច្រើនជាង​ការងារ​បច្ចេកទេស​។

​នៅក្នុង​ឃ្លីប​វីដេអូ​របស់​អង្គការ​មាតា​ធម្មជាតិ ប្រមាណ​២​នាទី ដែល​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក កាលពី​ថ្ងៃ​ម្សិលមិញ សកម្មជន​អង្គការ​មួយ​នេះ គឺ​កញ្ញា​លីម គីម​ស័រ អះអាងថា ពួកគេ​បាន​រកឃើញ​ភស្តុតាង​ថ្មី​មួយទៀត ដែល​បង្ហាញ​ថា អាច​មាន​ការឃុបឃិត​គ្នា​នាំ​លួច​គេច​ពន្ធ​ខ្សាច់​ស៊ី​លីកា​ទៅ​លក់​នៅ​ប្រទេស​តៃវ៉ាន់ ដែល​នាំឲ្យ​បាត់បង់​ថវិកាជាតិ​រាប់​សិបលា​ន​ដុល្លារ​។ កញ្ញា​លើក​ឡើង​ថា តួលេខ​ដែល​ពួក​គេ​ទើបតែ​ទទួលបាន​ពី​នាយកដ្ឋាន​គយ​តៃវ៉ាន់ បង្ហាញថា តៃវ៉ាន់​បាន​ទិញ​ខ្សាច់​ស៊ី​លីកា​ពី​កម្ពុជា​ចំនួន​ជាង ១​លាន​៥​សែន​តោន គិត​ជា​ទឹកប្រាក់​ជាង ៣២​លាន​ដុល្លារ ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦​។​

​ក៏ប៉ុន្តែ​តួលេខ​របស់​នាយកដ្ឋាន​ពន្ធដា​កម្ពុជា បង្ហាញថា ក្នុង​រយៈពេល​ដូចគ្នា កម្ពុជា​នាំ​ចេញ​ខ្សាច់​ទៅ​តៃវ៉ាន់​បានតែ​ជាង ២​ម៉ឺន​៨​ពាន់​តោន ស្មើ​នឹង​ចំនួន​ទឹកប្រាក់​ជាង ២៧​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។ ការរកឃើញ​នេះ សម្ម​ជន​របស់​អង្គការ​មាតា​ធម្មជាតិ បញ្ជាក់ថា វា​បាន​បង្ហាញ​ពី​ការ​បាត់​ខ្សាច់ និង​ថវិកា​ដ៏​ច្រើន​លើសលប់ ហើយ​ពួកគេ​អំពាវនាវ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទទួលខុសត្រូវ​ចំពោះ​ករណី​នេះ​។ សូម​ស្តាប់​ការលើកឡើង​របស់​កញ្ញា​លីម គីម​ស័រ បន្ថែម​...
​សំឡេង​កញ្ញា​លីម គីម​ស័រ​៖

​យ៉ាងណា​ក៏ដោយ​ចុះ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល លោក​យស មុន្នី​រ៉ាត់ លើកឡើងថា ក្រសួង​មិន​ចាប់អារម្មណ៍​ចំពោះ​សកម្មភាព​របស់​អង្គការ​មាតា​ធម្មជាតិ​នេះឡើយ ព្រោះ​លោក​ថា ពួកគេ​មិន​ដែល​និយាយ​ពី​ការពិត​ម្តងណា​ឡើយ​។ មិនតែប៉ុណ្ណោះ លោក​មុន្នី​រ៉ាត់ ចាត់ទុក​ការបញ្ចេញ​ទិន្នន័យ​នេះ គ្រាន់តែ​ជាការ​បំពុលសង្គម និង​ធ្វើ​ឡើង​ក្នុង​ចេតនា​នយោបាយ ច្រើនជាង​ការងារ​បច្ចេកទេស​។ អ្នកនាំពាក្យ​រូប​នេះ បន្ថែម​...
​សំឡេង​លោក​យស មុន្នី​រ៉ាត់​៖

​គួរបញ្ជាក់​ថា ខ្សាច់​ស ឬ​ខ្សាច់​ស៊ី​លីកា ជា​ប្រភេទ​ធនធាន​រ៉ែ​ដែល​ប្រើប្រាស់​ជា​វត្ថុធាតុដើម​សម្រាប់​ផលិត​កញ្ចក់​ផ្សេងៗ​។ ខ្សាច់​នេះ​មិន​ស្ថិត​ក្នុង​បម្រាម​នៃ​ការនាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដូច​ខ្សាច់​សំណង់ និង​ខ្សាច់​ល្បាយ​ភក់​នោះឡើយ​។​

​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​មាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុងការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ស គឺ​ក្រុមហ៊ុន​ម៉ុង ឫទ្ធី គ្រុប និង​ក្រុមហ៊ុន​ស៊ី​លីកា សឺ​វី​ស​។ គិត​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ ដល់​ពាក់កណ្តាល​ខែ​មិថុនា ឆ្នាំ​២០១៧ ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​នាំ​ចេញ​ខ្សាច់​ស​ចំនួន​ជាង​១៥​ម៉ឺន​តោន (១៥៨.១០០MT) ។ ក្នុង​រយៈពេល​នេះ ក្រសួង​រ៉ែ និង​ថាមពល ឱ្យដឹងថា ខ្លួន​ប្រមូល​ចំណូល​សួយ​សារ​ពី​ខ្សាច់​សរ​នាំចេញ បាន​ចំនួន​ជាង​៤៧​ម៉ឺន​ដុល្លារ (៤៧៤.៣០០​ដុល្លារ​) ដោយ​មិន​រួមបញ្ចូល​ចំណូល​ពន្ធ​អាករ​ផ្សេងៗ​ទៀតឡើយ​៕

ខាងក្រោមនេះជាឃ្លីបវីដេអូដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកអង្គការមាតាធម្មជាតិ៖

ព័ត៌មានផ្សេងទៀត