គណបក្ស​មូលដ្ឋាន​​ជម្រុញ​​រដ្ឋាភិបាល​​បង្កើត​​សាលា​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​​គ្រប់​ស្រុក​​

ដោយ៖ គួន សំបូរ 12-09-2017 4:57 pm 1891
លោកយ៉េង វីរៈ ប្រធានគណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ជម្រុញ​ឱ​រដ្ឋាភិបាល​រៀបចំ​ឱ្យ​មាន​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​គ្រប់​ស្រុក ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ដែល​ធ្លាក់ ឬ​ជាប់​បាក់​ឌុប​អាច​រៀន​វិជ្ជាជីវៈ​ច្បាស់លាស់​មួយ​សម្រាប់​ពួកគេ​។​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ចេញផ្សាយ​នៅថ្ងៃនេះ​។​ប៉ុន្តែ​ក្រសួង​ការងារ​ធ្លាប់បាន​អះអាងថា រដ្ឋាភិបាល​បាន​អនុម័ត​គោលនយោបាយ​ជាតិ​ស្ដីពី​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ហើយ​បច្ចុប្បន្ន​ក្រសួង​កំពុង​អនុវត្ត​ការងារ​នេះ​។

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​គូសបញ្ជាក់ថា ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ដែល​ធ្លាក់ ឬ​ជាប់​បាក់​ឌុប​អាច​រៀន​វិជ្ជាជីវៈ​ច្បាស់លាស់​មួយ​បាន រដ្ឋាភិបាល​គួរ​រៀបចំ​ឱ្យ​មាន​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​គ្រប់​ស្រុក ដោយ​សហការ​គ្នា​ជាមួយ​វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ​ផ្សេងៗ​ដើម្បី​ផ្សារភា្ជប់​ជាមួយ​កម្មសិក្សា​។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ផ្តល់​ជា​គោល​នយោបាយ​ថា ដើម្បី​ឱ្យ​យុវជន​គ្រប់​រូប​ទទួល​បាន​ការ​អប់រំ​បន្ត និង​ទទួលបាន​ការងារ​ល្អ ទី​១ យុវជន​ដែល​ទទួលបាន​និទ្ទេស​AB​និង​C គួរ​ទទួលបាន​អាហា រូប​ការណ៍​សម្រាប់​សិក្សា​បន្ត​។​ចំណែក​យុវជន​ដែល​ទទួលបាន​និទ្ទេស​D​និង​E ដែល​មាន​ការខ្វះខាត​ប្រាក់​ដើម្បី​បន្ត​ការសិក្សា គួរ​ទទួលបាន​ប្រាក់​កម្ចី​សម្រាប់​សិក្សា​បន្ត និង​យុវជន​ដែល​ប្រឡង​ធ្លាក់​ត្រូវ​ទទួលបាន​ឱកាស​នៃ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​យ៉ាងណាក្តី បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ អ៊ិត សំហេង ធ្លាប់​ថ្លែង​ថា កាលពី​ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​ផែនការ​ដើម្បី​ជំរុញ​ការវិនិយោគ​វិស័យ​ឧស្សាហកម្ម ហើយ​នៅ​ខែមិថុនា ឆ្នាំ​២០១៧ រដ្ឋាភិបាល​ក៏​បាន​អនុម័ត​គោលនយោបាយ​ជាតិ​ស្ដីពី​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ​។​លោក​ថា បច្ចុប្បន្ន​ក្រសួង​កំពុង​អនុវត្ត​ការងារ​នេះ​។​

​បើ​តាម​លោក អ៊ិត សំហេង បានឲ្យដឹងថា ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ក្នុង​មួយ​ឆ្នាំ​មាន​ចំនួន ៥​ម៉ឺន​នាក់ ហើយ​លោក​ទទួលស្គាល់ថា ចំនួន​នេះ​នៅ​មិនទាន់​អាច​ផ្គត់ផ្គង់​ទីផ្សារ​គ្រប់​ចំនួន​បាន​ទេ​។​ដូច្នេះ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​យុវជន​កម្ពុជា ជ្រើសរើស​មុខជំនាញ​សិក្សា​បច្ចេកទេស​វិជ្ជាជីវៈ ដើម្បី​ឲ្យ​ពួកគេ​ជួយ​បំពេញ​តម្រូវ​ទីផ្សារការងារ ហើយ​អាច​ជួយ​យុវជន​ងាយស្រួល​រក​ការងារ​ធ្វើ​។​

​គួរបញ្ជាក់​ថា បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​នៅ​ឆ្នាំ​២០១៧​នេះ​មាន​ការកើនឡើង​ជាង​ឆ្នាំ​២០១៦ ដោយ​មាន​បេក្ខជន​ប្រឡង​ជាប់​សរុប​៦៣,៦៦៨​នាក់​ស្មើនឹង​៦៣​ភាគរយ​ក្នុងចំណោម​បេក្ខជន​មាន​វត្តមាន​ប្រឡង​៩៩ ៧២៨​នាក់​។ ក្នុងនោះ​បេក្ខជន​ប្រឡង​ជាប់​នៅ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​៣៤ ២៣៤ ។ ចំណែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​២៩ ៤៣៤​នាក់​។ រីឯ​បេក្ខជន​ប្រឡង​ជាប់​កាលពី​ឆ្នាំ​២០១៦​មាន​ចំនួន​៥៥,៧៥៣ នាក់​ស្មើ​និង​៦២​ភាគរយ​ក្នុងចំណោម​បេក្ខជន​ប្រឡង​ជិត ៩​ម៉ឺន​នាក់​៕

 

ព័ត៌មានផ្សេងទៀត