លោក​ហ៊ុន សែន​ប្រាប់​ទៅ​និស្សិត​នៅ​ចិន​ថា​នឹង​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​២​អាណត្តិ​ទៀត​

ដោយ៖ គង់ ឧត្តម 12-09-2017 4:54 pm 228

​ក្នុង​កម្មវិធី​ជួប​សំណេះ​សំណាង​សួរសុខទុក្ខ​រវាង​លោក​ហ៊ុន សែន និង​ក្រុម​និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​ចិន នា​ថ្ងៃ​ទី​១២ ខែកញ្ញា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​ចំនួន​២​ម៉ឺន​ដុល្លារ ពី​លើ​ថវិកា​អំណោយ​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​២​ម៉ឺន​ដុល្លារ​ទៀត ដើម្បី​ទំនុកបម្រុង​ដល់​សកម្មភាព​ការងារ​របស់​ក្រុម​សមាគមនិស្សិត​ប្រចាំ​ប្រទេស​ចិន ។​

​ជា​អំណោយ​នៃ​ការជួបជុំ​ដល់​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅ​ចិន លោក ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​ដល់​និស្សិត​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ជំនួប​នេះ​ក្នុង​ម្នាក់​៥០០​ដុល្លារ ដែល​មាន​ចំនួន​សរុប​១៤២​នាក់ ។ លោកនាយក​រដ្ឋមន្ត្រី​ថា កម្ពុជា​និង​ចិន​គឺ​មាន​ទំនាក់ទំនង​ជា​មិត្ត ជា​បងប្អូន​តាំងពី​ជំនាន់​មុនៗ​មកម្ល៉េះ ហើយ​សព្វថ្ងៃ កម្ពុជា​កំពុង​បន្ត​និង​ពង្រឹង​ចំណង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ជាមួយ​មហាមិត្ត​ចិន​ដែល​គ្មាន​នរណា​បំបែក​បាន​ឡើយ ។​

​ក្រៅពីនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ថ្លែង​ប្រាប់​ទៅ​ក្រុមនិស្សិត​ដែល​កំពុង​សិក្សា​នៅ​ចិន​ទាំងអស់​ថា លោក​នឹង​នៅតែ​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​២​អាណត្តិ​ទៀត បើសិនជា​គណបក្ស​ប្រជាជន​នៅតែ​បន្ត​ឈ្នះឆ្នោត ។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​មាន​និស្សិត​ប្រមាណ​ជាង​១.២០០​នាក់​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​ចិន ។ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៦ លោក​ហ៊ុន សែន ធ្លាប់​បាន​ចុះ​ជួប​ក្រុម​និស្សិត​នៅ​ប្រទេស​ចិន​ម្តង​រួចមកហើយ ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​សមាគមនិស្សិត​និង​និស្សិត​ដទៃទៀត ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត