ក្រសួង​ការងារ​ចាប់ផ្តើម​ពិភាក្សា​នូវ​ដំណាក់កាល​ទី​៣​នៃ​ការចរចារ​ប្រាក់​ឈ្នួល​កម្មករ​

ដោយ៖ ថា ចាន់ធី 12-09-2017 4:48 pm 170

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នូវ​ដំណាក់កាល​ទី​៣ នៃ​ការចរចារ​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨​។​នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​។​

​នៅក្នុង​កិច្ចប្រជុំ​ដែល​មាន​ការចូលរួម​ពី​ភាគី​កម្មករនិយោជិត និយោជក និង​ភាគី​រាជរដ្ឋាភិបាល បានសម្រេច បង្កើត​ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី ដែល​មាន​សមាសភាព​ចំនួន ១៦​រូប មក​ពី​ភាគី​នី​មួយៗ ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​។​ក្រុម​ការងារ​នេះ​នឹង​ចាប់ផ្តើម​ប្រជុំ​ពិភាក្សា​ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ​តទៅ​។​

ចំណែក​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា គឺ​ត្រូវ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម ដែល​រួមមាន​ស្ថានភាព​គ្រួសារ អត្រា​អតិផរណា និង​ការចំណាយ​ក្នុង​ការរស់នៅ ។​លក្ខណៈវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច គឺ​ផ្តោត​ទៅលើ​ផលិតភាព ភាព​ប្រកួតប្រជែង​របស់​ប្រទេស ស្ថានភាព ទីផ្សារការងារ និង​កម្រិត​ចំណេញ​របស់​វិស័យ ដែល​ទាំងនេះ​គឺ​មូលដ្ឋាន​ក្នុង​ការពិភាក្សា ព្រម​ទាំង​លើក​ជា​អនុសាសន៍​ដល់​គណៈកម្មកា​រ​ប្រឹក្សា ការងារ​ដើម្បី​ពិនិត្យ​សម្រេច​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៨ ត្រូវបាន​អនុវត្ត​ទៅតាម​ប្រតិទិន​ដូចតទៅ​៖​កំណត់​យក​ខែកក្កដា ឆ្នាំ​២០១៧ ជា​ការចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នី​មួយៗ​។​កំណត់​យក​ខែសីហា ឆ្នាំ​២០១៧ ជា​ការចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ទ្វេភាគី​។​កំណត់​យក​ខែកញ្ញា ឆ្នាំ​២០១៧ ជា​ការចាប់ផ្តើម​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា ជា​លក្ខណៈ​ត្រីភាគី​។​កំណត់​យក​ដើម​ខែ​តុលា ឆ្នាំ​២០១៧ ជា​ការបើក​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភ​ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​ឆ្នាំ​២០១៨ និង​កំណត់​យក​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៨ ជា​កាលបរិច្ឆេទ​ចូល​ជា​ធរមាន​ប្រាក់​ឈ្នួល​អប្បបរមា​៕


ព័ត៌មានផ្សេងទៀត