ក្តាន់​បួន​ក្បាល​ត្រូវបាន​ថត​ជាប់​ដោយ​កា​មេ​រ៉េ​ស្វ័យប្រវត្តិ​នៅ​ព្រៃ​ខេត្តក្រចេះ​

ដោយ៖ គង់ ឧត្តម 12-09-2017 4:45 pm 154
សត្វក្តាន់ជំទង់ដែលថតបានដោយកាមេរ៉ាស្វ័យប្រវត្តិរបស់អង្គការ WWF ក្នុងតំបន់ការពារស្នួល ខេត្តក្រចេះ ។ រូបថតពី WWF ។

​ជា​លើកដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ សត្វ​ក្តាន់​ជំទង់​បួន​ក្បាល មាន​ញី​៣​ក្បាល​និង​ឈ្មោល​១​ក្បាល ត្រូវ​បាន​ថត​ជាប់​ដោយ​កាមេរ៉ា​ស្វ័យប្រវត្តិ​របស់​អង្គការ​WWF-​កម្ពុជា ស្ថិត​នៅ​វាលស្រែ ក្នុង​តំបន់​ការពារ​ស្នួល ខេត្ត​ក្រចេះ ដែល​មាន​ផ្ទៃដី​ចំនួន​២.៦៧៨​ហិកតា ។ សត្វ​ក្តាន់​ទាំងនេះ​ត្រូវបាន​គេ​ប្រទះឃើញ​ពេល​ពួក​វា​កំពុងស៊ី​ស្រូវ​ពង្រួ​សទើ​បលាស់​ខ្ចី​ថ្មីៗ​នៅក្នុង​ស្រែ ។ បុគ្គលិក​ផ្នែក​ស្រាវជ្រាវ​របស់​អង្គការ​WWF បាន​បន្ត​រកឃើញ​នូវ​ស្នាម​ដាន​ជើង​របស់​សត្វ​ក្តាន់​នៅ​ជុំវិញ​កន្លែង​ដែល​ក្រុម​ការងារ​បាន​ដាក់​កាមេរ៉ា​នោះ ។​

​នាយក​អង្គការ​WWF-​កម្ពុជា លោក សេង ទៀក ថា លទ្ធផល​ទាំងនេះ​គឺជា​ការលើកទឹកចិត្ត និង​ជា​ដំណឹង​ដ៏​រំភើប​បំផុត​សម្រាប់​យើង​ទាំងអស់គ្នា ។ មាន​បញ្ហា​ប្រឈម​ជាច្រើន​កំពុង​កើតឡើង​ដូច​ជា​ការ​បរបាញ់ ដែល​វា​តម្រូវ​ឱ្យ​យើង​ត្រូវតែ​បន្ត​កិច្ចប្រឹងប្រែង យកចិត្តទុកដាក់​បន្ថែ​ម​ទៀត និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព ។​

​សូមបញ្ជាក់​ថា សត្វ​ក្តាន់​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​សត្វ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ។ វា​ត្រូវ​បាន​គេ​គិត​ថា​បាន​ផុត​ពូជ​ទៅ​ហើយ​នៅក្នុង​ប្រទេស​កម្ពុជា រហូតដល់​ឆ្នាំ​២០០៦​វា​ត្រូវ​បាន​គេ​រកឃើញ​ឡើងវិញ​នៅក្នុង​ខេត្ត​ក្រចេះ ។ ក្រោយៗ​មក វត្ត​មាន​សត្វ​រាត្រីចរ​នេះ មិន​ត្រូវបាន​គេ​ប្រទះ​ឃើញ​ទៀតឡើយ ។​

WWF-​កម្ពុជា កំពុង​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​បង្កើន​ចំនួន​របស់​សត្វ​ក្តាន់ ជាក់ស្តែង​ណាស់ តាមរយៈ​រូបភាព​សត្វ​ក្តាន់ និង​ស្នាម​ដាន​ជើង​របស់​ពួក​វា​ដែល​ទទួលបាន​នាពេលនេះ គឺ​បាន​បង្ហាញ​យ៉ាង​ប្រាកដ​ថា​ចំនួន​របស់​ពួក​វា​កើតមាន​ឡើង​វិញ​ហើយ ៕

(រាយការណ៍ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត