ម៉ាឡេស៊ី​​បញ្ជា​ទិញ​យន្តហោះ​​Boeing៨​​គ្រឿង​ពី​​អាមេរិក​

ដោយ៖ អ៊ុន សុខឡា 12-09-2017 3:58 pm 761

​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​អ៊ែ​រឡាញ នឹង​ប្រកាស​ពី​ការចុះ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ប្រភេទ​Boeing 787 ចំនួន​៨​គ្រឿង​ពី​អាមេរិក អំឡុង​ពេល​លោក​ណា​ជី​ព រ៉ា​ហ្សាក់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បំពេញ​ទស្សនកិច្ច​នៅ​អាមេរិក​។ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ប្រភព​មិនប​ញ្ចេ​ញ​ឈ្មោះ របស់​ក្រុមហ៊ុន​អាមេរិក​និង​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១២​ខែកញ្ញា​នេះ​។​

ប្រភព​ដដែល​ឲ្យដឹង​ទៀតថា កិច្ចព្រមព្រៀង​ទិញ​-​លក់​យន្តហោះ ដែល​មាន​ទំហំ​ទឹកប្រាក់​ចំនួន​១.៨​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ នឹង​ត្រូវ​ប្រកាស​ឲ្យដឹង​ជា​សាធារណ បន្ទាប់​ពី​ជំនួប​ពិភាក្សា​រវាង​លោក​ណា​ជី​ព រ៉ា​ហ្សាក់​និង​លោក​ដូណាល់ ត្រាំ​នៅ​ថ្ងៃទី​១២​ខែ​កញ្ញា​។ យោង​តាម​កាលវិភាគ​ធ្វើដំណើរ​ទៅ​អាមេរិក​របស់​លោក​ណា​ជី​ព លោក​នឹង​ធ្វើ​ជា​សាក្សី​នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​និង​ក្រុមហ៊ុន Boeing​ផងដែរ​។​

ក្រុមហ៊ុន​ម៉ាឡេស៊ី​អ៊ែ​រឡាញ មិនទាន់​ហ៊ាន​អត្ថាធិប្បាយ​យ៉ាងណា ចំពោះ​ព័ត៌មាន​នេះ​នៅឡើយ​ទេ ព្រោះ​មិន​ទាន់​មាន​អ្វី​ជា​ផ្លូវ​ការណ៍​នៅ​ឡើយ​។ ចំណែក​ប្រភព​ផ្តល់​ព័ត៌មាន​នេះ សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ ពីព្រោះ​ការទិញ​-​លក់​យន្តហោះ​នេះ​ធ្វើឡើង​ជា​លក្ខណ​ឯកជន​។

កាលពី​ខែ​មិថុនា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​អ៊ែ​ឡាញ​បាន​និយាយថា ខ្លួន​កំពុង​ចរចា​តម្លៃ​យន្តហោះ ជាមួយ​ក្រុមហ៊ុន​ពីរ គឺ​ក្រុមហ៊ុន​Airbus​ដែល​មាន​ការរិយាល័យ​កណ្តាល​នៅ​បារាំង និង​Boeing​នៅ​អាមេរិក​។ យ៉ាងណា​ក្រុមហ៊ុន​ទាំង​ពីរ​បដិសេធ​និយាយ​ពី​បញ្ហា​នេះ​។ ដូច្នេះ​ប្រហែល​ម៉ាឡេស៊ី​ចរចា​ត្រូវរ៉ូវ​ជាមួយ​ក្រុម​ហ៊ុម​Boeing ហើយ​បោះបង់​ចោល​ក្រុមហ៊ុន​Airbus​។ យ៉ាងណា​បន្ទាប់ពី​មានការ​បង្ហើប​ដំណឹង​បញ្ជា​ទិញ​យន្តហោះ​ពី ក្រុមហ៊ុន​Boeing គេ​រង់ចាំ​អ៊ុត​លទ្ធផល​ជាក់ស្តែង ក្រោយ​ជំនួប​ពិភាក្សា​រវាង​លោក​ណា​ជីព​និង​ត្រាំ​សិន​។

​គួរ​ជម្រាបជូន​ដែរ​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​ម៉ាឡេស៊ី​ទៅកាន់​អាមេរិក​លើក​នេះ ក្រៅពី​ជជែក​ពី​បញ្ហា​ពាណិជ្ជកម្ម ក៏មាន​ផង​ដែរ​ការពិភាក្សា​ពី​បញ្ហា​សន្តិសុខ បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​បញ្ហា​ពង្រីក​ខ្លួន​របស់​ក្រុម​IS​នៅ​តំបន់​អាស៊ី ព្រមទាំង​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ នេះ​បើ​តាម​អ្នកនាំពាក្យ​សេត​វិមាន​អ្នកស្រី Sarah Sanders បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​៕

 


ព័ត៌មានផ្សេងទៀត