គម្រោង​បង្កើត​​សមាគម​​របស់​លោក​សម រង្ស៊ី ​ជា​ចេតនា​​ធ្វើ​វិទ្ធង្សនា​​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​?​

ដោយ៖ ខាត់ សុធី 12-09-2017 3:32 pm 4685

​លោក​សម រង្ស៊ី អតីត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពេល​នេះ​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯ​ក្រៅប្រទេស គេច​ពី​សំណាញ់​ច្បាប់​កម្ពុជា បាន​ប្រកាស​បង្កើត សមាគម​មួយ​ឈ្មោះថា​“​សមាគម ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​”​។​

​លោក​បញ្ជាក់ថា លោក​បង្កើត​សមាគម​នេះ ដោយសារតែ​លោក​លែង​ជា​សមាជិក​គណបក្ស​នយោបាយ​ណាមួយ​ហើយ និង​ឈប់​មាន​តួនាទី ឬ​មុខងារ​នយោបាយ​អ្វី​ទៀត​ដែរ​។ តែ​លោក​នៅតែ​មាន​បំណង​ចង់​ជួយ និង​ចង់​បម្រើ​ប្រទេស​កម្ពុជា​។ លោក​ថា​ពេល​នេះ កាតព្វកិច្ច​របស់​លោក​គឺ​យក​សេរីភាព និង​ឯករាជ្យភាព មកប្រើប្រាស់ ដើម្បី​បង្រួបបង្រួម​ជនជាតិ​ខ្មែរ​ទាំងអស់ ក្នុង​គោលបំណង សម្រេច​ឯកភាព​ជាតិ ដោយ​មាន​លទ្ធិប្រជាធិបតេយ្យ ជា​មូលដ្ឋាន​។​

​លោក​ថា​ឯកភាព​ជាតិ ជា​ការចាំបាច់ ប៉ុន្តែ​ដើម្បី​សម្រេច​គោលដៅ​ខាងលើនេះ ត្រូវ​ការគោរព​ចំពោះ​គោលការណ៍ ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ ១៩៩១​។ 

ប៉ុន្តែ​លោក​ផៃ ស៊ីផា​ន មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ប្រតិកម្ម​ថា បំណង​លោក​សម រង្ស៊ី​នេះ គឺជា​ការ​ធ្វើ​វិទ្ធង្សនា នៃ​ដំណើការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​តែប៉ុណ្ណោះ​។​លោក​ផៃ ស៊ីផា​ន​ប្រកាស​ជាមុន​ថា រដ្ឋាភិបាល​នឹង​មិន​អនុញ្ញាត្តឲ្យ​លោក​សម រង្ស៊ី បើក​ទីស្នាក់ការ​សមគម នៅ​កម្ពុជា​ជាដាច់ខាត​…..

​សំឡេង​លោក​ផៃ ស៊ីផា​ន​៖

​លោក​សម រង្ស៊ី បាន​អំពាវនាវ ឲ្យ​ជនជាតិ​ខ្មែរ​គ្រប់រូប គ្រប់​មជ្ឈដ្ឋាន គ្រប់​និន្នាការ​នយោបាយ នៅលើ​ទឹកដី​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​ក្រៅប្រទេស ចូលរួម​ក្នុង​សមាគម​នេះ ដែល​លោក​ថា មាន​គោលបំណង​តែមួយគត់ គឺ​បង្រួបបង្រួម​ជាតិ លើ​មូលដ្ឋាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​។ លោក​សម រង្ស៊ី​បញ្ជាក់​ថា សមាគម​លោក មិន​គាំទ្រ​គណបក្សនយោបាយ​ណាមួយ​ទេ ហើយក៏​មិន​ប្រឆាំង​គណបក្សនយោបាយ​ណាមួយ​ដែរ​។ លោក​ថា គ្រាន់​តែ​គាំទ្រ គោលការណ៍​ប្រជាធិបតេយ្យ ដែល​មាន​លក្ខណៈ​ជា​សកល ហើយ​លោក​នឹង​ខិតខំ ជំរុញ​ឲ្យមាន​ការគោរ​ព និង​អនុវត្ត គោលការណ៍​ទាំងនេះ យ៉ាង​ជាក់ស្តែង និង​ជា​ប្រចាំ​។​

​បើ​តាម​លោក​សម រង្ស៊ី សមាគម​នេះ នឹង​មាន​ទីស្នាក់ការ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ហើយ​ជន​បរទេស​ជា​មិត្ត​កម្ពុជា គ្រប់​សញ្ជាតិ អាច​ចូល​ធ្វើ​ជា​សមាជិក​បាន ដរាបណា​មិត្ត​បរទេស​ទាំងនោះ ចង់​បង្ហាញ​ពី​ការអាណិតអាសូរ ចំពោះ​ប្រជារាស្ត្រ​ខ្មែរ ហើយ​ចង់​គាំទ្រ​សកម្មភាព​របស់​លោក​ដោយ​សន្តិវិធី ដើម្បី​លើក​តម្កើង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត