«សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​»​ ត្រូវ​​ឧត្តម​ស្នង​ការ​​សហ​ប្រ​ជា​ជាតិ​​រាយការណ៍​​ប្រា​ប់​​UN​​យ៉ាង​ណា​ខ្លះ​​?​

ដោយ៖ សេង បារាំង 12-09-2017 1:39 pm 4500
កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សUN

​នៅក្នុង​សេចក្តី​ថ្លែង​បើក ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស បាន​ធ្វើ​បច្ចុប្បន្នភាព​អំពី​បញ្ហា​សិទ្ធិមនុស្ស នៅក្នុង​៤០​ប្រទេស ក្នុង​នោះ​សម្រាប់​ប្រទេស​កម្ពុជា ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​បង្ហាញ​កង្វល់​យ៉ាងខ្លាំង ចំពោះ​បញ្ហា​សិទ្ធិមនុស្ស ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា ចាប់ខ្លួន​មេដឹកនាំ​គណបក្សប្រឆាំង លោក​កឹម សុខា នា​ពេល​ថ្មីៗ​នេះ​។​

​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស បានចាត់ទុក​ការធ្វើ​បែប​នេះ ចំពោះ​ប្រធាន​គណបក្សប្រឆាំង ទំនងជា​ត្រូវបាន​អនុវត្ត​ដោយ​មិន​មាន​ការគោរព​ចំពោះ​ការធានា​តាម​នីតិវិធី​ត្រឹមត្រូវ ឬ​ការ​មិន​គោរព​ចំពោះ​អភ័យឯកសិទ្ធិ​សភា​រប​ស់លោក​កឹម សុខា ហើយ​លោក​កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​។ ជាមួយគ្នា​នោះ ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ក៏​មាន​កង្វល់​ផងដែរ ចំពោះ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ជាច្រើន ដោយ​លោកនាយក​រដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​មួយចំនួន អំពី​ពិរុទ្ធភាព​ដែល​អាច​កើតមាន​លើ​លោក​កឹម សុខា បំពាន​លើ​ការ​ស​ន្ម​ត់​ជា​មុន​ថា គ្មាន​ទោស និង​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ប្រកបដោយ​យុត្តិធម៌​។​

​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស ជំរុញ​ឲ្យ​រដ្ឋាភិបាល ធានា​ឱ្យបាន​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​ពេល​លេញ និង​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ មុន​នឹង​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំក្រោយ​នេះ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធានា ឯករាជ្យភាព​របស់​តុលាការ ធានា​ឲ្យមាន​ដំណើរការ​នីតិវិធី​ត្រឹ​ម​ត្រូវ រាប់​ទាំង​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ផងដែរ​។ នៅក្នុង​នោះ​ដែរ​រាល់​វិធានការ​រដ្ឋបាល​ទាំងអស់ និង​សូម​ឱ្យ​គោរព​សិទ្ធិ​សេរីភាព​បង្កើត​សមាគម និង​សេរីភាព​សម្តែង​មតិ​។​

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល បានចាត់ទុក​សេចក្តី​ថ្លែង​បើក ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN របស់​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស មិន​បាន​បង្ហាញ​ពី​អ្វី​ជាក់ស្ដែង​ដែល​កើតឡើង​នៅ​កម្ពុជា វា​ជា​របាយការណ៍​មួយ​ដែល​ធ្វើឱ្យ​មាន​ការយល់ច្រឡំ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​យ៉ាង​ក៏​ដោយ​រដ្ឋាភិបាល លោក​ថា កម្ពុជា​ក៏​មាន​តំណាង​រដ្ឋាភិបាល​កម្ពុជា ឆ្លើយតប​អំពី​បញ្ហា​ដែល​កើតឡើង​នៅ​កម្ពុជា​ផង​ដែរ​…………

​សំឡេង​៖

​លោក​ផៃ ស៊ីផា​ន បញ្ជាក់ថា ការព្រួយបារម្ភ ជា​ពាក្យ​ទន្ទិញ​ចាំរ​ត់មាត់​របស់​ឧត្តមស្នងការ​អង្គកា​រ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា គឺ​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​តែប៉ុណ្ណោះ ដូចជា​ការចាប់ខ្លួន​លោក​កឹម សុខា ការបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ជាដើម ហើយ​បញ្ហា​ទាំងនេះ ទុកឱ្យ​តុលាការ​ជា​អ្នកសម្រេច​៕

ព័ត៌មានផ្សេងទៀត